ភ្នំពេញៈ ឆ្នាំថ្មីនេះរាសីរបស់តារាចម្រៀងស្រីអូរីជីណល អេដា ឡើងស្រឺតៗតែម្តង ខណៈ ទើបក្តាប់បានតំណែងជាគណៈកម្មការផ្តល់ពិន្ទុក្នុងកម្មវិធីថ្មីឈ្មោះ «The Melody» នៅប៉ុស្តិ៍ទូរទស្សន៍បាយ័ន និងជាតំណាងទូតសុច្ឆន្ទៈអង្គការស្ទែមសោះ ក៏ស្រាប់ទទួលបានលិខិតសរសើរពីក្រុមហ៊ុន Youtube បន្ថែមទៀត។
តារាចម្រៀងស្រីដែលទើបវិលត្រឡប់មកកាន់វិស័យសិល្បៈវិញ បន្ទាប់ពីបានបាត់មុខមួយរយៈធំ និងបាននាំបទចម្រៀងអូរីជីណលថ្មីៗមួយចំនួន ដែលស្រូបអ្នកគាំទ្រយ៉ាងច្រើនរួមមានបទ «ទីនេះមានមនុស្សខូចចិត្ត» បទ «ភ្លើង» និងបទ «ពីរនាក់បានហើយ» របស់តារាស្រីឈ្មោះពិតថា ក្រូច ចរិយា ហៅ អេដា តែក្នុងពេលជិត ២ ឆ្នាំសោះ បង្ហោះតាម Channel ខ្លួនទៅ Youtube ក៏ទទួលបានលិខិតសរសើរពីក្រុមហ៊ុននេះ ចំពោះសមិទ្ធផលមានអ្នកចូល Subscribe ប្រមាណជាង ១០០ ០០០ (១០០K) ឯណោះ ។
តារាចម្រៀងស្រីអូរីជីណលចេះទាំងលេងហ្គីតា និងចេះនិពន្ធបទចម្រៀងខ្លួនឯង អេដា ខណៈទើបបានឱកាសដំបូងមួយក្នុងតំណែងជាគណៈកម្មការផ្តល់ពិន្ទុម្នាក់ក្នុងចំណោមបេក្ខភាព ៣ រូបនៃកម្មវិធី «The Melody» របស់ទូរទស្សន៍បាយ័ន ដែលបានចាប់ផ្តើមរដូវកាលទី ១ ជិតដល់វគ្គ Live Show ហើយ និងក៏ក្លាយជាតំណាងទូតសុច្ឆន្ទៈអង្គការស្ទែមរបស់គូស្នេហ៍ថ្មីកូនកាត់ ៣ សាសន៍ឈ្មោះ លោកអេលែន តាន់ គឺជាស្ថាបនិកអង្គការប្រចាំកម្ពុជានាពេលថ្មីៗកន្លងមក ក៏មានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងចំពោះខ្លួនឯងដែរ។ អ្នកនាង អេដា ក៏ឆ្លៀតឱកាសថ្លែងអំណរគុណដល់ប្រិយមិត្តគាំទ្រស្នាដៃបទចម្រៀងខ្លួនផងដែរថា៖ «សប្បាយចិត្តខ្លាំងចំពោះសមិទ្ធផលនេះ ហើយនាងខ្ញុំក៏សុំអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រិយមិត្តគាំទ្រផងដែរថា គឺយើងរួមធ្វើទាំងអស់គ្នា ទើបបានចំនួន Subscribers ប្រមាណ ១០០K នេះ»។
ពាក់ព័ន្ធនឹងការបានលិខិតសរសើរពីក្រុមហ៊ុនYoutube ជាប្រភេទ Silver Creator Award នេះ មិនមានការបកស្រាយពីតារាចម្រៀងស្រី អេដា ដែលជោគជ័យទាំងការងារសិល្បៈ និងបេះដូង ដោយរកបានម្ចាស់ស្នេហ៍ថ្មី លោកអេលែន តាន់ទេ។
តែកញ្ញា អេម៉ា ជាជំនួយការផ្ទាល់ អេដា ប្រាប់ថា៖ «លក្ខខណ្ឌលម្អិតយ៉ាងណារបស់ក្រុមហ៊ុន Youtube យើងមិនដឹងច្បាស់ទេ តែគ្រាន់តែយើងបង្កើត Channel ផ្ទាល់ខ្លួន ហើយក៏បង្ហោះបទចម្រៀងប៉ុន្មានបទរួមមានបទ «ទីនេះមានមនុស្សខូចចិត្ត» បទ «ភ្លើង» និងបទ «ពីរនាក់បានហើយ» ជាដើម។ ដោយសារមានចំនួន Subscribers ច្រើនជាង ១០០ K ទើប ខាងក្រុមហ៊ុនចេញលិខិតមួយមកឲ្យគាត់»៕