ក្រុងញូវយ៉ក: ទំនោរ​​ទទួល​ទាន​ស្រា កុមប៊ូឆា កំពុង​ពេញ​និយម​​ប្រភេទ​ស្រា​ដំបែ​ និង​បាក់តេរី​ លាយ​រសជាតិ​តែ​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​។ ដោយ​ចាត់​ទុក​ជា​ភេសជ្ជៈ​បែប​ធម្មជាតិ ស្ករ​តិច និង​ល្អ​​ចំពោះ​​សុខភាព កុមប៊ូឆា បាន​វាតទី​ដល់​​ហាង​លក់​គ្រឿង​ទេស​ ផ្សារ​ទំនើប និង​​ហាង​កាហ្វេ​ថែម​ទៀត​។

ការ​លក់​ភេសជ្ជៈ​បែប​ពពុះ​ពណ៌​ល្អក់​នៅ​សហរដ្ឋ​អាមេរិក បាន​កើន​ឡើង​ ៤១២ លាន​ដុល្លារ ​ក្នុង​ឆ្នាំ ២០១៨ ស្មើ​នឹង​​ ៤២ ភាគរយ ​ពី​ឆ្នាំ​មុន​។ នេះ​បើ​យោង​​តាម​ទិន្នន័យ ​Nielsen។

ភេសជ្ជៈ​ត្រាំ​ដំបែ​​​ប្រទះ​ឃើញ​ស្ទើរ​តែ​គ្រប់​ទីកន្លែង ដែល​មិន​ច្បាស់​ពី​ប្រភព​កកើត ហើយ​វា​ថែម​ទាំង​ត្រូវ​បាន​បញ្ជា​ទិញ​លក់​ពី​ក្រុមហ៊ុន​យក្ស​អាមេរិក Walmart​។ នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ​ស្រា​ប្រភេទ​នេះ​មាន​​រហូត​ដល់​ ១០ យីហោ​ខុសៗ​គ្នា​​។

ចំពោះ​អ្នកស្រី​ Alex Ingalls ដែល​ជា​ស្ថាបនិក​ Pilot Kombucha ក្នុង​ឆ្នាំ ​២០១៥ ប្រជាប្រិយភាព​នៃ​ភេសជ្ជៈ​មាន​គ្រឿង​ស្រវឹង​តិចតួច​នេះ (ផ្ទុក​អាល់កុល​ត្រឹម​តែ ០,៥ ដឺក្រេ​) ដោយសារ​​​តែ​វា​លាយ​ល្បាយ​ច្រើន​មុខ​។

អ្នកស្រី​បន្ដ​ថា អ្នក​ដែល​និយម​ កុមប៊ូឆា រយៈពេល​ជា​ច្រើន​ឆ្នាំ​​ទំនង​ជា​​យល់​ឃើញ​ពី​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ ដោយ​វា​មាន​ផ្ទុក​ប្រូបៃអូទិក អតិសុខុមប្រាណ​រស់​ ​ជំនួយ​​ពោះវៀន និង​ការ​លូតលាស់​នៃ​បាក់តេរី​ល្អ​​។

ជំនួស​ឲ្យការ​ទិញ មនុស្ស​ជា​ច្រើន​បាន​រៀន​ផលិតវា​នៅផ្ទះ​ដោយខ្លួន​ឯង។ រូបថត AFP

យ៉ាង​ណា​មិញ​អ្នកស្រី Ingalls បាន​មើល​ឃើញ​ពី​ប្រជាប្រិយភាព​ស្រា កុំប៊ូឆា ដោយសារ​វា​មាន​គុណ​ប្រយោជន៍​​ជាង​ពពួក​សូដា​ និង​ទឹក​ផ្លែ​ឈើ​ លើ​សារធាតុ​ស្ករ​ទាប​។

អ្នកស្រី​បញ្ជាក់​ថា​៖ «​បច្ចុប្បន្ន​នេះ មនុស្ស​គ្រប់​រូប​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ការ​ទទួល​ទាន​ជាតិ​ស្ករ​»។

ជាមួយ​​លក្ខណៈ​ស្រដៀង​នឹង​ស្រាបៀរ​ខ្ញី​ អ្នកស្រី Ingalls បាន​ផលិត​ស្រា កុមប៊ូឆា ៣៦៨​ ០០០ លីត្រ ​ក្នុង​មួយ​ឆ្នាំ​ និង​មាន​​លក់​ទៅ​តាម​​ទីតាំង ៤០០ ទូទាំង​តំបន់​។

ការ​​​​បិត​ស្រា​កុមប៊ូឆា នៅ​ផ្ទះ​ក៏​មាន​​សម្ទុះ​ប្រជាប្រិយ​​​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ រហូត​ដល់​មាន​ថ្នាក់​បង្រៀន​បិត​ស្រា កុមប៊ូឆា នៅ​មជ្ឈមណ្ឌល​Brooklyn Brainery ថែម​ទៀត​។

ជំនួស​ឲ្យ​ការ​ទិញ​ស្រា​កុមប៊ូឆា មួយ​សប្ដាហ៍ ២ ដង Sarah Gilberg ​ចង់​ចេះ​​បិត​ស្រា​នេះ​ដោយ​ខ្លួន​ឯង។

ដោយ​លើក​ឡើង​ថា ស្រា​ កុមប៊ូឆា មាន​តម្លៃ​ចន្លោះពី ៣ ទៅ ៤ ដុល្លារ ​ក្នុង​មួយ​ដប Sarah បាន​ប្រាប់​ថា​៖ «ខ្ញុំ​តែងតែ​ទទួល​ទាន​អ្វី​ដែល​ចម្រើន​ដល់​សុខភាព​ តែ​ខ្ញុំ​មិន​ចង់​ចំណាយ​ប្រាក់​ច្រើន​នោះ​ទេ​»៕ AFP/HR