ក្រុង​ខេពថោន : វា​ជា​ផែន​ការ​ដ៏​គួរ​ឲ្យ​អស់​សំណើច​ក្នុង​ស្ថានភាព​គ្រោះ​រាំង​ស្ងួត​ ដោយ​ការ​អូស​ទាញ​ភ្នំ​ទឹកកក​ ពី​អង់តាក់ទិក​មក​កាន់​ទី​ក្រុង​ខេព​ថោន ដើម្បី​ផ្គត់​ផ្គង់​ទឹក​សាប​ដល់​ទីក្រុង​ក្នុង​គ្រា​ជួប​ទុរភិក្ស​នេះ​។

កាល​ពី​ដើម​ឆ្នាំ ក្រុង​ខេព​ថោន បាន​បិត​ក្បាល​រ៉ូប៊ីណេ​ទឹក​អស់​រយៈ​ពេល​ជា​ច្រើន​សប្ដាហ៍​ និង​បង្ខំ​ពលរដ្ឋ​ឲ្យ​ឈរ​តម្រង់​ជួរ​ដើម្បី​ត្រង​ទឹក​ពី​បំពង់​បង្ហូរ​សាធារណៈ​។

ការ​កាត់​ផ្ដាច់​ការ​ផ្គត់​ផ្គង់​ទឹក​ត្រូវ​បាន​ធ្វើ​ឡើង ​ដើម្បី​កុំ​ឲ្យ​​ពលរដ្ឋ​ប្រើ​ប្រាស់​ទឹក​ខ្ជះ​ខ្ជាយ​ ហើយ​ភ្លៀវ​នៅ​សិសិ​រដូវ​ (រដូវ​រងារ) បាន​ផ្ដល់​បរិមាណ​ទឹក​មួយ​ចំនួន​ដល់​ពលរដ្ឋ​។ ប៉ុន្ដែ​បញ្ហា​កង្វល់​ទឹក​នឹង​កើត​មាន​ជា​ថ្មី​នៅ​ទីក្រុង​ឆ្នេរ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​មួយ​នេះ​នៅ​ខែ​ក្រោយ​។

អ្នក​ជំនាញ​ច្នៃ​វត្ថុ​ចាស់​ៗ នីក ស្លូអាន​ (Nick Sloane)​ ជា​អ្នក​នឹក​ឃើញ​អូស​ទាញ​ភ្នំ​ទឹកកក​លើ​មហា​សាគរ បាន​និយាយ​ថា​៖ «​គំនិត​នេះ​ពិត​ជា​គួរ​ឲ្យ​ចង់​សើច​មែន​។ ប៉ុន្ដែ​បើ​អ្នក​ពិនិត្យ​ពិចៃ​ពី​គុណ​សម្បត្ដិ​របស់​វា វា​ពិត​ជា​មិន​អន់​ទេ​»។

រូបភាព​នៅ​តំបន់ទំបន់​ទឹក​មួយ​ ដែល​មាន​តែ​ដីខ្សាច់ និង​ផ្លូវ​ទឹក​តូច​ចង្អៀត ស្ថិត​នៅចម្ងាយ​ជាង ១០០ គីឡូម៉ែត្រ​ ពី​ក្រុង​ខេបថោន។ រូបថត AFP

លោក ស្លូអាន បាន​ស្នើ​ឲ្យ​ចង​រុំ​ភ្នំ​ទឹកកក​ដើម្បី​កុំ​ឲ្យ​វា​រលាយ​ និង​ប្រើ​នាវា​យក្ស​មួយ​គ្រឿង និង​ទូក​សណ្ដោង​ពីរ​គ្រឿង​ដើម្បី​អូស​ទាញ​ភ្នំ​ទឹកកក​លើ​ចម្ងាយ​ផ្លូវ ២០០០ គីឡូម៉ែត្រ​ឆ្ពោះ​ទៅកាន់​ក្រុង​ខេព​ថោន ទៅ​តាម​ចរន្ដ​ទឹក​។

ភ្នំ​ទឹកកក ដែល​ត្រូវ​បាន​ជ្រើស​រើស​យក​ចិត្ដ​ទុក​ដាក់​ដោយ​ប្រើ​​យន្ដ​ហោះ​ដ្រូន​ និង​ស្គេន​ពី​ទំហំ​របស់​វា អាច​មាន​ប្រវែង​មួយ​គីឡូម៉ែត្រ មុខ​កាត់​ ៥០០ ម៉ែត្រ និង​មាន​កម្ពស់ ២៥០ ម៉ែត្រ​ ដោយ​មាន​រាង​សំប៉ែត​ និង​រាប​ស្មើ​។

