ភ្នំពេញ៖ ខុស​​ប្លែក​ស្រឡះ​ពី​ការ​ហាត់ប្រាណ​ទូទៅ​តាម​សួនច្បារ កីឡដ្ឋាន និង​ក្រោម​ស្ពាន វិធី​ថ្មី​សន្លាង​នាំ​យក​មក​កាន់​ប្រទេស​កម្ពុជា ​ដោយ​​​អ្នក​គ្រូ​ជនជាតិ​បារាំង​ ម៉ារីឡ​ ឌូ្រហ្វិន​ (Marylaure Dufrenne) គឺ​ការ​ហាត់​​​សម្រួល​កាយ​អារម្មណ៍​​ឱ្យ​ស្រស់​ថ្លា​​ ដោយ​រៀបចំ​ចាន​ដាក់​ជុំវិញ​ខ្លួន​ ឬ​នៅ​លើ​ខ្លួន​ដោយ​ប្រើ​ការ​គោះ​ចាន​លោហៈ​ ដើម្បី​ទាញ​ភាព​រំញ័រ​នៃ​រាងកាយ​ឱ្យ​មាន​ស្ថិរភាព​ បន្ធូរ​​ដល់​ការ​គិត​ និង​រាងកាយ​។

វិធី​លំហាត់​កាយ​អារម្មណ៍ និង​ព្យាបាល​​ដោយ​សំឡេង (Sound Healing) នេះ​ត្រូវ​បាន​សិក្សា​ឃើញ​ថា ​វា​ជំនួយ​ដល់​សុខភាព​ផ្លូវ​ចិត្ត​ជាពិសេស​តែ​ម្ដង​។

អ្នកស្រី ម៉ារីឡ​ ឌូហ្វិន​ បាន​រៀបរាប់​ពី​ចំណុច​ផ្ដើម​ដែល​ធ្វើ​ឱ្យ​អ្នកស្រី​បាន​ស្គាល់​ និង​ចាប់​ផ្ដើម​ការ​ព្យាបាល​ដោយ​​សំឡេង​មក​កាន់ ​ភ្នំពេញ ប៉ុស្តិ៍​ ថា​៖ «រយៈពេល ​៨ ​ឆ្នាំ ​ខ្ញុំ​ធ្វើ​ការ​ជា​ប្រធាន​ផ្នែក​លក់​នៅ​ក្រុមហ៊ុន​ធំ​មួយ​របស់​អាមេរិក។

ខ្ញុំ​ធ្វើ​ការ​នៅ​ក្នុង​ការ​រង​សម្ពាធ​ ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ការ​ស្ត្រេស​យ៉ាង​ខ្លាំង​។ ថ្ងៃ ១ ខ្ញុំ​គិត​ថា ខ្ញុំ​មិន​អាច​ទ្រាំទ្រ​​​​ទៀត​ទេ​ ខ្ញុំ​ក៏​ឈប់​ពី​ការងារ​ និង​ផ្លាស់​មក​រស់នៅ​លើ​ទឹកដី​ឥណ្ឌា​»។

អ្នកស្រី​​បន្ត​ទៀត​ថា៖ «ខ្ញុំ​បាន​ស្គាល់​ការ​ព្យាបាល​សំឡេង​នៅ​ព្រះវិហារ​ឥណ្ឌា​។ ខ្ញុំ​ចាំ​បាន​ថា​ លើក​ដំបូង​ដែល​បាន​ឮ​សំឡេង​គោះ​ចាន​ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ឥទ្ធិពល​​នៃ​សំឡេង​ និង​ភាពញ័រ​របស់​វា​។ ខ្ញុំ​ដល់​ថ្នាក់​យំ​ព្រោះ​តែ​ទទួល​បាន​ភាព​ធូរ​ស្រាល​ និង​ឥទ្ធិពល​ពី​ការ​ព្យាបាល​ពី​​សំឡេង​នោះ​»។

