ក្រុងលីម៉ា៖ អាជ្ញាធរ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ប៉េរូ កំពុង​តែ​បារម្ភ​ខ្លាំង​ឲ្យ​ឈប់​សម្លាប់​ប្រចៀវ​ ក្រោយ​ពី​សង្គ្រោះ​បាន ២០០ ក្បាល​ ដែល​នឹង​ត្រូវ​បាន​ដុត​ចោល​ ដោយ​ជឿ​ថា វា​អាច​បញ្ឈប់​ការ​រីក​រាល​ដាល​វីរុស​។

សេវាកម្ម​ជាតិ​ដើម្បី​ព្រៃ​ឈើ និង​រុក្ខជាតិ​ព្រៃ (SERFOR) បាន​​ឲ្យ​ដឹង​​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​ពុធ​ថា​៖ «​យើង​មិន​គួរ​ជ្រួល​ច្របល់​ចំពោះ​ស្ថានភាព​​ប្រកាស​អាសន្ន​នេះ​ទេ​។ ប្រចៀវ​មិន​មែន​ជា​សត្រូវ​យើង​ទេ​»។

SERFOR បាន​អំពាវនាវ​ឲ្យ​រក្សា​ភាព​ស្ងប់ស្ងាត់​ ក្រោយ​​ម្ចាស់​កសិដ្ឋាន​នៅ Culden ភាគ​ខាង​ជើង​តំបន់​ Cajamarca បាន​ចាប់​ដុត​ប្រចៀវ​សម្លាប់​។

ទីភ្នាក់ងារ​បាន​ឲ្យ​ដឹង​ថា​៖ «មនុស្ស​នាំ​គ្នា​ប្រមាញ់​ប្រចៀវ​ដោយសារ​ពួក​គេ​គិត​ថា ប្រចៀវ​ជា​សត្វ​ចម្លង​រោគ​»។

សត្វ​ប្រចៀវ​ត្រូវ​បាន​សង្គ្រោះ​ដោយ​បុគ្គលិក SERFOR និង​លែង​ឲ្យ​ចូល​ល្អាង​​ឆ្ងាយ​ពី​ភូមិ ​Culden។ ​ប្រចៀវ​ក៏​អាច​​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​ ខណៈ​ប្រចៀវ​ ៧០ ភាគរយ ​នៅ​ក្នុង​លោក​ជួយ​កម្ចាត់​សត្វ​ល្អិត​ភាគ​​ច្រើន ​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​វិស័យ​កសិកម្ម និង​សុខភាព​ ដូចជា មូស​ ដែល​ចម្លង​រោគ​គ្រុន​ឈាម និង​ជំងឺ​ផ្សេងៗ​។

ចេស៊ីកា ហ្គាល់វេស ឌូរ៉ាល់ ដែល​ទទួល​បន្ទុក​បុប្ផា​ព្រៃ នៅ SERFOR ​​ថា មនុស្ស​គួរ​ចៀស​វាង​​ទទួល​ទាន​សត្វ​ព្រៃ​ ហើយ​ការ​យក​សាច់​សត្វ​ព្រៃ​មក​ធ្វើ​ជា​ឱកាស​ក៏​ប្រថុយ​គ្រោះ​​ថ្នាក់​ដែរ។

នៅ​​តំបន់​អាស៊ី ដូចជា ចិន​ ជា​ទី​ដែល​វីរុស​កូរ៉ូណា​ចាប់​ផ្ដើម​​ផ្ទុះ​ដំបូង សាច់​ប្រចៀវ​ត្រូវ​បាន​ចាត់​ទុក​ជា​អាហារ​​ពិសេស។ អ្នក​ជំនាញ​​​ជឿ​ថា សត្វ​ប្រចៀវ​ឆ្លង​ទៅ​សត្វ​ពង្រូល ​ដែល​ត្រូវ​បាន​​មនុស្ស​ទទួល​ទាន​ ​រួច​ចម្លង​រោគ​កូរ៉ូណា​ទៅ​មនុស្ស​។

អ្នក​វិទ្យា​សាស្ដ្រ​ជឿ​ថា វីរុស​មាន​ប្រភព​​ពី​ប្រចៀវ តែ​ឆ្លង​ទៅ​មនុស្ស​តាមរយៈ​សត្វ​ផ្សេង​ទៀត ដែល​ប្រហែល​ជា​ពង្រូល​ ដោយ​សាច់​​​វា​ត្រូវ​បាន​ប្រើ​ជា​ឱសថ​ជំនួយ​សុខភាព៕ AFP/HR