ទឹក​ដែល​រលាយ​អាច​ត្រូវបាន​ប្រមូល​រៀង​រាល់​ថ្ងៃ​ដោយ​ប្រើ​បំពង់​ប្រឡាយ​ និង​ម៉ាស៊ីន​បុក​មួយ ​ដើម្បី​​បំបែក​ដុំ​ទឹកកក​ឲ្យ​ក្លាយ​ជា​ទឹក​ក្នុង​បរិមាណ​ ១៥០ លាន​លីត្រ​ ​សម្រាប់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​រហូត​ដល់​មួយ​ឆ្នាំ​។

ផ្ទាំង​ទឹកកក​​ ដែល​នឹង​ត្រូវ​ជ្រើសរើស ចាំ​បាច់​ត្រូវមាន​ផ្ទៃ​រាប។ រូបថត AFP

លោក​ប៉ាន់​ប្រមាណ​ថា វា​អាច​ចំណាយ​ប្រាក់​ ១០០ លាន​ដុល្លារ ដើម្បី​អូស​ទាញ​ភ្នំ​ទឺកកក​មួយ​ដែល​ទំនង​ជា​ប្រើ​ពេល​ ៣ ខែ​ និង​ទឹក​ប្រាក់​ប្រមាណ​ពី ៥០ ទៅ ៦០ លាន​ដុល្លារ​ ​ទៀត​ ដើម្បី​ប្រមែ​ប្រមូល​ទឹក​ក្នុង​មួយ​ឆ្នាំ​ ពេលវា​រលាយ​។

លោក ស្លូអាន បាន​បន្ដ​ថា​៖ «នៅ​រុស្ស៊ី ពួកគេ​អូស​ទាញ​ភ្នំ​ទឹកកក​ឲ្យ​ចេញ​ឆ្ងាយ​ពី​អណ្ដូង​ប្រេង តែ​ផ្ទាំង​ទឹកកក​តូច​ៗ វាមាន​ទំហំ​តិច​បំផុត​កន្លះ​លាន​តោន​។ ទីនេះ យើង​កំពុង​ជជែក​ពី​ផ្ទាំង​ទឹកកក​ប្រមាណ ១០០ លាន​តោន​»។

គម្រោង​របស់​លោក ស្លូអាន គឺ​ការ​ទាញ​ទឹក​ភ្នំ​ទឹកកក​យក្ស​ប្រមាណ ១៥០ គីឡូម៉ែត្រ​ពី​ភាគ​ខាង​ជើង​ទៅកាន់​កោះ ​​St. Helena Bay ជា​ទី​កន្លែង​ដែល​​សមុទ្រចរន្ត​ទឹក​​ត្រជាក់ Benguela Current អាច​រក្សា​ទឹកកក​នៅ​កម្រិត​សីតុណ្ហភាព​សូន្យ​អង្សាសេ​។

ចំពោះ​លោក ស្លូអាន លោក​ត្រៀម​ខ្លួន​ជា​ស្រេច​ចំពោះ​ភ្លើង​ខៀវ​ពី​រដ្ឋាភិបាល​។ លោក​បាន​អះអាង​ថា​៖ «​បើ​ពួកគេ​ឲ្យ​យើង​ទៅ​ឥឡូវ​នេះ យើង​អាច​សម្រេច​គោល​ដៅ​នៅ​មុន​​ថ្ងៃ​បុណ្យ​អុីស្ទើរ​ ឆ្នាំ​២០១៩ ខាង​មុខ​»៕ AFP/HR

ទិដ្ឋភាព​ប្រេះ​ដី​ក្រហែង និង​រាំង​ស្ងួត នៅ​ប្រទេស​​អាហ្វ្រិក​ខាង​ត្បូង។ រូបថត AFP

លោក នីក ស្លូអាន​ បង្ហាញ​គម្រោង​​អូស​ទាញ​ភ្នំ​ទឹកកក​​អង់តាកទិក មក​បំពេញ​រដូវ​រាំង​ស្ងួត​នៅ​​​អាហ្វ្រិក​​​ខាង​ត្បូង។ រូបថត AFP

គម្រោង​នឹង​ប្រើ​នាវា​ចំនួន​ពីរ អូស​ទាញ​ភ្នំទឹកកក​ មក​​​អាហ្វ្រិក​​​ខាង​ត្បូង ដើម្បី​បាន​ទឹក​ប្រើប្រាស់។ រូបថត AFP

គ្រោះ​រាំងស្ងួត ពុំ​អំណោយ​ផល​ដល់ការ​ដុះលូតលាស់នៃ​រុក្ខជាតិនានា។ រូបថត AFP

ភ្នំ​ទឹកកក ដែល​ត្រូវ​បាន​ជ្រើស​រើស​យក​ចិត្ដ​ទុក​ដាក់​ដោយ​ប្រើ​​យន្ដ​ហោះដ្រូន​ និង​ស្គេន​ពី​ទំហំ​របស់​វា។ រូបថត AFP