ភ្នំពេញៈ អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ​ហើយ ដែល​ពិធី​ការិនី​ទូរទស្សន៍​មាន​រូប​សម្រស់​ស្រស់​ស្អាត រាង​ស្ល៊ីម លី ច័ន្ទដាលីស ហៅ អេនជី បាន​ឡើង​យន្តហោះ​ទៅ​រួម​រស់​នៅ​ដី​សម្បូរ​ដុំ​ដុល្លារ​អាមេរិក​ជាមួយ​ស្វាមី​កាល​ចុង​ឆ្នាំ ២០១៧ ក៏​ស្រាប់​តែ​លេច​មុខ​អ្នក​នាង អេនជី នៅ​ស្រុក​ខ្មែរ​សា​ជាថ្មី​​​ក្នុង​ព្រឹត្តិការណ៍​ការ​ធ្វើ​អធិដ្ឋាន​ដល់​ប្រទេស​ជប៉ុន ដែល​កំពុង​តែ​រង​គ្រោះ​ទឹក​ជំនន់​ដ៏​ធំ​ពុំ​ធ្លាប់​មាន កាល​ពី​ចុង​សប្តាហ៍​កន្លង​មក គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

អេ​ន​ជី អតីត​គឺជា Freshie Girl លេខ ៤ ប្រចាំឆ្នាំ ២០០៥ ឈ្មោះ​ពិត លី ច័ន្ទ​ដា​លី​ស ខណៈ​ដែល​មហាជន​ស្គាល់​ខ្លាំង កាល​ពី​នាង​ធ្វើជា​ពិធី​ការិនី​នៅ​ក្នុង​កម្មវិធី «តន្ត្រី​ខារ៉ាបាវ» និង «The Star Variety Show» នៅ​ប៉ុស្តិ៍​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នោះ បាន​បង្ហាញ​វត្តមាន​នា​ពេល​ថ្មីៗ​នៅ​ក្នុង​កម្មវិធី​សប្បុរស​ធម៌​មួយ​ឈ្មោះ​ថា «Pray for Japan» ជាមួយ​មិត្ត​សិល្បករ-ការិនី ៣ រូប​ទៀត​គឺមាន​លោក ប៉ែន ចំរ៉ុង លោក យ៉ែម សំអូន និង​ពិធី​ការិនី​រូប​ស្រស់​កញ្ញា ពេជ្រ សូលីកា ហៅ​កញ្ញា ជីជី ផង​ដែរ។

មួយ​រំពេច​ក៏មាន​មន្ទិលសង្ស័យ​លើកឡើងថា៖ «ហេតុអ្វី​បានជា​អ្នកនាង អេ​ន​ជី បានបង្ហាញ​វត្ត​មាន​នៅ​ស្រុក​ខ្មែរ​វិញ​បែប​នេះ ខណៈ​ការ​ចាក​ចេញ​ទៅ​អាមេរិក​តាម​ស្វាមី ទើប​តែ​បាន​ពេល​ជាង​កន្លះ​ឆ្នាំ​សោះ ឬក៏​នាង​វិល​មក​រក​ឆ្នាំង​បាយ​ចាស់​សិល្បៈ​វិញ​នៅ​ឯ​ស្រុក​កំណើត​ឬ?»។

