ក្រុងឡាអេ: អាកាសចរណ៍​ហូឡង់ KLM ប្រឈម​ការរិះគន់​កាលពី​ថ្ងៃ​ពុធ​លើ​គោលការណ៍​ដែល «​ធ្វើឲ្យ​អាម៉ាស់​កេរ្ដិ៍​ខ្មាស​ស្ដ្រី​» ក្រោយពី​អ្នក​ម្ដាយ​បំបៅ​ដោះ​កូន​ម្នាក់​បាន​និយាយ​ថា អ្នកស្រី​ត្រូវ​បាន​ប្រាប់​ឲ្យ​បិទបាំង​ដើម្បី​កុំ​ឲ្យ​អ្នកដំណើរ​ដទៃ​វាយតម្លៃ​មិន​សមរម្យ​។

ស្ដ្រី​ឈ្មោះ សេលប៊ី អេនហ្គេល បាន​ឲ្យ​ដឹង​លើ​ហ្វេសប៊ុក​ថា បុគ្គលិក​លើ​យន្ដហោះ​ម្នាក់​បាន​ប្រាប់​អ្នកស្រី​ឲ្យ​យក​ភួយ​បាំង​ដើមទ្រូង ខណៈ​បំបៅ​ដោះកូន​អាយុ​មួយ​ឆ្នាំ​អំឡុងពេល​ហោះហើរ​ពី​ទីក្រុង​សានហ្វ្រានស៊ីស្កូ ទៅ​កាន់​អាំស្ទែរដាំ​។

KLM អះអាង​លើ Twitter ថា​៖ «​ដើម្បី​ធានា​ថា​អ្នកដំណើរ​មកពី​គ្រប់​មជ្ឈដ្ឋាន​មាន​អារម្មណ៍​ផាសុកភាព​យើង​អាច​ស្នើសុំ​អ្នក​ម្ដាយ​បិទបាំង​រាងកាយ​ ខណៈ​បំបៅ​ដោះ​កូន​ដែល​អ្នក​ដំណើរ​ខ្លះ​អាច​វាយតម្លៃ​មិន​សមរម្យ​»​។

ស្ដ្រី​អ្នកនាំពាក្យ KLM ក្រោយមក​ប្រាប់ AFP តាម​អ៊ីមែល​ពេល​សួរ​អំពី​ការតវ៉ា​អ្នក​ម្ដាយ​រូប​នោះ​ថា​៖ «​មែន ការ​បំបៅ​ដោះ​កូន​គឺ​ត្រូវ​បាន​អនុញ្ញាត​នៅ​លើ​យន្ដហោះ KLM​។ យ៉ាងណា​មិញ​អ្នកដំណើរ​មិន​ទាំងអស់​ទេ​អាច​ស្រណុក​ចិត្ដ​ជាមួយ​ទិដ្ឋភាព​ការបំបៅ​ដោះ​កូន​នៅ​ក្បែរ​ខាង ហើយ​ជួនកាល​អ្នក​ដំណើរ​ទាំងនោះ​តវ៉ា​ដល់​បុគ្គលិក​ថែម​ទៀត​។ ដើម្បី​រក្សា​សន្ដិភាព​ក្នុង​យន្ដហោះ ករណី​នេះ​យើង​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​អាច​ទទួល​យក​បាន​គ្រប់​ភាគី ព្រមទាំង​បង្ហាញ​ពី​ការគោរព​ដល់​ផ្លូវ​អារម្មណ៍ និង​ឯកជនភាព​។ វា​អាច​ពាក់ព័ន្ធ​នឹង​ការស្នើសុំ​អ្នក​ម្ដាយ​ឲ្យ​បិទបាំង​ដើមទ្រូង​ជាដើម​»​។

នៅ​ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អាមេរិក វា​ជា​ទង្វើ​ខុសច្បាប់​ចំពោះ​ម្ចាស់​ជំនួញ​ណា​ដែល​រើសអើង​ចំពោះ​អ្នក​ម្ដាយ​បំបៅ​ដោះ​កូន​។ វា​មិន​ទាន់​ច្បាស់​ថា តើ​ប្រទេស​ហូឡង់​ប្រើ​ច្បាប់​យ៉ាង​ដូចម្ដេច​នោះ​ទេ​៕ HR