សំឡេង​រំញ័រ​មានការពាក់ព័ន្ធ​ទៅ​នឹង​​ដំណើរការ​រាងកាយរបស់មនុស្ស។ ហុង មិនា

កាល​ពី​ឆ្នាំ​ទៅ​ ២០២០​ ខែ​មករា​ អ្នកស្រី ម៉ារីឡ​ បាន​ផ្លាស់​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​អ្នក​ស្រី​មាន​គ្រួសារ​ទី​នេះ​ ហើយ​អ្នកស្រី​ក៏​បាន​ផ្ដើម​ធ្វើ​ជា​គ្រូបង្វឹក​យោគៈ​ និង​ការ​ព្យាបាល​ដោយ​សំឡេង​។

អ្នកស្រី​ក៏​បាន​ពន្យល់​បន្ថែម​ទៅ​លើ​ការ​ហាត់យោគៈ ​និង​ការ​ព្យាបាល​ដោយ​​សំឡេង​ថា ​ការ​ព្យាបាល​ដោយ​សំឡេង ​គឺ​ជា​ការ​បំពេញ​បន្ថែម​យោគៈ ​ប៉ុន្តែ​វា​មាន​ការ​អនុវត្ត​ខុស​គ្នា​។

យោគៈ​មាន​លក្ខណៈ​ស្វាហាប់​ ហើយ​​​ពាក់ព័ន្ធ​នឹង​ចលនា​រាងកាយ​។

រីឯ​ការ​ព្យាបាល​ដោយ​សំឡេង ​គឺ​ជា​ការ​អនុវត្ត​អកម្ម​ផ្តោត​លើ​ការ​សម្រាក​លម្ហែ​នៃ​ខួរ​ក្បាល​។ វា​អាច​​ហាត់​ម្នាក់​ឯង ​ឬ​គ្នា ​២ នាក់​។ ​បើ​លើស​ពី​នេះ​គេ​ហៅ​ថា​ Sound Bath។

អ្នកស្រី​ក៏​បាន​ឱ្យ​ដឹង​ពី​របៀប​ដែល​អ្នកស្រី​តែងតែ​អនុវត្ត​ជាមួយ​អតិថិជន​របស់​អ្នកស្រី​ថា៖ «​ដំបូង​ខ្ញុំ​នឹង​ជួប​ពិភាក្សា​​ពី​បញ្ហា​ដែល​ពួក​គាត់​ជួប​ដែល​​ធ្វើ​ឱ្យ​គាត់​មាន​អារម្មណ៍​មិន​ល្អ។​ រួច​ទើប​ដាក់​ពួក​គាត់​ឱ្យ​គេង​ផ្កាប់​ ឬ​ផ្ងារ​ហើយ​​រៀប​ចាន​ជុំវិញ​ និង​គោះ​ជា​សំឡេង​ម្ដង​បន្តិចៗ​។ ជំហាន​ចុង​ក្រោយ​​ខ្ញុំ​នឹង​ផ្ដល់​ជា​ដំបូន្មាន​សម្រាប់​ពួក​គាត់​ ទៅ​លើ​ផ្នែក​ណា​ដែល​គាត់​គួរ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​»។

តាមរយៈ​ការ​សិក្សា​ និង​ការ​ហ្វឹកហាត់​របស់​អ្នកស្រី​នៅ​ឥណ្ឌា​សំឡេង​នៃ​ចាន​គោះ​នេះ ​អ្នកស្រី​ក៏​បាន​បក​ស្រាយ​ពី​ដំណើរ​ ដែល​ធ្វើ​ឱ្យ​វា​ជួយ​សម្រួល​ដល់​សុខភាព​ផ្លូវ​ចិត្ត​ដែល​ថា​ វា​ជា​ចាន​ដែល​នាំចូល​ពី​ប្រទេស​នេប៉ាល់​ ហើយ​វា​ត្រូវ​បាន​ធ្វើ​ជា​ពិសេស​សម្រាប់​ការ​ព្យាបាល​នេះ​។

