ភ្នំពេញៈ នា​មួយ​រយៈពេល​ចុងក្រោយ​នេះ ប្រិយមិត្ត​គាំទ្រ​តារាសម្តែង​ស្រី​មាន​រាង​តូចច្រឡឹង ដៃជើង​ស្រឡូន ដែល​ទើប​តែ​បាន​ប្រឡូក​វិស័យ​សិល្បៈ​សម្តែង​ត្រឹម​ជាង ២ ឆ្នាំ​ស្រី​ស្រស់​សោភា​ជា​ពន្លក​ថ្មី​កញ្ញា វណ្ណៈ បូរមី សង្កេត​ឃើញ​ថា នាង​ហាក់​មាន​ទីផ្សារ​ថតកុន​ស្ងាត់​គួរ​ឲ្យ​មាន​ការងឿងឆ្ងល់​។

កាលពី​ចុង​ឆ្នាំ​ ២០១៨ ឃើញ​ថា​តារាសម្តែង​ស្រី​រាងតូច​ច្រឡឹង​ឆក់​បាន​ឱកាស​ថតកុន​ភាគ ៣ រឿង​ជាប់​គ្នា​ហើយ​មាន​ការគាំទ្រ​ច្រើន​ពី​មហាជន ខណៈ​ស្រី​ស្រស់​រូប​នេះ​ក៏​ធ្លាប់​បង្ហាញ​ពី​ក្តីប្រាថ្នា​ចង់​បាន​កំណត់ត្រា​ខាង​សម្តែង​ជា​តួ​បែប​វាយតប់​ផង​ដែរ​នោះ​។

តារាសម្តែង​ស្រី​វ័យ​ឈាន​ចូល ២១ ឆ្នាំ ប៉ឹមៗ​ដែល​អតីត​ជា​បេក្ខនារី​ប្រកួត​កម្មវិធី Freshie Girls & Boys កាលពី​ឆ្នាំ ២០១៦ ត្រឹម​បេក្ខនារី ៦ រូប​ចុងក្រោយ​កញ្ញា វណ្ណៈ បូរមី ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ពី​មូលហេតុ​ដែល​ខ្លួន​រាង​រយាល​នៅ​ក្នុង​ទីផ្សារ​ថតកុន​ថា​៖ «​ក្រោយ​ថតកុន​ភាគ​ប៉ុន្មាន​ចុងក្រោយ​ចប់​មក គឺ​នាង​ខ្ញុំ​មិន​ទាន់​បាន​ទទួល​ថតកុន​អ្វី​ថ្មី​នោះ​ឡើយ ដោយសារ​នាង​ខ្ញុំ​មិន​ទាន់​ផុត​កុងត្រា​នៃ​គម្រោង​ចាស់ គឺ​នៅ​សល់​ពេល​ប្រមាណ ៣-៤ ខែ​ទៀត​ឯណោះ ទើប​អាច​ហ៊ាន​ទទួល​គម្រោង​ថ្មី​បាន​។ តែ​ទោះ​ជា​យ៉ាងណា​ក្តី​ក្រៅពី​ការងារ​សិល្បៈ​ថតកុន​នោះ​ក៏​មាន​ភាព​មមាញឹក​នឹង​ការងារ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​នានា​ជា​ហូរហែ​ផង​ដែរ​»​។

តារាស្រី​ដែល​តោង​ភាព​ល្បី​តាមរយៈ​ការថតកុន​ភាគ​ដំបូង​រឿង «​បេសកកម្ម​មួយ​» ដែល​ដើរតួ​ជា​នារី​ក្លាហាន​ផ្នែក​ស៊ើបអង្កេត​នោះ កញ្ញា វណ្ណៈ បូរមី ក៏​ទទួល​ចំណងដៃ​ថ្មី​ថតកុន​ភាគ​ទី ៣ រឿង «​តួ​ខ្ញុំគេ​សម្តែង​» ដែល​ជា​វណ្ណកម្ម​របស់​អ្នកស្រី ពាន់ ភួងបុប្ផា សម្រាប់​ចាក់​បញ្ចាំង​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​ភីអិនអិន ក្រោយ​ពី​បាន​សម្តែង​កុន​ភាគ​ទី ២ រឿង «​ផ្កាថ្ម​» របស់​ផលិតកម្ម និង​ទូរទស្សន៍​ហង្សមាស​នាពេល​កន្លង​មក​ថ្មីៗ​នេះ​។

បើ​ក្រឡេក​មើល​សម្រស់​នាង​វិញ តារាស្រី​រូបនេះ​អាច​និយាយ​បាន​ថា​គឺ​មាន​ភាពស្រស់ស្អាត​បែប​ធម្មជាតិ​ពិតៗ​គ្មាន​ការកែ​សម្ផស្ស​នោះ​ទេ​ជាមួយ​ទម្រង់​មុខ​មូល​ពងក្រពើ និង​ច្រមុះ​ខ្ពស់​ស្រាប់​តាំងពី​ក្មេង​ដែល​ផុស​ចេញ​ពី​អាជីព​ដំបូង​ជា​តារា​ម៉ូដែល​។ ដោយឡែក​ចំពោះ​ទេពកោសល្យ​សម្តែង​របស់​តារាស្រី​ពន្លក​ថ្មី​រូប​នេះ បើ​តាម​ពិនិត្យ​មើល​ទៅ​គឺ​នាង​សម្បូរ​ការសម្តែង​បែប​ជា​វីរនារី ឬ​តួ​ស្រី​ជា​អ្នកលេង​វាយតប់ ឬ​តួ Spy Girl ដោយសារ​ការសម្តែង​មើល​ទៅ​ល្អ​សមសួន​ខ្លាំង​តែ​ម្តង​។

កន្លងមក​កញ្ញា វណ្ណៈ បូរមី ក៏​ធ្លាប់​ព្រលយ​ឲ្យ​ដឹង​ផង​ដែរ​ថា​៖ «​តាមពិត​ទៅ ធ្វើ​ជា​តួសម្តែង​ត្រូវតែ​មាន​ភាពបត់បែន​តាម​តម្រូវការ​របស់​ផលិតករ​។ តែ​បើ​និយាយ​ពី​អ្វី​ជា​ចំណូលចិត្ត​វិញ​នោះ​គឺ​សម្តែង​ជា​តួ​វាយតប់ Spy Girl ឬ ជា​កុន action film ព្រោះ​ថា​ខ្ញុំ​ផ្ទាល់​ក៏​ចូលចិត្ត​ទស្សនាការ​សម្តែង​របស់​តួ​ជា Idols ស្ត្រី​ក្នុង​ពិភព​ហូលីវូដ​ដ៏ល្បី ២ រូប​ផង​ដែរ​។ អ៊ីចឹង​ប្រសិន​បើ​អាច​នោះ​គឺ​នាង​ខ្ញុំ​ចង់​សម្តែង​បែប​នេះ​ឲ្យ​មាន​ភាពលេចធ្លោ​តែ​ម្តង​នៅ​ក្នុង​ជំនាន់​ខ្ញុំ​»៕