ពិធី​ការិនី​សម្តី​ផ្អែមស្រាល​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ និង​ភី​អិនអិន អ្នកនាង អេ​ន​ជី ដែល​បាន​បញ្ចប់​ភាព​នៅ​លីវ​តាំង​ពី​ឆ្នាំ ២០១៣ បាន​ក្រាប​ផ្ទឹម​ចូល​រោងការ​ពេញ​ច្បាប់ ជាមួយ​ស្វាមី​ជា​អាណិកជន​ខ្មែរ​អាមេរិក​ឈ្មោះ​ភីធើរ សុធា​រ៉ាហេង នោះ​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ខណៈ​ពេល​ចូលរួម​កម្មវិធី​ខាង​លើ​ថា៖ «ចាស!​បង​តាម​ពិត​ទៅ វត្តមាន​នាង​ខ្ញុំ​មក​ស្រុក​ខ្មែរ​នេះ មិន​មែន​ជា​ការ​វិល​មក​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​អ្វី​នោះ​ទេ គឺ​គ្រាន់​តែ​ជា​ការ​មក​លេង​ស្រុក​ខ្មែរ​ចំនួន ២ ខែ​តែ​ប៉ុណ្ណោះ ខណៈ​នៅ​ខែ​ក្រោយ​នេះ នឹង​ត្រឡប់​ទៅ​អាមេរិក​វិញ​ហើយ»។

អ្នកនាង អេ​ន​ជី ក៏​បញ្ជាក់​ពី​វត្តមាន​នៅក្នុង​កម្មវិធី «Pray for Japan» នៅ​ទីលាន​ស្តាត​ចាស់​នោះ​ថា៖ «ពេល​មក​ដល់​ស្រុក​ខ្មែរ ក៏​មាន​ការ​សាក​សួរ​ពី​លោក តាំង គីម​សួរ និង​លោក ប៉ែន ចំ​រ៉ុង ថា ខាង​អ្នក​រៀបចំ​កម្មវិធី​ចង់​អញ្ជើញ​នាង​ខ្ញុំ​ឲ្យ​ចូលរួម​នៅ​ក្នុង​វិធី​នេះ ហើយ​ដោយ​សួរ​នាំ​ទៅ​ជា​កម្មវិធី​សប្បុរស​ធម៌​ផង​នោះ​នាង​ខ្ញុំ​ក៏​សម្រេច​ចិត្ត ទទួល​ការ​ហៅ​នេះ​ទៅ»។

ចំពោះ​ដំណឹង​ចាក​ចេញទៅ​រស់នៅ​អាមេរិក​ជាមួយ​ស្វាមី ត្រូវបាន​គេ​ដឹង​ដោយ​ការ​ផូ​ស្ត​ចេញពី​គណនី​ហ្វេស​ប៊ុក​របស់​ប្រធាន​សមាគម​អ្នក​សិល្បៈ​គឺ​អ្នក​នាង ចន ច័ន្ទ​លក្ខិណា សរសេរ​បែប​អាឡោះ​អាល័យ​នឹង​ពិធី​ការិនី​រូប​ស្រស់ អេនជី ថា៖ «ជួប​គ្នា​ថ្ងៃ​ចុង​ក្រោយ មុន​បែក​គ្នា ឆ្លៀត​មក​ផាត់​មុខ​ធ្វើ​សក់​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍​ទៀត! ដឹង​អត់​ថា ធ្វើ​អ៊ីចឹង​គឺ ធ្វើ​ឲ្យ​ថៅកែ និង​បុគ្គលិក Chorn Chan Salon ស្រណោះ​គ្រប់​គ្នា នឹក​ណាស់​អូន។ បង​សូម​ជូនពរ​ឲ្យ​ការ​កសាង​អនាគត​ថ្មី​នៅ​លើ​ទឹកដី​ថ្មី សូម​ឲ្យ​អូន​មាន​សេចក្តី​សុខ​សុភមង្គល និង​ជោគជ័យ​រហូត។ Love u forever sis Ng Dalis»។

អេ​ន​ជី ក៏​ប្រាប់ថា៖ «ចាស!ខ្ញុំ​ត្រូវ​ឡើង​យន្តហោះ​ពី​ស្រុក​ខ្មែរ​ចុងខែ​ធ្នូ ២០១៧ ហើយ​ទៅ​រស់​នៅ​ជាមួយ​សា្វមី​ឯ​ក្រុង​បូស្តុន រដ្ឋ​ម៉ាសា​ឈូសេត នៃ​សហរដ្ឋអាមេរិក»៕