ភ្នំពេញ៖ នា​ពេល​ថ្មីៗ​​នេះ​ ខណៈ​តារា​សំខាន់​​ ២ ​ដួង​បាន​ចាកចេញ​​ពី​ផលិតកម្ម​ថោន​នោះ​​​ ស្រាប់​តែ​​លេច​​ឮ​ថា តារា​ចម្រៀង​ស្រី​ដែល​កំពុង​តែ​​ឡើង​កូដ​​ខ្លាំង​កញ្ញា​ ផាន វីរ៉ាទី ហៅ​​​កញ្ញា រ៉ាប៊ី បាន​ព្រលយ​​ពាក្យ​បញ្ជាក់​អំពី​គោល​​ជំហរ​ខ្លួន​ថា ​មិន​ទាន់​​ដល់​​ពេល​​ដែល​រូប​ខ្លួន​​​ត្រូវ​គិត​គូរ​រឿង ផ្លាស់​ប្តូរ​​​ទ្រនំ​​ទេ ពោល​គឺ​​មិន​ចង់​ដើរ​តាម​គន្លង​​រៀម​ច្បង​​សិល្បៈ​រួម​ទ្រនំ​ដូច​ជា​កញ្ញា មាស សុខសោភា និង​លោក ខេម នោះ​ឡើយ។​

បើ​តាម​ប្រភព​​អ្នកសិល្បៈ​ស្និទ្ធស្នាល​នឹង​តារា​ចម្រៀង​​​ស្រី​​ កាល​ពី​​ចូល​ចិត្ត​​​បញ្ចេញ​ក្បាច់​រាំ​ពត់​ពេន​​ខ្លួន​ខ្លាំង​ក្នុង​បទ «​​លុយ ​​​លុយ​» កញ្ញា រ៉ាប៊ី នោះ​​បាន​បង្ហើប​ថា ស្រប​ពេល​ដែល​​​ មាស សុខសោភា ​និង ​ខេម បាន​ដឹក​ដៃ​គ្នា​ចេញ​ពី​ថោន​ ព្រម​​​គ្នា​នោះ ស្រីស្អាត រ៉ាប៊ី ដែល​ជា​តារា​ចម្រៀង​​​ស្រី​​​​សំខាន់​​​ម្នាក់​​របស់​​ផលិតកម្ម​ថោន​ដែរ​​នោះ ក៏​​ព្រលយ​ថា នាង​គ្មាន​បំណង​​ផ្លាស់​ទ្រនំ​ចាស់​ រើ​​​​ចូល​ទ្រនំ​ថ្មី​ដូច​រៀម​​ច្បង​នោះ​ឡើយ។

ដោយ​នាង​បាន​អះអាង​​ថា នៅ​តែ​មាន​​ក្ដី​សុខ​ជាមួយ​នឹង​ថោន ហើយ​ពេល​នេះ​ នាង​ក៏​សង្កេត​​ឃើញ​ដែរ​ថា អ្នក​ដែល​បាន​​ចេញ​ពី​ថោន​ទៅ​ ក៏​មិន​សូវ​ជា​​ឃើញ​​មាន​អ្នក​ណា ​ចេញ​បទ​ចម្រៀង​លេច​​ធ្លោ​អ្វី​នោះ​ដែរ​ទេ ​អីច៊ីង​​នាង​​​​នៅ​តែ​ប្រកាន់​ជំហរ​ខ្លន​​ថា នឹង​មិន​ប្ដូរ​ផលិតកម្ម​នា​​ពេល​នេះ​ទេ​។

មិន​តែ​ប៉ុណ្ណោះ​កញ្ញា ​រ៉ាប៊ី ក៏​ប្រាប់​បន្ថែម​​ដែរ​ថា រូប​នាង​មាន​កេរ្ដិ៍​ឈ្មោះ និង​ជីវភាព​​ផ្លាស់ប្ដូរ​ ដោយ​សារ​តែ​ថោន បាន​​ផ្ដល់​នូវ​ឱកាស​ឱ្យ​នាង​ហេតុ​​​នេះ​​​ហើយ ​បាន​ជា​នាង​មិន​​​​​ចង់​ទៅ​​​ផលិតកម្ម​ណា​ផ្សេង​ទេ ​ព្រោះ​តែ​បើ​ទៅ​ផលិតកម្ម​ណា​ ក៏​​នាង​នៅ​តែ​​​ធ្វើ​​បទ​ចម្រៀង​ដោយ​​ខ្លួន​​​ឯង​​ដដែល ហើយ​ការ​នៅ​ផលិតកម្ម​ផ្សេង អាជីព​​ជា​តារា​ចម្រៀង​នេះ ពិបា​កណាស់ ព្រោះ​អាច​មាន​អ្នក​កាច់​កុង​គ្នា កាន់​តែ​ពិបាក​​​ជាង​កន្លែង​ចាស់​ថែម​ទៀត​ផង។

