ក្រុង​ម៉ាស្កាត: ឆ្កែ​ឆ្មា​រាប់​​រយ​ក្បាល​ប្រជែង​ឲ្យ​រញ៉ីដណ្ដើម​ចំណាប់​អារម្មណ៍ ម៉ារីយ៉ាម អាល់​ បាលូស៊ី ខណៈ​អ្នកស្រី​មក​ប្រឡែង​លេង​​ជាមួយ​ពួក​វា​នៅ​លើ​គ្រែ​ដេក​ក្នុង​ទីក្រុង​ម៉ាស្កាត នៃ​ប្រទេស​អូម៉ង់​។

ទោះ​មាន​ការ​រអ៊ូរទាំ​ពី​អ្នក​ជិត​ខាង​ និង​ការ​ចំណាយ​ខ្ពស់​យ៉ាង​ណា​ក៏ដោយ ក៏​ស្ដ្រី​រូប​នេះ​នៅតែ​ចិញ្ចឹម​បីបាច់​សត្វ​ឆ្មា ៤៨០ ​ក្បាល និង​ឆ្កែ ១២​ ក្បាល ដោយ​ចាត់​ទុក​សត្វ​ចិញ្ចឹត​ទាំង​នេះ​ជា​គ្រឿង​លើក​ទឹក​ចិត្ដ​ និង​ជា​គូ​កន​ដ៏​ល្អ​ជាង​មនុស្ស​ទៅ​ទៀត​។

អ្នកស្រី ម៉ារីយ៉ាម បាន​និយាយ​ពេល​ឆ្មា​នាំ​គ្នា​ហក់​លោត​ឡើង​ចុះ​លើ​ភ្លៅ​ថា​៖ «​ខ្ញុំ​យល់​ឃើញ​ថា សត្វ​ទាំងនេះ ជាពិសេស ឆ្មា​ និង​ឆ្កែ គួរ​ទុក​ចិត្ដ​ជាង​មនុស្ស​»។

ជា​កូន​កំព្រា​ទាំង​ពី​កុមារភាព អ្នកស្រីបាន​ចិញ្ចឹម​សត្វ​ទាំង​នេះ​ជាង​មួយ​ទសវត្សរ៍ ដោយ​បាន​ហៅ​ពួកវា​ថា ជា​សម្លាញ់​រោម​ល្មើយ ដែល​សត្វ​ជា​ច្រើន​ត្រូវបាន​សង្គ្រោះ​ពី​ជីវិត​អនាថា​តាម​ចិញ្ចើម​ផ្លូវ​។

បណ្ដាញ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​បាន​រាយ​ការណ៍​ថា អូម៉ង់ សម្បូរ​ទៅដោយ​សត្វ​អនាថា និង​ត្រូវបាន​ម្ចាស់​បោះ​បង់​ចោល​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ទោះ​ជា​មាន​ការ​ដាក់​ទោស​លើ​ការ​បវរ​បោះ​សត្វ​ដោយ​ត្រូវ​ពិន័យ​ប្រាក់​ ២៥​ដុល្លារ​យ៉ាង​ណា​ក៏ដោយ​។

ក្រុម​សកម្មជន​សិទ្ធិ​សត្វ​បាន​បង្កើត​កម្មវិធី «​ទាក់ ក្រៀវ​ និង​ព្រលែង​» ដើម្បី​កាត់​បន្ថយ​ចំនួន​សត្វ​អនាថា​។ អ្នកស្រី ម៉ារីយ៉ាម បាន​ចំណាយ​ប្រាក់​ ៧៨០០​ដុល្លារ​ក្នុង​មួយ​ខែ​ដើម្បី​ថែទាំ​សត្វ​ទាំង​នោះ ដែល​សត្វ ១៧ ក្បាល ​ខ្វាក់​ភ្នែក មាន​ភារកិច្ច​ផ្ដល់​ចំណី និង​ងូត​ទឹក​សម្អាត​ពួកវា​ ព្រមទាំង​នាំ​ពួក​វា​ទៅ​ជួប​ពេទ្យ​ថែម​ទៀត​។

ផ្ទះ​របស់​អ្នកស្រី​ពេលនេះ​ពោរ​ពេញ​ទៅ​ដោយ​ទ្រុង​សត្វ​ ដោយ​អ្នកស្រី​ ម៉ារីយ៉ាម បាន​អនុញ្ញាត​ឲ្យ​ពួកវា​ធ្វើ​ការ​ហាត់​ប្រាណ​ និង​រត់​លេង​ដោយ​សេរី​។

