ក្រុង​ឡូសអេនជឺលេស៖ តារា​ចម្រៀង​ប៉ុប​អាមេរិក អារីយ៉ាណា ហ្គ្រេនដេស៍ (Ariana Grande) បាន​រៀប​ការ​ជាមួយ​សង្សា​រជា​ភ្នាក់ងារ​អចលនទ្រព្យ​ប្រណីត​ ដាល់តុន ហ្គូម៉េស (Dalton Gomez) នៅ​ផ្ទះ​របស់​នាង​ក្នុង​ទីក្រុង​ឡូសអេនជឺលេស កាលពីថ្ងៃ​អាទិត្យ​។ នេះ​បើ​យោងតាម​បណ្ដាញ​ផ្សព្វ​ផ្សាយ​អាមេរិក​បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​។

អ្នក​តំណាង​ឱ្យ​តារា​ចម្រៀង​ប៉ុប​វ័យ ២៧​ ឆ្នាំ បាន​ប្រាប់​ទស្សាវដ្ដី People ដែល​អះអាង​របាយ​ការណ៍​ពី TMZ ថា​៖ «​វា​គ្រាន់តែ​ជា​ពិធី​តូច​តាច​ និង​មានតែ​អ្នក​ជិត​ស្និទ្ធិ​ប៉ុណ្ណោះ​ មិន​ដល់ ២០​ នាក់​ផង​។ បន្ទប់​រៀបចំ​កម្មវិធី​ពោរ​ពេញ​ដោយ​ភាព​រីករាយ និង​ក្ដី​ស្រឡាញ់​។ ពួកគេ​ទាំង​ពីរ​ ក៏​ដូចជា​សាច់​ញាតិ​ទាំង​សង​ខាង លើស​ពី​ការ​សប្បាយ​»។

កាលពី​ខែ​ធ្នូ តារាចម្រៀង​ស្រី​មានទ្រព្យ​សម្បត្តិ​តម្លៃ ១៨០ លានដុល្លារ ​អារីយ៉ាណា បាន​ប្រកាស​ពី​ការ​ភ្ជាប់​ពាក្យ​ជាមួយ​ លោក​ ​ហ្គូម៉េស ជា​ភ្នាក់ងារ​អចលនទ្រព្យវ័យ ២៥​ ឆ្នាំ ដែល​​ទស្សនាវដ្តី​ Life & Style ចុះផ្សាយថា​មានទ្រព្យសម្បត្តិ​ប្រមាណ ២០​ លានដុល្លារ។

ចិញ្ចៀន​បញ្ចាំ​ស្នេហ៍​ដែល អារីយ៉ាណា បង្ហាញ​ក្នុង​បណ្ដាញ​សង្គម​កាល​ពី​ចុង​ឆ្នាំមុន។ អ៊ីនស្តាក្រាម

លើ​បណ្ដាញ​សង្គម​អ៊ីនស្ដាក្រាម​ អ្នកទាំងពីរ​បាន​បង្ហោះ​ដោយ​បន្ថែម​ទាំង​រូបភាព​គូស្នេហ៍​ទាំងពីរ ក៏ដូចជា​ចិញ្ចៀន​ពេជ្រ​ និងគជ់​ជាមួយ​សំណេរ​ថា «​ជារៀង​រហូត​ និង​និរន្ដ​»។

អ្នក​ទាំងពីរ​ត្រូវបាន​មើល​ឃើញ​បង្ហាញ​ភាព​ស្និទ្ធិ​ស្នាល​ជាមួយ​គ្នា​ជា​សាធារណៈ​ក្នុង​វីដេអូ​តន្ដ្រី​មួយ​នៃបទ «​Stuck with U» ជា​ចម្រៀង​សប្បុរស​ដែល​នាង​ថត​ជាមួយ ចាស្ទីន ប៊ីប៊័រ អំឡុង​ពេល​បិទ​ខ្ទប់​នៅ​កាលីហ្វរនីញ៉ា និង​ចេញ​ផ្សាយ​កាលពី​ដើម​ខែ​។

