ភ្នំពេញ៖ ទើប​តែ​បាន​បង្ហើប​ប្រាប់​មហាជន​ពី​​រឿង​​ពន្យារពេល​​នៃ​ការ​ដឹកដៃ​​​ម្ចាស់​ស្នេហ៍​ ដែល​​ជា​បុរស​​​អាណិកជន​​កូន​កាត់ ​៣ សាសន៍​​​​​លោក អេលែន តាន់ ចូលរោង​ជ័យ​ដែល​ហាក់​​នៅ​​ស្រពេច​ស្រពិល ​អាច​​​រៀបចំ​ក្នុង​​ឆ្នាំ ​២០២១ ឬ​ឆ្នាំ ​២០២២ ស្រាប់​តារា​​​​​ចម្រៀង​ស្រី​អូរីជីណល​ អេដា បង្ហោះ​រូបថត​រថយន្ត​ទំនើប​ដ៏​ថ្មី​សន្លាង​មួយ​​​គ្រឿង​​ស៊េរី​ឆ្នាំ ​២០២០ ម៉ាក KIA Grand Carnival 2020 នៅ​តាម​បណ្តាញ​សង្គម​អ៊ីនស្តាក្រាម​​។

តារា​​ចម្រៀង​ស្រី​ ដែល​ត្រឡប់​មក​រក​​​សិល្បៈ​ឡើង​​​វិញ​ ដោយ​​​​នាំ​យក​បទ​ចម្រៀង​​​អូរីជីណល​​​ថ្មីៗ​មួយ​​ចំនួន ​​ដែល​ស្រូប​អ្នក​គាំទ្រ​​​​យ៉ាង​​ច្រើន​រួម​​​​​​មាន​បទ «​ទី​នេះ​មាន​មនុស្ស​​ខូច​​ចិត្ត​» បទ «​ភ្លើង​» និង​បទ «​២ នាក់​​បាន​​​​ហើ​យ​» របស់​ អេដា តែ​​​ក្នុង​​​ពេល​​​​ជិត​ ២ ​ឆ្នាំ​ សោះ​នោះ​ ក្រោយ​ពី​បាន​​​​បង្ហោះ​​​​តាម Channel ខ្លួន​​​​ទៅ YouTube ក៏​​​ទទួល​បាន​​លិខិត​សរសើរ​ពី​ក្រុមហ៊ុន​​នេះ ​ចំពោះ​​​សមិទ្ធផល​មាន​​អ្នក​ចូល​ទៅ ​Subscribe ប្រមាណ​​​ជាង​ ១០០ K ឯ​ណោះ​ គឺ​ជា​រង្វាន់​ប្រភេទ Silver ​Creator Award។​

បើ​តាម​ការ​សង្កេត​​​​​​នាពេល​បច្ចុប្បន្ន​នេះ​ គឺ​មាន​តារា​​ចម្រៀង​​ប្រុស​​ស្រី​​ភាគ​​​​ច្រើន ​​​បាន​អភិវឌ្ឍ​​​ខ្លួន​​ពី​​តារា​​ចម្រៀង​​​ក្លាយ​ទៅ​ជា​​​​​តារា​​សម្តែង ឬ​​ពី​តារា​​​ម៉ូដែល​ ទៅ​​​ជា​តារា​សម្តែង​ ដើម្បី​ពង្រីក​​​ទីផ្សារ​សិល្បៈ​របស់​​​​ពួក​គេ​ ឬ​​​​​បន្ថែម​​​ប្រាក់​ចំណូល​​​​ពី​អាជីព​សិល្បៈ​​។ ​ក៏​ប៉ុន្តែ​​​តារា​​​ចម្រៀង​ស្រី​​ អេដា​ ​​​ហាក់​​មាន​ភាព​ខុស​​ប្លែក​​ពី​​​​គេ​ទៅ​វិញ ​គឺ​នាង​មិន​ចង់​ក្លាយ​ជា​​តារា​​សម្តែង​ឡើយ​។​

