ភ្នំពេញ៖ បណ្តុំស្នាដៃគំនូរថ្មីសន្លាង ១២ ផ្ទាំង និងចាស់ ៦ ផ្ទាំង របស់វិចិត្រករ ហួរ សីហា វ័យ ៣១ ឆ្នាំ ដែលធ្លាប់កើតនៅជំរំសាយប៊ី នៃតំបន់ព្រំដែនខ្មែរ-ថៃ បានត្រឹមវ័យ ៦ ខែ ហើយក៏ត្រូវបានឪពុកម្តាយយកមករស់នៅជាមួយវិញក្នុងតំបន់បន្ទាយទាហានដោយសារឪពុកប្រចាំការរហូតខ្លួនពេញវ័យ បានបើកការតាំងពិព័រណ៍ទោលក្រោមប្រធានបទ «ស្ទើរតែអរូបិយ»។
ពិព័រណ៍នេះ ចាប់ផ្តើមនៅថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២១ និងបន្តរហូតដល់ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅវិចិត្រសាល Pi-Pet-Pi Gallery282 ដែលមានអាសយដ្ឋាននៅផ្ទះលេខ ២៣ ផ្លូវ ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
វិចិត្រករដែលមានប្រវត្តិកម្សត់ បែកចេញពីឪពុកម្តាយនៅឆ្នាំ ២០០៥ និងមករៀនជំនាញសិល្បៈនៅឆ្នាំ ២០០៦ ហើយបញ្ចប់នៅឆ្នាំ ២០១៣ ជំនាញសិល្បៈសូនរូប នៅសាលាហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង ធ្លាប់តាំងពិព័រណ៍ស្នាដៃខ្លួន ជារឿយនៅវិចិត្រសាលជនបទ (Romcheik5 Art Space) នៅខេត្តបាត់ដំបង ខណៈស្នាដៃគំនូរភាគច្រើន ជាសារចែករំលែកនូវចំណេះដឹងពីធម្មជាតិ និងវិទ្យាសាស្រ្ត។
អ្នកស្រី Liz Heeley ជាម្ចាស់វិចិត្រសាល Pi-Pet-Pi Gallery282 បង្ហើបឱ្យដឹងពីការបើកតាំងពិព័រណ៍របស់ ហួរ សីហា ដែរថា៖ «ពិព័រណ៍នេះ សីហា មានស្នាដៃថ្មី ១២ ផ្ទាំង និងស្នាដៃចាស់ចំនួន ៦ ផ្ទាំង ដែលត្រូវដាក់តាំងចាប់ពីថ្ងៃទី ១៣ ខែមករា និងបន្តដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២១។ សីហា ធ្លាប់បានតាំងពិព័រណ៍ស្នាដៃសិល្បៈរបស់គាត់នៅឯវិចិត្រសាល Kampot Art Gallery នៅខេត្តកំពតម្តង ខណៈនៅវិចិត្រសាល Pi-Pet-Pi Gallery282 ក្នុងរាជធានីភ្នំពេញនេះវិញ គឺជាលើកទី២ របស់គាត់»។
ដោយសារភាពដិតដាម និងឆ្លងកាត់ជីវិតរស់នៅក្នុងតំបន់ព្រៃតាំងពីក្មេង ខណៈខ្លួនមានឪពុកធ្វើជាទាហានជួរមុខនៃតំបន់ព្រំដែននោះ វិចិត្រករមានទំនោរធម្មជាតិនិយម និងវិទ្យាសាស្រ្តនិយម ហួរ សីហា តែងតែប្រើនូវអារម្មណ៍នឹកស្រមៃសញ្ជឹងគិត ដើម្បីបង្កើតស្នាដៃគំនូរសហសម័យ មានន័យឆ្លុះបញ្ចាំងពីធម្មជាតិ ជីវភាពរស់នៅក្នុងស្រុកខ្មែរ និងនៅលើសកលលោក។
ជាទូទៅស្នាដៃគំនូរសហសម័យវិចិត្រករ ហួរ សីហា ភាគច្រើនមានលក្ខណៈគួរឱ្យកត់សម្គាល់ និងលេចធ្លោខ្លាំងនៅត្រង់ចំណុចនៃការបង្ហាញអំពីធម្មជាតិនៃតំបន់ព្រៃឈើ ដុះច្រូងច្រាង ដែលគ្មានស្លឹក និងការរំលេចភ្ជាប់ជាមួយលំនៅឋាន មានជីវភាពក្រីក្ររបស់ប្រជាជននៅតាមតំបន់ព្រៃនោះ ដោយមានន័យខ្លឹមសារ ចង់ឆ្លុះបញ្ចាំងអំពីបញ្ហាគ្រោះធម្មជាតិ និងបញ្ហាជីវភាពរស់នៅរបស់មនុស្សនៅក្នុងតំបន់សហគមន៍ព្រៃឈើទាំងឡាយទាំងពួង៕