សៀមរាប៖ អង្គការអ្នកត្រួសត្រាយកម្ពុជា (TCO) កំពុងអនុវត្តគម្រោងសំខាន់ចំនួន ៤ ដោយផ្អែកលើយុទ្ធសាស្រ្តស្នូលចំនួន ៥ ដើម្បីកែលម្អជីវិតពលរដ្ឋកម្ពុជានៅតាមជនបទ។
បច្ចុប្បន្ននេះ គំនិតផ្តួចផ្តើមរបស់អង្គការ TCO ត្រូវបានអនុវត្តនៅក្នុងខេត្តគោលដៅចំនួន ៤ រួមមាន ខេត្តសៀមរាប កំពង់ធំ ពោធិ៍សាត់ និងបាត់ដំបង ហើយសង្ឃឹមថា នៅថ្ងៃណាមួយនឹងពង្រីកវិសាលភាពនៃគម្រោងនេះ ជាមួយនឹងការជួយពីអង្គការដៃគូ។
គម្រោងសំខាន់ៗដែលកំពុងប្រតិបត្តិការនាពេលឥឡូវនេះរួមមាន គម្រោង Eco-Soap Bank សួនបន្លែគ្រួសារ គម្រោងធនធានជលផលតាមវាលស្រែសម្រាប់កម្ពុជា និងគម្រោងវារីវប្បកម្ម។
លោក អ៊ុង ចាន់រតនា ស្ថាបនិកអង្គការ TCO បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «យើងអនុវត្ដលើគោលដៅយុទ្ធសាស្ដ្រ ៥ គឺ បង្កើនការគ្រប់គ្រងធនធានធម្មជាតិ លើកកម្ពស់កម្រិតជីវភាព និងសុវត្ថិភាពស្បៀង បង្កើនការអប់រំនៅតំបន់គោលដៅ លើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងអនាម័យ និងកៀរគរនូវប្រភពថវិកាដើម្បីនិរន្ដរភាពស្ថាប័ន»។
បន្ទាប់ពីបំពេញការងាររយៈពេល ១០ ឆ្នាំ ជាប្រធានគម្រោងឲ្យអង្គការមួយចំនួនក្នុងខេត្តសៀមរាប លោក អ៊ុង ចាន់រតនា បានបង្កើតអង្គការ TCO ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីអាហារូបត្ថម្ភចំណោមសហគមន៍កសិដ្ឋានកម្ពុជា។
TCO គឺជាអង្គការមានមូលដ្ឋាននៅខេត្ដសៀមរាប ដែលធ្វើលើកិច្ចការលើកស្ទួយជីវភាពរស់នៅរបស់ពលរដ្ឋជនបទ។
សមាជិករបស់អង្គការជាអ្នកវិទ្យាសាស្ដ្រកសិកម្ម អ្នកជំនាញអភិវឌ្ឍសហគមន៍ អ្នកជំនួញ និងអ្នកស្ម័គ្រចិត្ដ ដែលជួយជ្រោងកសិករខ្មែរពីបន្ទាត់ភាពក្រីក្រដោយផ្ដល់ជំនួយលើសេចក្ដីត្រូវការ។
លោកទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាស្ថានជលផលពីសាកលវិទ្យាល័យភូមិន្ទកសិកម្មក្នុងឆ្នាំ ២០០២ និងទទួលបានអនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្មជំនាញគ្រប់គ្រងទូទៅពីសាកលវិទ្យាល័យ Build Bright ក្នុងក្រុងសៀមរាប។
លោក ចាន់រតនា បានឲ្យដឹងថា៖ «ដំបូងឡើយ យើងធ្វើលើការងារជាផ្នែកអភិវឌ្ឍន៍ចម្រុះ។ មានម្ចាស់ជំនួយម្នាក់ នាំយើងជីកអណ្ដូង សង់អគារអ៊ីចឹងទៅ។ ដល់ពេលយើងឃើញថា ដំណើរការបែបនេះ យើងគួរតែស្ថាប័នមួយដើម្បីអនុវត្ដកិច្ចការនេះ។ ពេលជជែកជាមួយម្ចាស់ជំនួយ គាត់ផ្ដល់ថវិកាគាំទ្រដល់គម្រោង យើងក៏អាចដំណើរការចុះឈ្មោះនៅក្រសួងមហាផ្ទៃអ៊ីចឹងទៅ»។
នាយកប្រតិបត្តិនៃអង្គការ TCO រូបនេះបានថ្លែងថា៖ «ពួកគេផ្តល់នូវថវិកាសម្រាប់ដំណើរការគម្រោង។ យើងបានបង្កើតអង្គការ Trailblazer Cambodia Organization ហើយចុះបញ្ជីជាមួយក្រសួងមហាផ្ទៃក្នុងឆ្នាំ ២០០៨»។
