ក្រុងខេបថោន: អ្នកជំនួញ​កំពូល​ដែល​ជា​ស្ដ្រី​អាហ្វ្រិក​ស្បែក​ខ្មៅ​ដំបូង​ឡើង​ភ្នំ​អេវើរ៉េស បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ដោយ​ដឹង​ថា​ការឡើង​ភ្នំ​នេះ​អាច​ធ្វើឲ្យ​ខ្លួន​ចូល​ក្នុង​កំណត់ត្រា ជួយ​ផ្ដល់​កម្លាំង​ចិត្ដ​ឲ្យ​អ្នកស្រី​ឡើង​ដល់​កំពូលភ្នំ​។

អ្នក​ឡើង​ភ្នំ​សញ្ជាតិ​អាហ្វ្រិក​ខាងត្បូង សារ៉េ ឃូម៉ាឡូ អាយុ ៤៧ ​ឆ្នាំ​បាន​ឡើង​ដល់​កំពូលភ្នំ​អេវើរ៉េស​កម្ពស់ ៨៨៤៨ ​ម៉ែត្រ​កាលពី​សប្ដាហ៍​មុន ក្រោយពី​បរាជ័យ ៣ ​ដង​ក្នុង​ការប៉ុនប៉ង​ឡើង​ភ្នំ​ខ្ពស់​បំផុត​នេះ​។

អ្នកស្រី​បាន​និយាយ​ថា​៖ «​ខ្ញុំ​បាន​ដឹង​រួច​រៀបចំ​ផែនការ​ដែល​វា​ពិតជា​ពិបាក​នឹង​សម្រេច​ជោគជ័យ តែ​ខ្ញុំ​ត្រូវតែ​ធ្វើ​វា​ឲ្យ​បាន​។ ខ្ញុំ​គិតថា វា​ជា​មូលហេតុ​មួយ​ដែល​ជំរុញ​ចិត្ដ​ខ្ញុំ បើ​ទោះ​ជា​ខ្ញុំ​បាន​ជួប​នូវ​បរាជ័យ​ច្រើនលើក​ច្រើនសា​ក៏ដោយ​»​។

អ្នកស្រី ឃូម៉ាឡូ បាន​សិក្សា​ស្រាវជ្រាវ​ស្វែងរក​ភ្នំ​ខ្ពស់ៗ​បំផុត​ក្នុង​ពិភពលោក​។ អ្នកស្រី​បាន​ផ្ដល់​បទសម្ភាស​ដំបូង​តាំងពី​ពេល​ឡើង​ភ្នំ​ថា​៖ «​ការសម្រេច​ជោគជ័យ​លើ​ភ្នំ​អេវើរ៉េស ឬ​កំពូលភ្នំ​ខ្ពស់ៗ​ដទៃ​គួរតែ​គ្មាន​អ្វី​ប្លែក​នោះ​ទេ ពីព្រោះ​មាន​មនុស្ស​ជាច្រើន​អាច​ធ្វើ​បាន​។ ចុះ​តើ​ហេតុអ្វី​យើង​មិន​អាច​?»​។

ទិដ្ឋភាព​អ្នក​ឡើង​ភ្នំ​តម្រង់​ជួរ​នៅលើ​កំពូលភ្នំ​អេវើរ៉េស​។ រូបថត AFP

អ្នកស្រី​បន្ដ​ថា​៖ «​មិន​បញ្ហា​ទេ ដែល​យើង​ត្រូវ​មកពី​ប្រភព​ណា ឬ​គេ​មើល​មក​យើង​យ៉ាងម៉េច ចូរ​បន្ដ​ធ្វើ​កិច្ចការ​តាម​បំណង​ទៀត ពីព្រោះ​កំពូលភ្នំ​នៅ​ខាង​លើ​នេះ​ឯង​។ វា​នៅ​សេសសល់​តែ​ប៉ុន្មាន​ជំហាន​ទៀត​ប៉ុណ្ណោះ​»​។

អ្នកស្រី ឃូម៉ាឡូ បាន​លើក​ឡើង​ថា​អ្នកស្រី​បាន​ពិភាក្សា​ជាមួយ​កូនប្រុស ២ ​នាក់​អាយុ ១៦ ​ឆ្នាំ និង ២១ ​ឆ្នាំ​អំពី​កត្ដា​គ្រោះថ្នាក់​នានា​។ អ្នកស្រី​បាន​ឲ្យ​ដឹងថា​៖ «​ពួកគេ​បាន​ដឹង​ថា ខ្ញុំ​នឹង​មិន​ហ៊ាន​ប្រថុយ​គ្រោះថ្នាក់​ដោយ​គ្មាន​ហេតុផល​ឡើយ​។ ខ្ញុំ​ខំ​ចំណាយពេល​ចុះ​ក្រោម​វិញ​យ៉ាងយូរ​។ យើង​មិន​យក​ទូរស័ព្ទ​ឡើង​ភ្នំ​តាម​ខ្លួន​ទេ​។ ដូច្នេះ​ខ្ញុំ​គ្រាន់តែ​និយាយ​ប្រាប់​ពួកគេ​ពេល​ខ្ញុំ​មក​ដល់​ជើងភ្នំ តែ​ពួកគេ​រីករាយ​ណាស់​»​។

អ្នកស្រី​បាន​រៃអង្គាស​ប្រាក់​ចំពោះ​ដំណើរ​ចាយលុយ​ខ្លួនឯង​នេះ​ដើម្បី​ជួយ​ដល់​បណ្ណាល័យ និង​សកម្មភាព​អប់រំ​របស់​កុមារ​នៅ​អាហ្វ្រិក​។

ក្នុង​ឆ្នាំ​ ២០០៣ ឆ្មាំ​ឧទ្យាន​អាហ្វ្រិក​ខាង​ត្បូង Sibusiso Vilane បាន​ក្លាយ​ជា​ជន​ស្បែក​ខ្មៅ​ដំបូង​ដែល​ឡើង​ភ្នំ​អេវើរ៉េស​៕ HR