ភ្នំពេញៈ ការសម្តែងនូវទម្រង់សិល្បៈខ្មែរចម្រុះ ដែលរៀបចំដោយអង្គការសិល្បៈខ្មែរអមតៈ មានរយៈពេលយូររហូតដល់ ៣ ខែ គឺចាប់ផ្តើមពីថ្ងៃនេះ បន្តរហូតដល់ចុងខែកញ្ញា ឆ្នាំ ២០១៨ ខាងមុខ ក្រោមប្រធានបទថា «ការស្វែងរកអត្តសញ្ញាណ»។
កញ្ញា អឿន រ៉ូហ្សា សមាជិកម្នាក់នៃក្រុមការងារស្ម័គ្រចិត្តមកពីក្រុមរីកសាយ ដែលសហការរៀបចំកម្មវិធី ជាមួយអង្គការសិល្បៈខ្មែរអមតៈ បង្ហើបប្រាប់ពីគោលបំណងថា គោលបំណងនៃកម្មវិធី គឺបំផុសនូវសំណួរក្នុងចំណោម និងរវាងទស្សនិកជន ជាមួយសិស្សព្រមទាំង ជំរុញឲ្យមានការការជជែកពិភាក្សា ទៅលើការយល់ឃើញរបស់ពួកគេជុំវិញនៃពាក្យថា «អត្តសញ្ញាណ» ជាពិសេស អំពីអត្តសញ្ញាណកម្ពុជា។
កញ្ញាថ្លែងថា «យើងតែងមានការចូលរួមពីសិល្បករ្បករ និងអង្គការជាដៃគូនានា ទូទាំងប្រទេសកម្ពុជា និងក្រៅប្រទេស នឹងរៀបចំកម្មវិធីនានា រួមមានការសម្ដែងសៀកសហម័យ ដោយ ហ្វារពន្លឺសិល្បៈ ល្ខោនកាយវិការ អង្គការអេពិកអាត ផ្ទាំងទស្សនីយភាពដោយក្រុមសិល្បករមហាជនភូមិតងណងឡិះ មកពីខេត្តរតនគិរី ក្រុមល្ខោនយីកេខ្មែរ ដោយក្រុមយីកេអតមៈ ល្ខោនហ្ស៊ីកេម៉ាឡេស៊ី។»
ក្រៅពីនេះ កញ្ញាបន្ថែមថា អ្នកចូលរួមនឹងទទួលបានបទពិសោធដោយផ្ទាល់ស្តីពីសិក្ខាសាលា ដែលស្វែងរកអត្តសញ្ញាណកម្ពុជារបស់យើង សម្របសម្រួលដោយអង្គការ នារីដើម្បីសន្តិភាព។
សិក្ខាសាលារាំច្នៃប្រឌិត ក្រុមសិល្បករអេពិកអាត កិច្ចពិភាក្សានានា ការបញ្ចាំងភាពដោយមជ្ឈមណ្ឌលធនធានរៀបចំសម្របសម្រួលជាដៃគូដៃគូ ដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណាអមដោយកិច្ចពិភាក្សាចុងកម្មវិធីជាច្រើនទៀតផងដែរ។
ចំពោះកម្មវិធីនឹងប្រព្រឹត្តទៅនៅតាមទីតាំងនានា នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅលើឆាកសម្ដែងសិល្បៈខ្មែរអមតៈនៃបរិវេណសារមន្ទីរជាតិ សាកលវិទ្យាល័យនានា មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា វិទ្យាស្ថានបារាំងប្រចាំកម្ពុជាជាដើម។
ការចាប់ផ្តើមថ្ងៃដំបូងគឺថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៨ នេះ ជាមួយនឹងការសម្តែងរបាំសហសម័យឈ្មោះថា «ក្មេងឃ្វាលក្របី» របស់ក្រុមសិល្បករការិនីជាជនពិការនៃអង្គការអេពិកអាតនៃបរិវេណសាកលវិទ្យាល័យមេគង្គកម្ពុជា។
ការសម្ដែងនៅសារមន្ទីរជាតិ សំបុត្រចូលទស្សនាតម្លៃ ២ ម៉ឺនរៀលនិងអាចសាកសួរព័ត៌មានតាមគេហទំព័រ www.cambodianlivingarts.org៕