អ្នកស្រី ម៉ារីយ៉ាម វ័យ ៥១ ​ឆ្នាំ ជា​និវត្ដជន​មន្ដ្រី​រាជការ បាន​និយាយ​ទាំង​ពាក់​ម៉ាស​ពណ៌​ផ្កា​ឈូក​ថា​៖ «​វា​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​ ២០០៨ ពេល​កូន​ប្រុស​របស់​ខ្ញុំ​បាន​នាំ​យក​ឆ្មា​រោម​វែង​តូច​មួយ​។ មិន​ខុស​ពី​អ្នក​ម្ដាយ​ទូទៅ ខ្ញុំ​បដិសេធ​ថែទាំ​សត្វ​នេះ ដោយ​សារ​ខ្ញុំ​អត់​ចូល​ចិត្ដ​សត្វ​ ហើយ​កូ​នប្រុស​មិន​សូវ​ខ្វល់​ខ្វាយ​ពី​ការ​សម្អាត​អនាម័យ​»។

ប៉ុន្ដែ​ ២ ​ឆ្នាំ​ក្រោយ​មក អ្នកស្រី ម៉ារីយ៉ាម បាន​ចិញ្ចឹម​ឆ្មា​មួយ​ក្បាល​ទៀត​ ហើយ​ទស្សនៈ​ចំពោះ​សត្វ​ចិញ្ចឹម​ក៏​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​។

អ្នកស្រីបាន​បន្ដថា​៖ «​ខ្ញុំ​កាន់តែ​ជាប់​ចិត្ដ​ស្រឡាញ់​ពួកវា​។ ខ្ញុំ​បីបាច់​ពួកវា​សត្វគ្រប់​ រួមទាំង​ការ​ផ្ដល់​ចំណី ងូត​ទឹក​ និង​ចំណាយ​ពេល​វេលា​ជាមួយ​ពួកវា​»។

ពាក្យ​សម្ដី​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ទៀត​អំពី​សេចក្ដី​ស្រឡាញ់​របស់​អ្នកស្រី​ចំពោះ​សត្វ​ បាន​ធ្វើ​ឲ្យ​ជន​បទេស​ដែល​ចាក​ចេញ​ពី​ប្រទេស​នាំ​គ្នា​យក​សត្វ​ចិញ្ចឹម​របស់​ខ្លួន​មក​ផ្ញើ​អ្នកស្រី ខណៈ​អង្គការ​ជម្រក​សត្វ​បាន​ជួយ​ឧត្ថម្ភ​ដល់​អ្នកស្រី​។

ក្រោយ​ពី​ទិញ​ផ្ទះ​ក្នុង​ឆ្នាំ​ ២០១៤ បន្ទាប់​មាន​ការ​តវ៉ា​ពី​ការ​ប្រមែប្រមូលសត្វ​កាន់តែ​ច្រើន អ្នកស្រី​អាច​ទទួល​យក​សត្វ​បាន​ច្រើន​បន្ថែម​ទៀត​។ អ្នកស្រី ម៉ារីយ៉ាម ចង់​ចិញ្ចឹម​សត្វ​តាម​អ្នក​ជិត​ខាង​ម្នាក់ ដែល​ធ្លាប់​ផ្ដល់​ចំណី​សត្វ​អនាថា​ដោយ​ប្រើ​កាក​សំណល់​ផ្ទះ​បាយ​។

អ្នកស្រី​និយាយ​ថា ការ​ចិញ្ចឹម​សត្វ​ឆ្កែ និង​ឆ្មា​ជា​ច្រើន​រយ​ក្បាល​បាន​ជួយ​ឲ្យ​អ្នកស្រី​រំសាយ​ស្ដ្រេស ព្រមទាំង​បង្កើន​ចំនួន​អ្នក​គាំទ្រ​នៅ​លើ​បណ្ដាញ​សង្គម​អ៊ីនស្ដាក្រាម​។

អ្នកស្រីបាន​ប្រាប់ AFP ថា​៖ «​ខ្ញុំ​ស្ថិត​ក្នុង​ភាព​ងងឹត​ ហើយ​ពួកវា​គឺជា​សន្ទូច​ស្ទូច​ខ្ញុំ​ចេញ​មក​កាន់​ទី​ភ្លឺ​»៕ AFP/HR