ក្រុងសៀមរាប៖ ជាលើកដំបូងសម្រាប់វិចិត្រសាលបាទ្យាសារេម នៅខេត្តសៀមរាប ត្រូវបានដាក់តាំងបង្ហាញពិព័រណ៍ស្នាដៃរូបថតរបស់សិល្បករ ១០ រូប មានទាំងសិល្បករជើងចាស់ល្បីៗ និងវ័យក្មេង ប្រារព្ធកម្មវិធីមហោស្រពរូបថតភ្នំពេញឆ្នាំ ២០១៩ នេះ ក្រោមប្រធានបទជុំវិញបញ្ហាបរិស្ថាន និងបម្រែបម្រួលនៃអាកាសធាតុ។
បើតាមសម្តីបង្ហើបពីលោក សុវណ្ណ ភីឡុង ជានាយករងនៃសមាគមរូបថតភ្នំពេញឲ្យដឹងថា៖ «ចំណោមសិល្បករមួយចំនួនធំខាងលើ ដែលនឹងយកស្នាដៃទៅតាំងពិព័រណ៍នៅវិចិត្រសាលបាទ្យាសារេម (Batia Sarem) ក្នុងខេត្តសៀមរាប ជាមួយរូបភាពផ្សេងពីគ្នាផងដែរ មានសិល្បករ កាក់ សុខភីរម្យ លោក ឃុន វណ្ណៈ លោក លីម សុខចាន់លីណា លោក ម៉ក់ រ៉េមីស្សា កញ្ញា នាក់ សុផល លោក ផា លីណា ខ្ញុំ (ភីឡុង) លោក ខ្វៃ សំណាង លោក ម៉ិច សេរីរ័ត្ន និងលោក ទី ទិត្យ។
ពិព័រណ៍នេះ ត្រូវរៀបចំឡើងដោយទទួលបានការជួយគាំទ្រ ពីសហភាពអឺរ៉ុប និងផ្ដោតលើប្រធានបទជុំវិញបញ្ហាបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ ព្រមទាំងផ្សារភ្ជាប់នឹងរូបថត ដែលតាំងនៅលើជញ្ជាំងប្រតិភូសហភាពអឺរ៉ុប។ ខណៈឆ្នាំនេះជាលើកទី ១ របស់មហោស្រពរូបថតភ្នំពេញ បើកតាំងពិព័រណ៍នៅវិចិត្រសាលបាទ្យាសារេម នៅសៀមរាប តាំងពីថ្ងៃទី ២ ខែវិច្ឆិកា មក ហើយបន្តដល់ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩»។
គួរបញ្ជាក់ថា មហោស្រពរូបថតភ្នំពេញឆ្នាំ ២០១៩ នេះ បានរៀបចំដំណើរកម្សាន្តនៅតាមរ៉ឺម៉កកង់ ៣ សម្រាប់ភ្ញៀវមានសិល្បករអមដំណើរស្វែងរកទីកន្លែងតាំងស្នាដៃនានា ខណៈទីតាំងទាំង ១១ កន្លែង ដែលដាក់តាំងបង្ហាញឆ្នាំនេះ មានដូចជាជញ្ជាំងស្ថានទូតបារាំង វិទ្យាស្ថានបារាំងនៅកម្ពុជា តាមជញ្ជាំងនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា វិទ្យាល័យព្រះស៊ីសុវត្ថិ អនុវិទ្យាល័យចតុមុខ កោះពេជ្រ វិចិត្រសាល Java Creative Cafe វិចិត្រសាលបណ្ណាគារ Independence Monument វិចិត្រសាល La Plantation វិចិត្រសាល Future Factory វិចិត្រសាលស្រាអាត (Sra''Art Gallery)និងវិចិត្រសាលនៃមជ្ឈមណ្ឌលបុប្ផាណា (Bophana Center) និងវិចិត្រសាលបាទ្យាសារេម (Batia Sarem) នៅខេត្តសៀមរាប។
លោក សុវណ្ណ ភីឡុង ក៏បានបញ្ជាក់ថា៖ «មានសិល្បករអឺរ៉ុបចំនួន ១០ ប្រទេស ដែលធ្លាប់បានតាំងពិព័រណ៍មហោស្រពរូបថតភ្នំពេញកន្លងមក នឹងផ្តល់រូបថតម្នាក់ ១ផ្ទាំង ដែលឆ្លុះបញ្ចាំងពីកង្វល់ពួកគេជុំវិញបញ្ហាប្រែប្រួលអាកាសធាតុ និងបរិស្ថាន។ ក្នុងកិច្ចសហប្រតិបត្តិការដដែលនេះ យើងមានគម្រោងថ្មីឈ្មោះ Intersection ដោយតម្រូវឲ្យសិល្បករ អឺរ៉ុប ៥ រូប និងសិល្បករខ្មែរ ៥ រូប ធ្វើការរួមគ្នាលើប្រធានបទមួយនេះ។
ទស្សនៈដូចគ្នានេះ យើងនឹងត្រឡប់ទៅវិទ្យាល័យ និងអនុវិទ្យាល័យក្នុងរាជធានីភ្នំពេញ ដោយបានតាំងពិព័រណ៍រូបថតពោរពេញ ទៅដោយទឹកកក ដែលមានភាពត្រជាក់ប្រៀបដូចជាកំណាព្យ និងសួរទៅលោក ហ្សាល ហ្សេឡូ (Charles Xelot) និងលោកស្រី សេលីន ក្លាណេ (CelineClanet) ជុំវិញបញ្ហាបរិស្ថាន។ បាទ្យាសារេមគឺជាវិចិត្រសាលថ្មីមួយ ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយម្ចាស់វិចិត្រសាលបារាំងចំនួន ២ រូប ដើម្បីរំឭកដល់ស្នាដៃ សិល្បករសហសម័យខ្មែរជាច្រើន។ អ្នកទាំង ២ ពេញចិត្តយ៉ាងខ្លាំង នៅក្នុងការឆ្លើយតបតាមសំណើរបស់សមាគមរូបថតភ្នំពេញ ដើម្បីសហការរៀបចំមហោស្រពរូបថតភ្នំពេញនៅក្នុងឆ្នាំនេះ»៕