ក្រុងឡុងដ៍៖ សេដ្ឋីស្នេហារសជាតិស្រាវីស្គីនឹងមានឱកាសចូលរួមដេញថ្លៃស្រាវីស្គីកម្រជិត ៤ ០០០ ដប ដែលត្រូវបានប្រមែប្រមូលដោយអតីតបុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុនភេសជ្ជៈអាមេរិក។
ក្រុមហ៊ុន Whisky Auctioneer បានឲ្យដឹងកាលពីថ្ងៃចន្ទថា កម្មវិធីដេញថ្លៃប្រណីតឥតខ្ចោះ នឹងរួមបញ្ចូលនូវស្រាមានតម្លៃច្រើនលានផោន និងស្រាខ្លះដែលពុំធ្លាប់មាន អ្នកប្រទះឃើញទាល់តែសោះ។
ស្ថាបនិកក្រុមហ៊ុនដេញថ្លៃស្រា ឡោក អ៊ាន មេកក្លូន បានថ្លែងថា៖ «វាជាបណ្ដុំស្រាវីស្គីតម្លៃខ្ពស់បំផុត»។
ដបស្រាទាំងនោះត្រូវបានប្រមូលទុកដោយលោក រីឆាត ហ្គូដឌីង អតីតប្រធានក្រុមហ៊ុនច្រកដបភេសជ្ជៈ Pepsi ដែលបានស្លាប់កាលពីឆ្នាំ ២០១៤។ កាលនៅរស់ លោកបានធ្វើដំណើរចុះឡើងប្រទេស ស្កុតឡេន ដើម្បីប្រមាញ់រកស្រាវីស្គីពីសិប្បកម្មបិតស្រាតូចៗ ដោយប្រភេទស្រាវីស្គីខ្លះលែងមានផលិតលើលោកនេះទៀតហើយ។
ក្នុងនោះរួមមានស្រាប្រណីត និងកម្រ ជាប្រភេទវីស្គី Macallan ឆ្នាំ ១៩២៦ ដែលធ្លាប់ត្រូវបានដាក់ដេញថ្លៃ ១,៥ លានផោន (ប្រមាណ ១,៩ លានដុល្លារ) កាលពីខែតុលា។
ការដាក់ដេញថ្លៃអនឡាញលើកនឹងត្រូវបានចែកជា ២ ក្រុម គឺចន្លោះថ្ងៃទី ៧ ដល់ ១៧ ខែកុម្ភៈ និង ១០ ដល់ ២០ ខែ មេសា ឆ្នាំ ២០២០។
ភរិយារបស់លោក ហ្គូដឌីង បាននិយាយថា៖ «គាត់ស្រឡាញ់ស្រាវីស្គីណាស់ ហើយគាត់ស្រាវជ្រាវតាំងពីគ្រឿងផ្សំលម្អិត និងដំណាក់កាលបិតស្រា មុននឹងឈានដល់ការភ្លក្សយ៉ាងផ្ចិតផ្ចង់។ បេសកកម្មរបស់គាត់ គឺដើរប្រមូលទិញទុកនូវដបស្រាវីស្គីពីគ្រប់កន្លែងបិតស្រាទាំងអស់»៕ AFP