ក្រុងគែរ: អេហ្ស៊ីប​កាលពី​សប្ដាហ៍​កន្លង​ទៅ​ថ្មីៗ​បាន​បើកទ្វារ​ប្រាសាទ​ពីរ៉ាមីត​ចំនួន ២ ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង​គែរ និង​បង្ហាញ​ពី​មឈូស​ថ្ម​ទើប​រក​ថ្មី ដោយ​មឈូស​ខ្លះ​ផ្ទុក​សព​ម៉ាំមី​នៅ​ស្រស់​ញញឹម​។

រដ្ឋមន្ដ្រី​វត្ថុ​បុរាណ ខាលេដ អាល់ អាណានី បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ប្រាសាទ​ពីរ៉ាមីត​កោង ស្ដេច​ស្នេហ្វេរូ រជ្ជកាល​ហ្វារ៉ាអុង​ទី ១ នៃ​រាជវង្ស​ទី ៤ របស់​អេហ្ស៊ីប និង​ប្រាសាទ​ពីរ៉ាមីត​មួយ​ទៀត​នឹង​ត្រូវ​បើក​ទ្វារ​សាជាថ្មី​ទទួល​ភ្ញៀវ​ទេសចរ​ជា​លើក​ដំបូង​តាំងពី​ឆ្នាំ​ ១៩៦៥​។

ប្រាសាទ​ពីរ៉ាមីត​កោង​មាន​កម្ពស់​ជិត ១០៥ ម៉ែត្រ និង​ប្រវែង​ជិត ១៩០ ម៉ែត្រ​ជាមួយ​សភាព​ប៉ោង​ខាង​ក្រោម និង​រាង​ស្រួច​ខាង​លើ​បន្តិច​។

លោក​ក៏​បាន​និយាយ​ថា ក្រុម​បុរាណវត្ថុវិទ្យា​បាន​រកឃើញ​មឈូស​ម៉ាំមី និង​សំណល់​ជញ្ជាំង​បុរាណ​បន្សល់​តាំងពី​សម័យ​រាជាណាចក្រ​យុគកណ្ដាល ដែល​មាន​អាយុកាល​ប្រមាណ ៤០០០ ឆ្នាំ​មុន​។

ការរកឃើញ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចការ​កំណាយ​ក្នុង​ផ្នូរ​រាជា Dahshur នៅ​ត្រើយម្ខាង​នៃ​ទន្លេ​នីល​ក្នុង​តំបន់​សម្បូរ​ប្រាង្គ​ប្រាសាទ​ពីរ៉ាមីត​ចាស់ៗ​បំផុត​នៃ​ប្រទេស​អេហ្ស៊ីប​។

ប្រាសាទ​ពីរ៉ាមីត​រាង​កោង​ដែល​ទើប​តែ​បើក​ទ្វារ​ស្វាគមន៍​ភ្ញៀវទេសចរ​។ រូបថត AFP

ក្រសួង​វត្ថុបុរាណ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា​៖ «​មឈូស​ថ្ម ដីឥដ្ឋ និង​ឈើ​ជាច្រើន​ត្រូវ​បាន​រកឃើញ ហើយ​មឈូស​ខ្លះ​រក្សា​ម៉ាំមី​ក្នុង​ស្ថានភាព​ល្អ​ស្អាត​នៅ​ឡើយ​»​។

ជញ្ជាំង​ប្រាសាទ​បុរាណ​មាន​ប្រវែង ៦០ ម៉ែត្រ និង​ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​ប្រាសាទ​ពីរ៉ាមីត​របស់​ព្រះចៅ​ហ្វារ៉ាអុង​សតវត្សរ៍​ទី​ ១២ អាមេនេមហាត ទី ២ ក៏​ស្ថិត​ក្នុង​ផ្នូរ Dahshur នេះ​ផង​ដែរ​។

ក្រសួង​បាន​ឲ្យ​ដឹង​ថា​លទ្ធផល​នេះ​ក៏​រួមបញ្ចូល​ទាំង​ម៉ាស់​មុខ​ពាក់​លើ​សព និង​ឧបករណ៍​បន្សល់​ពី​ចុង​សម័យកាល (Late Period) ដែល​មាន​រយៈពេល​ជិត ៣០០ ​ឆ្នាំ​រហូត​ដល់​ស្ដេច​អាឡិចសាន់ឌ័រ អ្នក​ចម្បាំង​អេហ្ស៊ីប​ឆ្នាំ​ ៣៣២ ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​កាត់​ថ្ម​។

អេហ្ស៊ីប ទើប​ស្វះស្វែង​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការរកឃើញ​បុរាណ​ឋាន​នៅ​ទូទាំង​ប្រទេស ដើម្បី​ស្រោចស្រង់​វិស័យ​ទេសចរណ៍​ដែល​រង​ការ​ញាំញី​ក្រោយពី​កើត​ចលាចល​បះបោរ​ឆ្នាំ​ក្នុង​ ២០១១៕ HR