ចាន​ត្រូវបាន​ផលិត​ជាពិសេស​សម្រាប់​លំហាត់ប្រាណ​សំឡេង​នេះ។ ហុង មិនា

អ្នកស្រី​បាន​ពន្យល់​ថា៖ «​នៅ​ពេល​ដែល​​រាងកាយ​យើង​ស្រ្តេស​ ព្រួយ​បារម្ភ​ ឬ​គិត​ច្រើន​ហ្វ្រេកង់​របស់​យើង​មិន​មាន​លំនឹង​ដែល​អាច​នឹង​ធ្លាក់​ចុះ​ជាង​​ធម្មតា​ ដូចនេះ​ភាព​រំញ័រ​នៃ​សំឡេង​ចាន​បន្ទាប់​ពី​គោះ​នឹង​សម្រួល​​ហ្វ្រេកង់​យើង​ឱ្យ​​មក​ធម្មតា ហើយ​លើស​ពី​នេះ​វា​កាត់​បន្ថយ​ការ​ស្ត្រេស​ បន្ថយ​អារម្មណ៍​ឡើង​ចុះ​ និង​សម្រួល​ដល់​សម្ពាធ​ឈាម​»។

អ្នកស្រី​ក៏​នៅ​តែ​បន្ត​អភិវឌ្ឍ​ខ្លួន​ឯង​បន្ថែម​តាម​ការ​អាន​សៀវភៅ​ ហ្វឹកហាត់​ និង​ប្រមូល​នូវ​មតិយោបល់​ពី​មនុស្ស ជុំវិញ​ដើម្បី​រៀន​បន្ថែម​។

កន្លង​មក​អ្នកស្រី​ទទួល​បាន​នូវ​ការ​គាំទ្រ ​និង​ពេញ​ចិត្ត​ជា​ច្រើន​ពី​អតិថិជន​របស់​អ្នកស្រី​ ដែល​សូម្បី​ជនជាតិ​ខ្មែរ​ក៏​មក​ហើយ​មក​ទៀត ​ព្រោះ​វា​ជា​បទពិសោធ​ថ្មី​សម្រាប់​គាត់។ ​​ចំណុច​សំខាន់ ​គឺ​អ្នក​ហាត់​​ថែម​ទាំង​ទទួល​បាន​ការ​ធូរ​ស្រាល ​១ បែប​ថ្មី​ទៀត​។

អ្នកស្រី​​ក៏​បន្ត​រៀបរាប់​ថា៖ «វា​ជា​បទពិសោធ​ដែល​អ្នក​​ត្រូវ​មាន​ការ​យល់ដឹង​ដោយ​ខ្លួន​ឯង​។ វា​ធ្វើ​ឱ្យ​​​អ្នក​បាន​ចូល​​ជ្រៅ​ទៅ​ក្នុង​គំនិត​អ្នក​ ដែល​មាន​តែ​អ្នក​ទេ​ដែល​ដឹង​។ វា​ធ្វើ​ឱ្យ​អ្នក​មាន​ភាព​វិជ្ជមាន​ជា​ច្រើន។ អតិថិជន​គាត់​ចូលចិត្ត​នូវ​អារម្មណ៍​ទាំង​នេះ ​ដែល​វា​ធ្វើ​ឱ្យ​បាត់​អស់​នូវ​អារម្មណ៍​មួហ្មង​ និង​ទុក្ខ​កង្វល់​»។

សម្រាប់​តម្លៃ​រៀន​នៅ​ក្នុង​ស្ទូឌីយោ ​គឺ​មនុស្ស​ម្នាក់​ ៣៥ ដុល្លារ​ ២ នាក់​ ៥៥ ដុល្លារ និង​សម្រាប់​បង្រៀន​ដល់​ផ្ទះ​គឺ​ ៥៥ ​ដុល្លារ​ដូច​គ្នា​។

ដោយសារ​វា​ជា​ការ​ហាត់​បែប​ផ្ទាល់​ខ្លួន​ ដូច្នេះ​អ្នក​ហាត់​អាច​​ធ្វើ​ការ​ណាត់​ជួប​ និង​កក់​​ម៉ោង​ពេល។​ ​ពត៌មាន​បន្ថែម​​អាច​ទាក់ទង​​អ្នកស្រី​តាមរយៈ​​ទំព័រ​ហ្វេសប៊ុក​ @marylauredufrenne និង​អ៊ីមែល​ marylaure.dufrenne@gmail.com៕