ក្រុង​តូក្យូ៖ គេ​អាច​ហៅ​វា​ថា ជា​ការ​រក​ឃើញ​ដ៏​គួរ​ឲ្យ​ស្លុត​ចិត្ដ​។ ការ​វិភាគ​ DNA បាន​បង្ហាញ​អម្បូរ​អន្ទង់​អគ្គិសនី​ពូជ​ថ្មី​ចំនួន​ ២ ក្នុង​តំបន់​ព្រៃ​អាម៉ាហ្សូន រួម​ទាំង​ពូជ​មួយ​ប្រភេទ​ដែល​មាន​សមត្ថភាព​ផ្ដល់​ថាមពល​អគ្គិសនី​យ៉ាង​ច្រើន​មិន​គួរ​ឲ្យ​ជឿ​។

ក្រុង​អ្នក​វិទ្យាសាស្ដ្រ បាន​និយាយ​ថា លទ្ធផល​គឺ​ជា​ភ័ស្ដុតាង​បង្ហាញ​ពី​ភាព​សម្បូរ​បែប​របស់​ព្រៃ​អាម៉ាហ្សូន​ ដែល​ភាគ​ច្រើន​អ្នក​វិទ្យាសាស្ដ្រ​មិន​ទាន់​ស្គាល់​ និង​មូលហេតុ​ដែល​ព្រៃ​យក្ស​មួយ​នេះ​ចាំបាច់​ត្រូវ​ទទួល​កិច្ច​ការពារ​ចំពោះ​ដែន​ជម្រក​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ភ្លើង​ឆេះ​ព្រៃ​។

ប្រធាន​ក្រុម​ស្រាវជ្រាវ ស៊ី ដាវិដ ដេ​ សាន់តាណា ជា​សត្តវិទូ​ធ្វើ​ការ​ជាមួយ​សារមន្ទីរ​ជាតិ​ផ្នែក​​ប្រវត្ដិសាស្ដ្រ​ធម្មជាតិ​ Smithsonian បាន​និយាយ​​ថា​៖ «​ទោះបី​ជា​មនុស្ស​នាំ​គ្នា​លុក​លុយ​ព្រៃ​អាម៉ាហ្សូន​យ៉ាង​ខ្លាំង​​ ៥០ ឆ្នាំ​ចុង​ក្រោយ​នេះ​យ៉ាង​ណា​ក៏​ដោយ​ ក៏​យើង​នៅ​តែ​អាច​ប្រទះ​ឃើញ​ត្រី​យក្ស​ជា​ច្រើន ដូចជា អន្ទង់​អគ្គិសនី​ ​២ ប្រភេទ​នេះ​ជា​ដើម​»។

តំបន់អាម៉ាហ្សូន ជាជម្រកជីវចម្រុះ​ដែល​អ្នកវិទ្យាសាស្ត្រ​ស្រាវជ្រាវ​មិនចេះ​​​ចប់​។

ការ​ស្រាវជ្រាវ​បង្ហាញ​ថា អម្បូរ​សត្វ​ជា​ច្រើន​កំពុង​រង់ចាំ​ឲ្យ​អ្នក​វិទ្យាសាស្ដ្រ​ស្វែងរក​ក្នុង​តំបន់​ព្រៃ​អាម៉ាហ្សូន ដោយ​សត្វ​មួយ​ចំនួន​អាច​ព្យាបាល​ជំងឺ និង​អាច​ជា​ចលករ​គំហើញ​បច្ចេកវិទ្យា​ប្លែកៗ​ថែម​ទៀត​ផង​។

ជាក់​ស្ដែង​ការ​សិក្សា​ ​អន្ទង់​អគ្គិសនី​​ប្រភេទ​ត្រី​ ដែល​​ចលករ​នាំ​ឲ្យ​មាន​ការ​ផលិត​អាគុយ​ផ្ទុក​អគ្គិសនី​លើក​ដំបូង​ក្នុង​ប្រវត្ដិសាស្ដ្រ​។ ការ​វិភាគ​បន្ថែម រួម​មាន​ទម្រង់​វិភាគ​ DNA ពី​សំណាក​ ១០៧ បាន​បង្ហាញ​ពី​អម្បូរ​ប្លែកៗ ៣ ប្រភេទ​ ដូចជា​អន្ទង់​អគ្គិសនី Electrophorus electricus រួម​នឹង​អម្បូរ Electrophorus voltaic និង​ Electrophorus varii​។

ការ​ស្រាវជ្រាវ​របស់​ពួក​គេ​ក៏​បាន​រក​ឃើញ​លទ្ធផល​ដ៏​ភ្ញាក់​ផ្អើល​​មួយ​ទៀត​នោះ គឺ​អន្ទង់ voltaic អាច​​បញ្ជូន​ថាមពល​អគ្គិសនី ៨៦០ វ៉ុល​ ច្រើន​ជាង​​អន្ទង់​គ្រង​មុនៗ​ដែល​មាន​សមត្ថភាព​ត្រឹមតែ​ ៦៥០ វ៉ុល​។ វា​គឺ​ជា​អ្នក​ផ្ទុក​ថាមពល​ខ្លាំង​បំផុត​​សម្រាប់​អន្ទង់​អគ្គិសនី​ជំនាន់​ថ្មី​៕ AFP/HR