ក្រុង​ហាណូយ: ហាង​កាហ្វេ​ទឹកកក នៅក្នុង​ក្រុង​ហាណូយ បានក្លាយ​ទៅជា​គោល​ដៅ​ពេញ​និយម​ថ្មី​សម្រាប់​ពលរដ្ឋ​ក្រុង​ហាណូយ ជា​ពិសេស​នៅ​ក្នុង​ចំណោម​យុវជន និង​យុវតី​របស់​វៀតណាម ដែល​ចង់​គេច​ចេញ​ពី​សីតុណ្ហភាព​ដ៏​ក្ដៅ​ស្អុះ​ស្អាប់​នា​ពេល​នេះ។

ខណៈ​សីតុណ្ហភាព​កើន​ដល់ ៤០ អង្សា​សេ បរិយាកាស​សីតុណ្ហភាព -១០ អង្សា​សេ នៅក្នុង​ហាង​កាហ្វេ​ទឹកកក Ice Coffee Café ជា​ប្រភេទ​ហាង​រំលេច​ដោយ​រចនា​ប័ទ្ម​ទឹកកក​ដ៏​ត្រជាក់​ស្រៀវ​ឆ្អឹង​ខ្នង​មុន​ដំបូង​បំផុត​ក្នុង​ប្រទេស​វៀតណាម។

ហាង​កាហ្វេ​ទឹកកក​បាន​បើកសម្ពោធ​នៅ​ចុងខែ​មិថុនា​កន្លងទៅ ដោយ​វា​បាន​ទាក់ទាញ​អតិថិជន​ជាច្រើន ដែល​មាន​បំណង​រង់ចាំ​តម្រង់​ជួរ​ពី ១៥ ទៅ ២០ នាទី។ ខណៈ​រង់​ចាំ​នៅ​ខាង​ក្រៅ ពួកគេ​អាច​កុម្ម៉ង់​ភេសជ្ជៈ​ក្ដៅៗ​ទុក​ជា​មុន។

អតិថិជន​ត្រូវ​ពាក់អាវ​រងា​មុនពេល​ចូលក្នុង​បន្ទប់​ទឹកកក​ដើម្បី​ទប់ទល់​នឹង​ភាព​ត្រជាក់​រងា​នៃ​សីតុណ្ហភាព​ក្រោម​សូន្យ​អង្សា។ ក្រោយ​ពី​អង្គុយ​លេង​ប៉ុន្មាន​នាទី​មក ពួកគេ​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូល​ក្នុង​បន្ទប់​មួយ​ទៀត ដែល​មាន​សីតុណ្ហភាព -១០ អង្សា​សេ។

កញ្ញា ណា នូ ជា​អតិថិជន​ហាង​កាហ្វេ​ទឹកកក​ម្នាក់ បាន​និយាយថា៖ «ខ្ញុំ​មាន​អារម្មណ៍​ថា ដូច​បាន​នៅ​ក្នុង​រដូវ​រងា តែ​តាម​ពិត​ជា​រដូវ​ក្ដៅ​សោះ។ ខ្ញុំ​មិន​ចង់​ចេញ​ក្រៅ​វិញ​ទេ»។

ក្នុង​បន្ទប់​ទឹកកក​នេះ សូម្បីតែ​ជញ្ជាំង តុ និង​កៅអី ក៏​ត្រូវបាន​ផលិតឡើង​ពី​ដុំ​ទឹកកក​ធំៗ​ដែរ។ អតិថិជន​អាច​នឹង​មាន​ឱកាស​បាន​ឃើញ និង​ថតរូប​សែលហ្វ៊ី​ជាមួយ​ចម្លាក់​ទឹកកក​បន្ថែម​ពន្លឺភ្លើង​ពណ៌​ដ៏​ស្រស់​ស្អាត​ទៀត​ផង។

​បន្ទប់ហាងកាហ្វេ​បំពាក់​បរិក្ខា​រទឹក​កក​មាន​សីតុណ្ហភាព​ -១០ អង្សា។ AFP

លោក ឃ្វាច ម៉ាញ​ដួង ជា​ម្ចាស់​ហាង​កាហ្វេ​ទឹកកក បាន​និយាយថា ដើម្បី​រក្សា​សី​តុណ្ហភាព​ត្រឹម -១០ អង្សា​សេ បន្ទប់​នេះ​ត្រូវ​តែ​មិន​អាច​ឲ្យ​ជ្រាប​ចូល​កម្ដៅ​ដាច់​ខាត។

លោក​បាន​ប្រាប់ថា៖ «យើង​ក៏មាន​ប្រព័ន្ធ​ទឹកកក និង​បាញ់​បញ្ចេញ​ខ្យល់​ត្រជាក់​ឲ្យ​អតិថិជន។ សង្ឃឹម​ថា យើង​អាច​បន្ដ​បង្កើត​ទីកន្លែង​អស្ចារ្យ​ជាច្រើន​ទៀត​សម្រាប់​អតិថិជន​ទទួល​បាន​ពិសោធន៍​ប្លែកៗ និង​ជួយ​បន្សាប​កម្ដៅ​ក្នុង​សីតុណ្ហភាព​ដ៏​ក្ដៅ​ហែង​នៃ​ក្រុង​ហាណូយ»។

កាលពី​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ទីក្រុង​ហាណូយ​បាន​កើន​រលក​កម្ដៅ​ខ្លាំង​ជាប់ៗ​គ្នា​ដោយ​អំឡុង​ពេល​ថ្ងៃ សីតុណ្ហភាព​កើន​ពី ៣៦ ទៅ ៣៨ អង្សាសេ និង​តំបន់​ខ្លះ​បាន​ហក់​ដល់ ៤០ អង្សា​សេ​ថែម​ទៀត។

សម្រាប់​អ្នក​ប្រាថ្នា​ចង់​ស្គាល់​ទីកន្លែង​ថ្មី និងប្លែកៗដើម្បី​គេច​ពី​សីតុណ្ហភាព​ក្ដៅ ហាង​កាហ្វេ​ទឹកកក​ថ្មី​សន្លាង​នៅ​ក្នុង​ទីក្រុង​ហាណូយ​របស់​វៀតណាម ពិត​ជា​សម​ទំនង​ណាស់៕HR

យុវតី​វៀតណាម ថតរូប​សែលហ្វ៊ីជាមួយ​មនុស្ស​ទឹកកក​ក្នុង​ហាង​កាហ្វេ​ទឹកកក​ដ៏​ពេញ​និយម​ថ្មី​។​ AFP