អត្ថន័យ​បទ​ចម្រៀង​សំដៅ​លើ​គូស្នេហ៍​ដែល​ចំណាយ​រួមរស់​ជាមួយ​គ្នា​អំឡុង​ពេល​បិទ​ខ្ទប់​។ ចម្រៀង​នេះ​បាន​រៀបរាប់​អំពី​ដំណើរ​ជីវិត​ស្រដៀង​នឹង​គូស្នេហ៍​វ័យ​ក្មេង​ទាំង​ពីរ​ក្នុង​សម័យ​រឹត​ត្បិត​ការ​ធ្វើ​ដំណើរ​ ដោយ​ធ្វើ​ឱ្យ​​ពួកគេ​បាក់​ស្រឡាញ់​គ្នា​ ឬ​ក៏​ខ័ណ្ឌ​ចែក​ស្នេហា​ក៏​ព្រោះតែ​កូវីដ​។

តារាចម្រៀង​វ័យ ២៧ ឆ្នាំ អារីយ៉ាណា និង​ម្ចាស់ស្នេហ៍​ជា​ភ្នាក់ងារ​អលនទ្រព្យ​ប្រណីត។ អ៊ីនស្តាក្រាម

បទពិសោធ​នេះ​ហាក់​ប្រែ​ក្លាយ​ជា​ភាព​រីករាយ​នា​ពេល​ចុង​បញ្ចប់​ចំពោះ​តារា​ចម្រៀង​ប៉ុបម្ចាស់​បទ​​ «​​thank u next»។

ម្ចាស់​ជ័យ​លាភី Grammy-award អារីយ៉ាណា ក៏​ធ្លាប់​បាន​ភ្ជាប់​ពាក្យ​ជាមួយ​តារា​កំប្លែង​ ភេត ដាវីដសុន (Pete Davidson) ក្នុង​ឆ្នាំ​ ២០១៨ ផង​ដែរ​។

នាង​ក៏​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​ក្រៅ​ទឹក​ដី​អាមេរិក​ក្នុង​ឆ្នាំ ​២០១៧ ពេល​ការ​ប្រគំ​តន្ដ្រី​របស់​នាង​បាន​ក្លាយ​ជា​គោលដៅ​ភេរវកម្ម​គ្រាប់​បែក​អត្ដឃាត​ក្នុង​ទីក្រុង​មេនឆែស្ទើរ ប្រទេស​អង់គ្លេស​ ដែល​ធ្វើ​ឱ្យ​មនុស្ស ២២​ នាក់​ស្លាប់​ និង​រាប់​រយ​នាក់​រង​របួស​៕ AFP/HR

រូបភាព​ផ្អែមល្ហែម​របស់​តារាចម្រៀង​វ័យ ២៧ ឆ្នាំ អារីយ៉ាណា និង​ម្ចាស់ស្នេហ៍​ជា​ភ្នាក់ងារ​អលនទ្រព្យ​ប្រណីត។ អ៊ីនស្តាក្រាម

ម្ចាស់ស្នេហ៍​របស់នាង​មានទ្រព្យ​សម្បត្តិ​ប្រមាណ ២០ លាន រីឯ​រូបនាង​មាន​រហូត​ដល់ទៅ ១៨០​​ លានដុល្លារ​អាមេរិក។ អ៊ីនស្តាក្រាម

តារាចម្រៀង​តូច​ច្រឡឹង អារីយ៉ាណា ហ្គ្រេនដេស៍ អាយុ​ ២៧ ឆ្នាំ បាន​រៀបការ​កាលពីថ្ងៃអាទិត្យ ទី ១៦ ខែ ឧសភា ឆ្នាំ ២០២១ ដោយរៀបចំពិធី​យ៉ាង​សាមញ្ញ។ AFP