តែ​​ហើយ​រាសី​របស់​ ​​​​អេដា ​ហក់​​ស្ទុះ​ឡើង​ខ្លាំង​​​ ដោយ​​​ក្តាប់​បាន​​​​​តំណែង​​ជា​គណៈកម្មការផ្តល់​ពិន្ទុ​​​នៅ​ក្នុង​​កម្មវិធី «The Melody» ​នៅ​ប៉ុស្តិ៍​​ទូរទស្សន៍​បាយ័ន និង​ក្លាយ​ជា​​​ទូត​សុច្ឆន្ទៈ​នៃ​​​​អង្គការ​​ស្ទែម​ របស់​ម្ចាស់​ចិត្ត​ជា​​កូន​​កាត់ ៣ សាសន៍​គឺ​ ​​លោក​ អេលែន​ តាន់ និង​បាន​បង្កើត​មុខ​របរ​អាជីវកម្ម​ក្រៅ​​​សិល្បៈ​ជា​ហូរហែ​ទៀត​ផង​។​

លុះ​​ដល់​ពេល​ជាង​ពាក់​កណ្តាល​​ឆ្នាំ ​២០២០ ​នេះ​ តារា​ចម្រៀង​ស្រី​ ដែល​មាន​ឈ្មោះ​ពិត​ ក្រូច ចរិយា ហៅ​ ​អេដា ក៏​បង្កើត​នូវ​ភាព​ភ្ញាក់​ផ្អើល​ខ្លាំង​ជាមួយ​​​​ការ​​សម្ញែង​សម្ភារ​និយម​ជាមួយ​នឹង​​​​រថយន្ត​ទំនើប​ថ្មី​ម៉ាក​ KIA Grand Carnival 2020​ ដែល​ទំនង​ជា​​មាន​តម្លៃ​​ចន្លោះ​​ពី​ ​៥​ ទៅ​ ៦ ម៉ឺន​ដុល្លារ​ ដល់​​ប្រិយមិត្ត​គាំទ្រ​។​

ហាក់​ដូច​ជា​​ការ​ត្រៀម​ទុក​ជា​មុន​​តែ​ម្តង​ពី​សំណាក់​តារា​ចម្រៀង​ស្រី​ អេដា​ នៅ​ក្នុង​ការ​បង្ការ​​​នឹង​សំណួរ​របស់​មជ្ឈដ្ឋាន​​មហាជន​ ក៏​ដូច​​​បណ្តាញ​សារព័ត៌មាន​នានា​ ដែល​ទំនង​ជា​នឹង​​ធ្វើ​ការ​ដេញ​​ដោល​សួរ​នាំ​​​ថា តើ​រថយន្ត​ទំនើប​ថ្មី​​​នេះ គឺ​ជា​កាដូ​ភ្ជាប់​និស្ស័យ​​បេះដូង​​របស់​​គូស្នេហ៍​ថ្មី​ ជា​បុរស​កូន​កាត់ ៣ សាសន៍​​​​​លោក​ អេលែន តាន់ បាន​ស្គាល់​ចិត្ត​ថ្លើម​​គ្នា​​ប្រមាណ​ជិត​ ៣ ​ឆ្នាំ​ ​ទិញ​ជូន​​ដើម្បី​​បញ្ជាក់​ភក្តីភាព​ស្នេហ៍​ទេ​ដឹង​?

តារា​ចម្រៀង​ស្រី​រាសី​ឡើង​ក្រឺតៗ​ដែល​ទទួល​បាន​​ភាព​ជោគជ័យ​ទាំង​ការងារ​សិល្បៈ និង​រឿង​ស្នេហា អេដា បាន​សរសេរ​សារ​​បញ្ជាក់​ភ្លែត​ដែរ​​ថា៖ «​ឆ្នាំ​នេះ ​មាន​សមត្ថភាព ​upgrade​ បាន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​​ ចាំ​ឆ្នាំ​ក្រោយ ចាំ​គិត​ទៀត​​ ស្រឡាញ់​អ្វី​​​ដែល​យើង​មាន​ ព្រោះ​វា​ជា​​របស់​យើង​ពិត​ប្រាកដ​ អរគុណ​​ទាំង​អស់​គ្នា​ អរគុណ​ខ្លួន​ឯង​! #KiaGrandCarnival2020។ No Deal! No Offer! No​ Sponsor! ​No Thanks! ​No Money! ​No Problem!​»៕​