លោកនិយាយថា៖ «កាលពីដំបូង យើងត្រូវការរៀនសូត្រច្រើនដើម្បីអាចដំណើរការទៅមុខ ហើយជាពិសេស យើងក៏ប្រឈមដាច់ Fund ផ្សេងៗអ៊ីចឹងដែរ រហូតដល់យើងរៀបចំយុទ្ធសាស្ដ្រនិរន្ដរភាពនេះ»។
TCO បានសហការជាមួយដៃគូជាច្រើនលើគម្រោងខុសៗគ្នា។
អ្នកស្រី ចេប ម៉ាលីបុប្ផា ប្រធានកម្មវិធីអង្គការអ្នកត្រួសត្រាយកម្ពុជា បានឲ្យដឹងថា៖ «យើងបាននិងកំពុងអនុវត្ដច្រើន ជាមួយដៃគូជាច្រើនតាំងពីដំណើរការ។ បច្ចុប្បន្ន យើងអនុវត្ដគម្រោងកសិកម្ម អភិរក្សធនធានធម្មជាតិ និងអនាម័យ ហើយចំពោះគម្រោងអប់រំ យើងទើបតែបញ្ចប់សកម្មភាព និងមិនទាន់មានដៃគូជំនួយបន្ដ»។
អង្គការកំពុងធ្វើលើកិច្ចការលើកកម្ពស់ជីវភាព និងការពារធនធានធម្មជាតិ ដែលមានឈ្មោះគម្រោងថា ធនធានជលផលតាមវាលស្រែសម្រាប់កម្ពុជា (Rice Field Fishery) ក្នុងដំណាក់កាលទី ២ ដែលទទួលបានការគាំទ្រពី USAID តាមរយៈអង្គការ World Fish។
គម្រោងនេះផ្ដោតសំខាន់លើស្រះជម្រកត្រីសហគមន៍ ដែលបង្កើនទិន្នផលត្រីនៅតាមវាលស្រែ។ ប្រជាជននៅតាមតំបន់អាចនេសាទត្រីសម្រាប់បរិភោគ និងអាចលក់ដូរបានសម្រាប់ការបង្កើនជីវភាព។
អ្នកស្រី ចេប ម៉ាលីបុប្ផា បានបន្ដថា៖ «យើងក៏ធ្វើការបណ្ដុះបណ្ដាលលើផ្នែកអាហារូបត្ថម្ភ អត្ថប្រយោជន៍ត្រីល្អិត និងចេះរៀបចំសួនបន្លែគ្រួសារ។ យើងបណ្ដុះបណ្ដាលគាត់ឲ្យចេះប្រើប្រាស់ពហុប្រយោជន៍នៃស្រះជម្រកត្រី ទៅតាមតម្រូវការជាក់ស្ដែង និងសក្ដានុពល ដូចជា ស្រោចដំណាំ ជាទឹកស្អាត សម្រាប់សត្វពាហនៈក្នុងតំបន់ផឹក ឬផ្សេងៗទៀតក្នុងគ្រួសារ ព្រមទាំងដាំដំណាំនានានៅតាមខ្នងស្រះ»។
ស្រះជម្រកត្រីសហគមន៍ គឺជាផ្ទៃទឹក ដែលការពារត្រីធម្មជាតិក្នុងរដូវប្រាំង និងជាកន្លែងសម្រាប់ត្រីបង្កាត់ពូជ ពងកូន និងលូតលាស់។
ស្រះជម្រកត្រីសហគមន៍បានជួយបង្កើនទិន្នផលត្រីតាមវាលស្រែ និងបង្កើនជីវភាពរបស់ពលរដ្ឋកម្ពុជា។
លោក អ៊ុង ចាន់រតនា បានថ្លែងថា៖ «ចំពោះសួនបន្លែគ្រួសារ យើងមានប្រមាណ ៥០០ គ្រួសារ នៅក្នុងស្រុកពួក និងស្រុកអង្គរជុំ ក្នុងខេត្តសៀមរាប។ ដោយសារម៉ូដែលនេះ យើងធានាឲ្យពួកគេទទួលបាននូវអាហារូបត្ថម្ភផងក្រៅពីការផ្គត់ផ្គង់ទីផ្សារ ដែលយើងមានការផ្លាស់ប្ដូររបៀបអនុវត្ដផងដែរ។ ដំបូងឡើយ យើងមានចែកសំណាញ់ និងធនធានផ្សេងៗសម្រាប់ឲ្យគាត់ដាំអ៊ីចឹង។ ប៉ុន្ដែក្រោយមក គាត់ធ្វើដោយខ្លួន រួមទាំង គ្រាប់ពូជ»។
ព័ត៌មានបន្ថែម ឬដើម្បីឧបត្ថម្ភថវិកា សូមចូលទៅគេហទំព័ររបស់អង្គការ TCO តាមរយៈវេបសាយ www.tcocambodia.org ឬទំព័រហ្វេសប៊ុក @TCOCambodia៕ PS