ភ្នំពេញ៖ គ្រាន់តែឈានចូលមកដល់ឆ្នាំថ្មីភ្លាម តារាស្រីរាងតូចច្រឡឹង សម្រស់ស្រស់ស្អាតកញ្ញា ជេស៊ីកា ស្រាប់តែបង្ហាញពីភាពរីករាយសប្បាយចិត្ត និងរំពឹងថាខ្លួនលែងក្លាយជាស្រ្តីអភ័ព្វស្នេហ៍ដូចជានៅឆ្នាំចាស់ បង្កើតភាពភ្ញាក់ផ្អើលពីមហាជនសាជាថ្មី។
កាលពីចុងឆ្នាំ ២០២០ កន្លងមកនេះ តារាស្រីវ័យ ២៥ ឆ្នាំ សម្បុរស្រអែមស្រស់ មានឈ្មោះពិត តាន់ សុផា ហៅកញ្ញា ជេស៊ីកា ឧស្សាហ៍បង្ហោះរូបសិចស៊ីល្វែងលើ ឈុតខ្លី និងសម្ញែងឈុតប៊ីគីនីញឹកញាប់នោះ ហើយក៏រអ៊ូតូចចិត្តនឹងរឿងស្នេហ៍ថា៖ «គេថាស្រីស្អាត អភ័ព្វស្នេហ៍ ចុះអត់ស្អាតផងម៉េចក៏អភ័ព្វដែរ? ចង់ដឹងថា ស្រីម្នាក់នេះ សំខាន់នៅពេលណា? ក្ដីស្រឡាញ់ខ្លះ ជាក្ដីស្រឡាញ់មួយប៉ប្រិចភ្នែក មកហើយក៏ទៅវិញប្រៀបដូចជា ខ្យល់បក់មកល្ហើយមានក្ដីសុខមួយភ្លែតស្ងប់ទៅវិញ ហើយដើម្បីធ្វើឱ្យជីវិតមានក្តីសុខនោះ ត្រូវភ្លេចមនុស្សដែលគេភ្លេចយើងត្រូវធ្វើល្អជាមួយមនុស្ស ដែលគេល្អដាក់យើង ត្រូវនៅជាមួយមនុស្ស ដែលគេចង់នៅជាមួយនឹងយើង និងត្រូវស្រឡាញ់មនុស្សណាដែលគេស្រឡាញ់យើង»។
នៅដើមឆ្នាំ ២០២១ នេះ តារាស្រីរាងតូចច្រឡឹងមុខឃ្យូត ជេស៊ីកា ក៏បានលើកឡើងថា៖ «រឿងអាក្រក់ ដែលយើងបានជួបបំភ្លេចវាចោលទៅ! គ្រាន់តែចាំជាមេរៀនជីវិត ដែលបង្រៀនយើងឱ្យបានដឹងថា មនុស្សយើងត្រូវតែមានការឆ្លងកាត់គ្រប់រឿង ទាំងល្អ និងអាក្រក់។ គ្មានអ្នកយល់ចិត្ត តែការពិត សូម្បីតែអ្នក ពេលខ្លះក៏មិនយល់ពីចិត្តរបស់អ្នកផង ចុះហេតុអីអ្នកមានះចង់បានការយល់ចិត្តពីអ្នកដទៃច្រើនម្ល៉េះ? អ្នកណាៗ ក៏គេមានសុខទុក្ខ ជួបព្រាត់ ឈឺជា វេទនាឈឺចាប់ ស្ទើរតែគ្រប់ៗគ្នាម្ល៉ោះហើយកុំអាក់អន់ចិត្តអី។ បើអ្នកចង់បានការយល់ចិត្តពីអ្នកដទៃ លុះត្រាតែអ្នកមាន ទំហំចិត្តទូលាយដែរ។ ត្រូវតែមានសេចក្តីសុខចំពោះខ្លួនឯង! រាល់អ្វី ដែលបានជួបហើយតែងតែហ៊ានប្រឈមមុខដោះស្រាយរួចផុតកន្លងមក ដោយមិនបានទុកចោល ឬបោះបង់ខ្លួនឯង អរគុណដល់ខ្លួនឯង ដែលតែងនៅក្បែរជាមួយបញ្ហាជាច្រើន រួមសុខទុក្ខ ទទួលយកគ្រប់ស្ថានភាព ដោយមិនលែងចោលខ្លួនឯងដោយងាយៗ»។
ស្រីស្រស់ ជេស៊ីកា ដែលឆ្លងកាត់បទពិសោធសម្តែងបានកុនភាគចំនួន ៧ រឿង កុនដុំ ១ រឿង ថត MV បទចម្រៀងឱ្យផលិតកម្មល្បីៗជាច្រើននោះបានបន្តថា៖ «មិនចាំបាច់ទៅប្រាប់ឲ្យគេឯងដឹងថា យើងល្អប៉ុនណាទេ បើថ្ងៃណាមួយគេមើលឃើញពីតម្លៃរបស់យើង គេនឹងយល់ដោយខ្លួនឯង។ ស្នេហាក៏ដូចគ្នា យើងមិនចាំបាច់រត់រកទេ បើគេពិតជាស្រឡាញ់យើង គឺនឹងរត់តាមរកយើងដោយខ្លួនឯង៕