ភ្នំពេញ៖ ក្រោយ​ពី​​បាន​រៀបការ​នឹង​ស្វាមី​ទី២ ជា​ជនជាតិ​អូស្ត្រាលី​លោក Seraj Sutton មក​មហាជន​សង្កេត​ឃើញ​ថា ពិធី​ការិនី​ល្បី​ប្រចាំ​ទូរទស្សន៍ My TV និង ​CTN អ្នកនាង ខៀវ សានសាណា កាន់​តែ​មាន​ភាព​ហ៊ឺហា និង​មាន​ទ្រព្យធន​ក៏​ច្រើន ដូចជា ករណី​ថ្មីៗ​នេះ ស្រាប់​តែ​ឃើញ​អ្នកនាង ខៀវ សានសាណា ផូស្ត​រូប​រថយន្ត​ទំនើប​ម៉ាក Roll-Rolyce ទើប​តែ​ទិញ។

កន្លង​មក​ថ្មីៗ​នេះ មជ្ឈដ្ឋាន​មហាជន​សង្កេត​ឃើញ​ថា​ តារា​ប្រុស​ស្រី​ល្បីៗ​របស់​ខ្មែរ បាន​បង្ហាញ​ភាព​ជោគជ័យ​របស់​ខ្លួន ដោយ​ការ​រស់នៅ​ក្នុង​ជីវិត​កា​លីប ប្រើប្រាស់​របស់​របរ​ប្រ៊េន​ថ្លៃៗ ជិះ​សុទ្ធ​តែ​រថយន្ត​ទំនើបៗ តម្លៃ​រាប់​ម៉ឺន​ដុល្លារ តួ​យ៉ាង​មាន​តារា​ចម្រៀង​លោក ងួន ចាន់ដេវីត និង​លោក ខេមរៈ សិរីមន្ត ជាដើម កំពុង​ប្រើប្រាស់​រថយន្ត​ទំនើប​តម្លៃ​ខ្ទង់​កន្លះ​លាន​ដុល្លារ ម៉ាក Roll-Royce ជិះ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។

អ្វី​ដែល​ធ្វើ​ឱ្យ​មហាជន​ស្ញប់ស្ញែង​ចំពោះ​ជីវិត​រស់​នៅ​សុខ​ស្រួល​សម្បូរ​សប្បាយ​ជាមួយ​រថយន្ត​ទំនើប​នេះ​យ៉ាង​ខ្លាំង ស្រាប់​តែ​ថ្មីៗ​នេះ​ពិធី​ការិនី​អ្នកនាង ខៀវ សានសាណា ធ្វើ​ឱ្យ​មហាជន​ភ្ញាក់​ផ្អើល​ខ្លាំង បន្ទាប់​ពី​អ្នក​នាង​បង្ហាញ​រថយន្ត​ទំនើប​ម៉ាក Roll-Royce ដ៏​ថ្មី​សន្លាង ១ គ្រឿង​បង្ហោះ​ក្នុង Story នៃ​ហ្វេសប៊ុក​របស់​ខ្លួន។ កាន់​តែ​ច្បាស់​នោះ គឺ​ការ​បង្ហាញ​រថយន្ត​ស៊េរី​ទំនើប​ខ្លួន​ដោយ​មាន​ដាក់​ស្លាក​លេខ​ពិសេស ​គឺ​មាន​ដាក់​ឈ្មោះ​ថា​ «កម្ពុជា K.SAN.01» ទៀត​ផង ដែល​ធ្វើ​ឱ្យ​មហាជន​យល់​ថា រថយន្ត​នេះ ពិធីការិនី​ទើប​តែ​ទិញ​ក្ដៅៗ​តែម្តង។

ពិធីការិនី​ល្បី​ប្រចាំ​ទូរទស្សន៍ My TV និង CTN អ្នកនាង ​ខៀវ សានសាណា ដែល​បាន​ដឹក​ដៃ​ស្វាមី​ជា​ជនជាតិ​អូស្ត្រាលី​លោក Seraj Sutton ទិញ​ខុន​ដូ ១ កន្លែង​ជាន់​ទី១៨ នៅ​ក្នុង​អ័រគីដេ​ឌឺរ៉ូយ៉ាល់ខុនដូមីនីម ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ដង​ផ្លូវ​ម៉ៃដា ឬ​ផ្លូវ​លេខ ២០០៤ ហើយ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​តាម​អ៊ីនស្តាក្រាម ដល់​មហាជន​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ ២០១៧ ក៏​ប្រាប់​ពី​មូលហេតុ​ពន្យារពេល​ត្រៀម​ខ្លួន​ពពោះ​សម្រាប់​ស្វាមី​ទី២ ក្រោយ​ពី​មាន​លេចឮ​ដំណឹង​នោះ។

ពិធីការិនី​អ្នកនាង ខៀវ សានសាណា ក៏​បង្ហើប​ឱ្យ​ដឹង​ពី​ក្តី​ប្រាថ្នា​របស់​ស្វាមី​ចង់​បាន​កូន​ដែរ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ថា តាម​ពិត​ទៅ​ស្វាមី​ខ្ញុំ​គាត់​ក៏​ចង់​បាន​កូន​ឆាប់ៗ​ផង​ដែរ ហើយ​ជា​ពិសេស​នោះ នៅ​ពេល​គាត់ ឮ​ដំណឹង​ថា កូន​ប្រុស​ច្បង​ប្រពន្ធ​មុន​របស់​គាត់​កំពុង​តែ​មាន​ដំណឹង​ល្អ​បាន​កូន ហើយ​គាត់​ក៏​នឹង​ក្លាយ​ជា​ជីតា​របស់​គេ គាត់​បាន​សួរ​នាំ​ខ្ញុំ​រឿង​មាន​កូន​នេះ​ភ្លាមៗ​ផង​ដែរ តែ​ក្រោយ​មក​នាង​ខ្ញុំ​ក៏​សុំ​ចិត្ត​ទៅ​គាត់ និង​បង្វែរ​ស្ថានការណ៍​ថា ឥឡូវ​នេះ បង​មាន​ចៅ​ហើយ​ក៏​កុំ​ទាន់​អាល​មាន​កូន​អី៕