ភ្នំពេញ៖ នាពេល​ថ្មីៗ​នេះ ដោយសារ​តែ​ឧស្សាហ៍​ឃើញ​មាន​សម្ព័ន្ធភាព​ដ៏​ស្និទ្ធស្នាល​​លើស​​ពី​មិត្តភក្តិ​នៅ​ក្នុង​សង្គម​នោះ ទើប​​តារា​​​​ចម្រៀង ​១ ​គូ​ទៀត ដែល​​ជ្រក​​​​ទ្រនំ​ហង្សមាស​​រួម​គ្នា​​គឺ​កញ្ញា ប៉ាច គីមមួយ និង​លោក សយ រតនៈ ​ត្រូវ​រង​មន្ទិល​សង្ស័យ​ពី​​​មហាជន​ថា អ្នក​ទាំង ​២ ​កំពុង​តែ​ផ្តើម​ស្នេហ៍​នឹង​គ្នា​យ៉ាង​​​ស្អិត​​ល្មួត​​នៅ​​​ដើម​​ឆ្នាំ ​២០២០​ នេះ​​។​

បើ​តាម​ប្រភព​បង្ហើប​ពី​ក្រុម​អ្នក​ចូល​ចិត្ត​តាម​ប្រមាញ់​​​ពី​សម្ព័ន្ធភាព​ឯកជន​របស់​អ្នក​ទាំង ​២ និង​​​​​សកម្មភាព​ទៅ​ដើរ​លេង​កម្សាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន​ និង​​​ចូលរួម​កម្មវិធី​​នានា​តែ ២ នាក់ ​​ រវាង​តារា​​ចម្រៀង​​​​ស្រី ​​ប៉ាច គីមមួយ ដែល​​ជា​អតីត​​​បេក្ខភាព​ប្រឡង​ក្នុង​​កម្មវិធី​ The Voice​ Cambodia រដូវកាល​ទី ១​ និង​តារា​​ចម្រៀង​​​ប្រុស​​ក្មេង​ក្នុង​ទ្រនំ​ភ្លេង​រីខត ដែល​ជា​បុត្រ​សម្ព័ន្ធ​ផលិតកម្ម​ហង្សមាស​លោក សយ រតនៈ​ ក៏​ត្រូវ​​​មហាជន​សង្ស័យ​ថា ពួក​គេ​កំពុង​សាង​អនុស្សារីយ៍​ស្នេហ៍​ឲ្យ​កាន់​តែ​រឹងមាំ ​មុន​​ពេល​​​ដឹកដៃ​គ្នា​ចូល​រោង​​ការ ខណៈ​​​ក្រុម​គ្រួសារ​ទាំង​សង​ខាង​បាន​ដឹង​ពី​ចំណង​ស្នេហា​នេះ​អស់​​​​ហើយ និង​គ្មាន​​អ្នក​ណា​​​ប្រឆាំង​នោះ​ឡើយ ហើយ​​មាន​​​តែ​នាំ​គ្នា​​និយាយ​សរសើរ​ថា អ្នក​ទាំង ២ ស័ក្តិសម​គ្នា​ និង​​ជំរុញ​ឲ្យ​​​ឆាប់​រៀបការ​​​ទៀត​ផង។​

សម្ព័ន្ធ​ភាព​ស្និទ្ធស្នាល​កញ្ញា ប៉ាច គីមមួយ និង​លោក ​សយ រតនៈ ជាប់​មន្ទិលសង្ស័យ​ពី​​មហាជន។ រូបថត ហ្វេសប៊ុក​

ទោះ​ជា​យ៉ាង​ណា កញ្ញា ប៉ាច គីមមួយ និង​ប្រុស​ក្មេង​លោក សយ រតនៈ នៅ​តែ​ខំ​ព្យាយាម​ប្រកែក​ពី​ចំណង​​ស្នេហ៍ ដោយ​​ពួក​គេ​និយាយ​​ដូច​​ណាត់​​គ្នា​ថា​ អ៊ីចឹង​ចាំ​មើល​ទៅ​មុខ​ទៀត​សិន​ ជួន​កាល​ថា​ ដោយសារ​តែ​ពួក​គេ​​ឧស្សាហ៍​ទៅ​ច្រៀង​​​នៅ​​​ផលិតកម្ម​ជាមួយ​គ្នា​ទើប​​យើង​ឧស្សាហ៍ ​ត្រូវ​គេ​ឃើញ​ចេញ​ទៅ​ណា​​មក​ណា​តែ ​២ នាក់​។​

ខណៈ​បើ​តាម​ការ​សង្កេត​​​ពី​មជ្ឈដ្ឋាន​​ខាង​ក្រៅ​ដដែល​ បាន​លួច​​​​បន្ត​ឲ្យ​ដឹង​ថា នៅ​គ្រប់​ឆាក​​តន្រ្ដី​នានា​ នៅ​ពេល​ ប៉ាច គីមមួយ ច្រៀង​ចប់ គេ​តែង​តែ​បាន​ឃើញ​លោក​ សយ រតនៈ បើក​រថយន្ដ​ម៉ាក​ Prius មក​ដឹក​ស្រី​ស្អាត គីមមួយ ទៅ​ផ្ទះ​វិញ​ភ្លាមៗ​តែ​ម្ដង។​

ដោយ​ឡែក​រឿង​មន្ទិល​សង្ស័យ​​នេះ កាន់​តែ​​មាន​ភាព​ផ្ទុយ​គ្នា​ស្រឡះ​តែ​ម្តងទៀត​ខណៈ​​តារា​ចម្រៀង​ស្រី​ដែល​​​មាន​​ស្រុក​​កំណើត​​នៅ​​​ខេត្ត​​​បាត់​ដំបង ជា​អតីត-​​បេក្ខភាព The Voice Cambodia រដូវ​កាល​ទី ១​ កញ្ញា ប៉ាច គីមមួយ ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍ បែប​ចង់​ជម្រះ​នូវ​មន្ទិល​នោះ​​ដែរ​​ថា៖ «អូ!​ អត់​ទេ​បង!​រឿង​នោះ​គ្រាន់​តែ​ជា​ការ​បង្អាប់​លេង និង​ជា​​ការ​ផ្គូផ្គង​លេង​របស់​បង​ប្អូន​ដែល​​ជា​អ្នក​គាំទ្រ​ទេ​ ដោយសារ​ឃើញ​ពួក​យើង​​ឧស្សាហ៍​បាន​ថត​រូប​​បែប​សិ្នទ្ធស្នាល​នឹង​គ្នា​នោះ​​ឯង​។ សម្រាប់​ពួក​យើង​​ទាំង​ ២ ​វិញ​នោះ​ គឺ​មិន​មាន​អ្វី​ឲ្យ​លើស​ពី​​មិត្ត​​​​ក្នុង​ទ្រនំ​តែ​មួយ​ និង​​សិល្បៈ​នោះ​ឡើយ​»៕