ភ្នំពេញៈ តារាចម្រៀង​ស្រី ដែល​និយម​បង្ហើរ​នូវ​សូរ​សំនៀង​បទ​ចម្រៀង​ជា​ភាសា​បរទេស និង​ទឹក​ដម​សម​សួន​ច្រើន​នឹង​បទ​ចម្រៀង​ចិន​អ្នក​នាង ស៊ិន ឧត្តម​ផល្លា សម្តែង​អារម្មណ៍​ហួស​ចិត្ត នឹក​ស្មាន​មិន​ដល់​ទៅ​នឹង​ដំណឹង​ដែល​អតីត​តារា​សម្តែង​ប្រុស​ជើង​ចាស់ កាល​ពី​ទសវត្សរ៍​ទី ៩០ លោក ច័ន្ទរិទ្ធ មេធានី បែរ​ជា​មាន​មុខ​របរ​រត់​រ៉ឺម៉ក​កង់ ៣ ដើម្បី​ចិញ្ចឹម​គ្រួសារ នាពេល​បច្ចុប្បន្ន​នេះ បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពី​មហាជន។

ថ្លែង​ដោយ​ក្តី​អាណិតអាសូរ​ផង និង​សម្តែង​ការហួសចិត្ត​ស្មាន​មិន​ដល់​ផង ចំពោះ​ស្ថានភាព​ប្រែប្រួល​ខុស​ពី​ក្តី​រំពឹង​របស់​អតីត​តារា​សម្តែង​ប្រុស​ស្រី​ស្របាលៗ​គ្នា​នឹង​តារា​ប្រុស​ស្រី​មួយ​ចំនួន ដូចជា​លោក ខៃ ប្រសិទ្ធ លោក សម តារា លោក ទេព រិន្ទដារ៉ូ អ្នក​នាង សុខ ស្រីមុំ និង​អ្នក​នាង អម្ពរ ទេវី ជាដើម​ផង​ដែរ។

តារាចម្រៀង​ស្រី​មាន​បន្ទុក​ចិញ្ចឹម​កូន ៣ នាក់​ខណៈ​ស្វាមី​បាន​ចែក​ឋាន​ចោល​អស់​ពេល​ប្រមាណ​ជិត ១០ ឆ្នាំ​ហើយ និង​បច្ចុប្បន្ន​នេះ ក្លាយជា​ថៅកែ​លក់​គ្រឿង​ស្បង់​ចីវរ និង​សម្ភារ​បុណ្យ​នានា ហើយ​ក៏​ទើប​តែ​ប្រកាស​វិល​ត្រឡប់​មក​រក​ទ្រនំ​សិល្បៈ​ចម្រៀង​វិញ ក្រោយ​ពី​បាន​បាត់​មុខ​ជាង ១២ ឆ្នាំ​មក​នោះ​បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង ដោយ​ទទូច​ចង់​ឲ្យ​បណ្តា​ផលិតកម្ម​ភាពយន្ត​នានា​ជួយ​ហៅ​លោក ច័ន្ទរិទ្ធ មេធានី ទៅ​ថតកុន​វិញ​តាម​ការគួរ​សម្រាប់​តួ​សម្តែង​តាម​វ័យ​នោះ​ថា៖ «តាម​ពិត​ទៅ បើ​ទោះ​ជា​គាត់​មាន​វ័យ​ចាស់​មែន តែ​ក៏​គាត់​អាច​សម្តែង​ជា​តួ​ឪពុក ឬ​ជា​តួ​សម្តែង​តា​របស់​គេ​បាន​ដែរ​តើ»។ ដូច្នេះ ក្នុងនាម​នាង​ខ្ញុំ​ជា​អ្នកសិល្បៈ​ម្នាក់​ដែរនោះ ក៏​សំណូមពរ​ចង់​ឲ្យ​ក្រុមហ៊ុន ឬ​ផលិតកម្ម​ភាពយន្ត​នានា​កុំ​ទាន់​បំភ្លេច​ចោល​ចំពោះ​តួ​សម្តែង​ដែល​មាន​វ័យ​ចាស់ៗ អី»។

អ្នកនាង ស៊ិន ឧត្តមផល្លា បន្តថា៖ «តាមពិតទៅ ខ្ញុំ​គ្រាន់តែ​បាន​ដឹងឮ​តាម​ការចុះ​ផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​មួយ​តែ​ប៉ុណ្ណោះ មិន​បាន​ជួប​គាត់​ផ្ទាល់​ទេ។ បើ​តាម​ដាន​មើល​ទៅ ឃើញ​ដំណឹង​ពី​គាត់​ចុះ​ផ្សាយ​តាម​សារ​ព័ត៌មាន​ក្នុង​ស្រុក ដែល​បែក​ធ្លាយ​ចេញ​ពី​ប្រភព​អ្នក​លេង​បណ្តាញ​សង្គម​នាពេល​ថ្មីៗ​នេះ​មក»។

ពាក់ព័ន្ធ​នឹង​រឿង​លេច​វត្តមាន​តារា​សម្តែង​ជើងចាស់ គឺ​លោក ច័ន្ទ​រិ​ទ្ធ មេធា​នី ដែល​បាត់​មុខ​យូរ តែ​បែរ​ជា​មក​ប្រកប​មុខ​របរ​រត់​រ៉ឺម៉ក កង់ ៣ ត្រូវ​បាន​គណនី​ហ្វេសប៊ុក​ឈ្មោះ «ស្រី​ពៅ តាត» បាន​បង្ហោះ​រូប និង​សារ​បរិយាយ​ពី​លោ​កថា «តារា​ភាពយន្ត​ជើង​ចាស់ ដ៏​ល្បីល្បាញ គឺ​លោក ច័ន្ទរិទ្ធ មេធានី ធ្លាក់​ខ្លួន​ជា​អ្នក​រត់​ម៉ូតូ​កង់ ៣ ចិញ្ចឹម​គ្រួសារ ស្រប​ពេល​ដែល​មហាជន​ភាគ​ច្រើន ដែល​ស្គាល់​លោក​បាន​គិតថា ប្រហែល​តារា​សម្តែង​ប្រុស​រូប​នេះ​បាន​ទៅ​រស់​សោយ​សុខ​នៅ​ឯ​ក្រៅ​ប្រទេស​បាត់​ទៅ​ហើយ។

ហើយ​លោក ច័ន្ទ​រិ​ទ្ធ មេធា​នី បាន​រៀបរាប់ថា លោក​មាន​ស្រុក​កំណើត នៅ​សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ មាន​ឪពុក​ឈ្មោះ ច័ន្ទ សំ និង​ម្តាយ​ឈ្មោះ ចិន សុំ។ លោក​មាន​បង​ប្អូន​បង្កើត​ដល់​ទៅ ៩ នាក់ ឯណោះ ប៉ុន្តែ​បាន​ស្លាប់​នៅ​ក្នុង​របប​ប៉ុលពត​ជិត​អស់ គឺ​នៅ​រស់​តែ​រូប​លោក​ម្នាក់ និង​ប្អូន​ប្រុស​ម្នាក់​ទៀត​តែ​ប៉ុណ្ណោះ»៕