ក្រុងវ៉ាស៊ីនតោន: អគ្គិភ័យ​ចម្លែកៗ​ជា​ហូរហែ​ក្នុង​ភោជនីយដ្ឋាន​ស៊ូស៊ិ​នៅ​សហរដ្ឋអាមេរិក​ត្រូវ​បាន​ស្ដីបន្ទោស​លើ​ឧក្រិដ្ឋជន​គ្មាន​ខ្លួន​ដែល​ជា​គ្រឿងផ្សំ​បំពង​កើតឡើង​ឯកឯង​។

គ្រឿងផ្សំ​មិន​សម​នឹង​បង្ក​ភ្លើង​ឆេះ​សោះ​នោះ បើ​មិន​ចេះ​គ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ វា​ក៏​អាច​បង្ក​អគ្គិភ័យ​ដែរ​។

កង​ពន្លត់​អគ្គិភ័យ​ស្ថិត​ក្នុង​ទីក្រុង​ម៉ាឌីសុន រដ្ឋ​វីស្កូនសិន បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ ២​ ករណី​នៅ​ភោជនីយដ្ឋាន​ជប៉ុន​កាលពី​ដើម​បង្កឡើង​ដោយ​ការបំពង​ម្សៅ​ស្រួយ​ស្រដៀង​នឹង​ម្សៅ​បំពង​ថេមភូរ៉ា​រួច​ទុក​ចោល​។

នាយក​ផ្នែក​អគ្គិភ័យ​ក្រុង​មីដវ៉េស្ទើន​បាន​ឲ្យ​ដឹង​ក្នុង​ព្រឹត្ដិបត្រ​ស្ដីពី​សុវត្ថិភាព​ថា​៖ «​ខ្លាញ់​បំពង ជាពិសេស​ប្រេង​សណ្ដែកសៀង និង​ផ្កា​ខាណូឡា​មាន​សារធាតុ​ងាយ​ឆាបឆេះ​ពេល​ត្រូវ​កម្ដៅ​ខ្លាំង​»​។

ខណៈ​ភោជនីយដ្ឋាន​ជប៉ុន​ភាគច្រើន​សម្បូរ​ដោយ​អាហារ​ឆៅ​មិន​សូវ​ទាមទារ​ការប្រើប្រាស់​ភ្លើង​ចម្អិន​នោះ ព្រឹត្ដិបត្រ​បាន​បន្ដ​ពន្យល់​ពី​មូលហេតុ​នៃ​អគ្គិភ័យ​ថា​៖ «​ដោយសារ​កម្ទេច​នំប៉័ង​រង​នូវ​កម្ដៅ​អំឡុង​ពេល​បំពង រួច​ស្រង់​ទុក​ក្នុង​ចាន ឬ​កញ្ច្រែង​ដើម្បី​ឲ្យ​ច្រោះ​ខ្លាញ់ និង​ត្រជាក់ វា​រង​នូវ​ប្រតិកម្ម​ចំហេះ​។ ស្ថានភាព​នេះ​អាច​បង្កើត​ជា​អណ្ដាតភ្លើង​ផង​ដែរ​»​។

អគ្គិភ័យ ២ ករណី​នៅក្នុង​ទីក្រុង​ម៉ាឌីសុន​បង្ក​ឲ្យ​មាន​ការបាត់បង់​ទឹកប្រាក់​យ៉ាង​តិច ៥៧៥ ០០០ ដុល្លារ ហើយ​ក្រុម​អ្នកស៊ើប​អង្កេត​បាន​បន្ទោស​លើ «​ម្សៅ​បំពង​ស្រួយ​» ដែល​យ៉ាង​ហោចណាស់​ជាប់​ពាក់ព័ន្ធ​នឹង​អគ្គិភ័យ​ចំនួន ៥ ​ករណី​។

ជា​វិធានការ​ទប់ស្កាត់​នាយកដ្ឋាន​អគ្គិភ័យ​បាន​ណែនាំ​ឲ្យ​ដាក់​គ្រឿងផ្សំ​លើ​កម្រាល​រាបស្មើ​ដូចជា ថាស​សម្រាប់​ដុត ដើម្បី​បញ្ចៀស​ការឆាបឆេះ​៕ HR