ក្រុង​លនដ៍៖ ស្នាដៃ​សិល្បៈ​តូច​ច្រឡឹង​នៅ​មុខ​ហាង​​លក់​ទំនិញ​​នៅ​ប្រទេស​ស៊ុយអែត បាន​ទាក់ទាញ​​​​មនុស្ស​ម្នា​លុត​ជង្គង់​គយគន់ និង​ក្រាប​ទាញ​កាមេរ៉ា​មក​​ថត​រូប​សំណង់​​វត្ថុ​តូច​ ដែល​ត្រូវ​បាន​រចនា​យ៉ាង​ផ្ចិតផ្ចង់​ដោយ​ក្រុម​វិចិត្រករ​គ្មាន​ស្រមោល Anonymouse។

ស្ថិត​ក្នុង​ចំណោម​អ្នក​ខំប្រឹង​​ក្រាប​ទស្សនា​ស្នាដៃ​សិល្បៈ​​ដ៏​តូច​គួរ​ឲ្យ​ស្រឡាញ់ កញ្ញា​វ័យ ២៩ ឆ្នាំ Madeleine បាន​ប្រាប់ AFP ថា «ខ្ញុំ​តាម​រក​មើល​ស្នាដៃ​តូចៗ​ទាំង​នេះ ដូច​តាម​រក​កំណប់​អ៊ីចឹង»។

ស្នាដៃ​​សិល្បៈ​​តូចៗ​លាក់​ខ្លួន​តាម​ដង​វិថី​នេះ​ ត្រូវ​បាន​គេ​ប្រទះ​​ឃើញ​នៅ​មុខ​អគារ​​ស្នាក់​នៅ​របស់​និស្សិត ភោជនីយដ្ឋាន និង​ទី​កន្លែង​សាមញ្ញៗ​ឯទៀត។ មាន​ទំហំ​ប៉ុន​រន្ធ​កណ្ដុរ ស្នាដៃ​សិល្បៈ​ទាំង​នោះ​​ខ្លះ​សណ្ឋាន​​ជា​កូន​ហាង​តន្ត្រី​ Ricotta Records ហាង​លក់​ឈីស​ប៉ុន​មេដៃ និង​សំណង់​ខ្នាត​តូច​ប្លែកៗ​​ជា​ច្រើន​ទៀត​ពោរពេញ​ទៅ​ដោយ​ភាព​លម្អិត​ផ្ចិតផ្ចង់។

ក្រុម​សិល្បៈ​​​រំលេច​ស្នាដៃ​​តូចៗ​ទាំង​នេះ បាន​ធ្វើ​ការ​រួមគ្នា​អស់ ៤ ឆ្នាំ ដោយ​​ប្រើប្រាស់​របស់​កែច្នៃ​ពី​សំរាម​ទាំង​អស់។

បុគ្គលិក​ស្ម័គ្រ​ចិត្ត​​ធ្វើ​ការងារ​សង្គម​អាយុ ៦៤ ឆ្នាំ លោក Bengt ដែល​​ផ្ដេក​ខ្លួន​មើល​កូន​ហាង​ទាំង​នោះ បាន​និយាយ​ថា៖ «ពិភព​​លោក​​យើង​ធំ​ពេក​ធ្វើ​ឲ្យ​​យើង​ចាប់​អារម្មណ៍​នឹង​ពិភព​ដ៏​តូច​វិញ»។

ក្រុម​​សិល្បករ​​គ្មាន​ស្រមោល Anonymouse ​បាន​រំលេច​​តាម​កន្លុក​កន្លៀត​ដង​វិថី​តាំង​ពី​អង់គ្លេស បារាំង រហូត​ដល់​ស៊ុយអែត ដោយ​​ «រក្សា​​អត្តសញ្ញាណ​​ដ៏​អាថ៌កំបាំង» សូម្បី​តែ​សាលា​ក្រុង​​លនដ៍ ​ក៏​ពុំ​ដឹង​ថា​​ត្រូវ​ផ្ញើ​ប្រាក់​ឲ្យ​​ក្រុម​សិល្បៈ​នេះ​​តាម​​ណា​ដែរ៕ AFP