ដោយ​ឡែក ​​​​ភ្នំពេញ ​ប៉ុស្តិ៍ ​ក៏​មិន​អាច​ទំនាក់​ទំនង​​កញ្ញា​ រ៉ាប៊ី បញ្ជាក់​ពី​រឿង​ដែល​​លេច​ឮ​ខាង​លើ​ថា រូប​នាង​ពិត​ជា​អះអាង​ដូច្នោះ​មែន ឬ​យ៉ាង​ណា​នោះ​ទេ ដោយសារ​ប្រព័ន្ធ​ទូរស័ព្ទ​នាង​​មិន​អាច​ទាក់ទង​​បាន​នោះ​​ឡើយ​កាល​ពី​រសៀល​​ថ្ងៃ​​ម្សិលមិញ​​។​

ចំពោះ​រូប​សម្រស់​វិញ​ នា​ពេល​កន្លង​​មក​ថ្មីៗ​​​​នេះ ​មហាជន​​លាន់​មាត់​​សរសើរ​បែប​ប្រៀប​​​ធៀប​ការ​ទាក់ទាញ​មក​ដាក់​ទៅ​​លើ​កញ្ញា រ៉ាប៊ី តែ​ម្តង​ថា៖ «ភាព​ស្រស់​ស្អាត​​នៃ​មនុស្ស​ម្នាក់ ជា​ពិសេស​នារីៗ​បាន​ពី​ការ​រួម​ផ្សំ​​ពី​ផ្នែក​ទាំង​​​​​អស់​​នៃ​រាង​កាយ​ក្នុង​នោះ​​​នាង​​​មិន​ត្រឹម​តែ​មាន​ទម្រង់​មុខ​ ​ភ្នែក មាត់ ច្រមុះ ដៃ​ជើង ​ជា​ដើម​​​នោះ គឺ​ត្រូវ​តែ​ស្អាត​ទាំង​ព្រម​ទើប​​លេច​នូវ​​សម្ផស្ស​ដ៏​គួរ​ឱ្យ​គយគន់។ ប៉ុន្តែ​មិន​គ្រប់​គ្នា​សុទ្ធ​តែ មាន​ភ័ព្វ​​​ល្អ​យ៉ាង​នេះ​នោះ​ទេ។ ក្រៅ​តែ​មុខ​មាត់ រាងរៅ ដើម​ទ្រូង ដែល​គ្រប់​​គ្នា​​ងាយ​ផ្ដោត​កែវ​ភ្នែក ភ្លៅ​ក៏​ជា​​​ផ្នែក​សំខាន់​មួយ​​ដែរ​នៃ​សម្ផស្ស​​របស់​​នារី ព្រោះ​​ជាក់​ស្ដែង​ អ្នក​ខ្លះ​ស្អាត​​​ទាំង​​អស់ ប៉ុន្តែ​ភ្លៅ​តូច​​ពេក ធំ​ពេក ជា​​ហេតុ​​​ធ្វើ​ឱ្យ​ពួក​​គេ​ខ្វះ​ភាព​លេច​ធ្លោ​​ពេល​ស្លៀក​ខោ ឬ​ស្លៀក​សំពត់។​​

តារា​​ចម្រៀង​ស្រី ដែល​បាន​ផ្តើម​ចេញ​​ពី​អាជីព​ ជា​ប្រធាន​ក្រុម​រាំ កញ្ញា រ៉ាប៊ី បច្ចុប្បន្ន​នេះ​សម្បូរ​ទីផ្សារ​សិល្បៈ​ចម្រៀង និង​បាន​ងារ​ជា​តំណាង​ទូត​​សុច្ឆន្ទៈ​របស់​ក្រុមហ៊ុន​​ទូរស័ព្ទ​ ខេមហ្វូន និង​កំពុង​តែ​​រៀបចំ​បង្កើត​អាជីវកម្ម​​ផ្ទាល់​ខ្លួន​ក្រៅ​ពី​សិល្បៈ​​ទៀត​ផង​៕​