ភ្នំពេញៈ តារាសម្តែង និង​ចម្រៀង​ស្រី​កញ្ញា អ៊ុន អាលីហ្សា ទើប​ប្រកាស​ស្វាគមន៍​គូស្នេហ៍​ដែល​មកពី​អាមេរិក​ថា​៖ «Welcome to Cambodia Honey! ឬ​ស្វាគមន៍​សម្លាញ់​ចិត្ត​អូន ដែល​មក​ដល់​កម្ពុជា​» ប៉ុន្មាន​ថ្ងៃ​មុន​សោះ ឥឡូវ​ក៏​ប្រកាស​ដំណឹង​ចូល​រោងការ​មួយ​រំពេច​គឺ​នៅ​ថ្ងៃ​សៅរ៍​ទី​ ២២ ខែ​មិថុនា ឆ្នាំ​ ២០១៩ នា​ថ្ងៃ​ចុង​សប្តាហ៍​នេះ​តែ​ម្តង​។

នេះ​បើ​តាមរយៈ​ការប្តូរ​រូប Profile ហ្វេសប៊ុក​ខ្លួន​ជំនួស​ដោយ​រូបថត Pre-wedding ក្នុង​ឈុត​ប្រពៃណី​ខ្មែរ នៅឯ​តំបន់​ប្រាសាទ​បុរាណ​ទំនង​ជា​នៅក្នុង​ខេត្ត​សៀមរាប​។

ពាក់ព័ន្ធ​នឹង​ដំណឹង​ថា តារាសម្តែង​កញ្ញា អ៊ុន អាលីហ្សា បាន​ប្រកាស​ថា​នឹង​ចូល​រោងការ​ជាមួយ​បុរស​រូបសង្ហា​ជា​អាណិកជន​ខ្មែរ-អាមេរិក​នៅ​ថ្ងៃ​សៅរ៍ ទី​ ២២ មិថុនា ឆ្នាំ​ ២០១៩ នៃ​ចុង​សប្តាហ៍​នេះ​ថា​មាន​ប៉ុន្មាន​តុ និង​មាន​អ្នក​សិល្បៈ​ប៉ុន្មាន​ចូលរួម​នោះ មិន​ត្រូវ​បាន​នាង​បញ្ជាក់​ឲ្យ​ដឹង​ឡើយ​ដោយ​ការទំនាក់ទំនង​ទៅ​នាង​មិន​បាន​។

តែ​បើ​តាម​ការបញ្ជាក់​យ៉ាង​ខ្លី​ពី​សំណាក់​តារាចម្រៀង​ប្រុស​រូបសង្ហា​លោក អេឡិច ចាន់ត្រា ដែល​ជា​ប្រធាន​ក្រុម​រៀបចំ​សេវាកម្ម​កម្សាន្ត​ឈ្មោះ Alex Entertainment នោះ​លោក​បាន​អះអាង​ពី​កាលបរិច្ឆេទ និង​ទីកន្លែង​រៀបចំ​ពិធី​ទទួល​ភ្ញៀវ​នៃ​មង្គលការ​របស់​តារាសម្តែង​កញ្ញា អ៊ុន អាលីហ្សា ថា​៖ «​គាត់​ពិតជា​ចូល​រោងការ​នៅ​ថ្ងៃទី ២២ មិថុនា ឆ្នាំ​ ២០១៩ មែន​!​ការទទួល​ភ្ញៀវ​គឺ​នឹង​ត្រូវ​រៀបចំ​នៅឯ​សាល​កោះពេជ្រ​»​។

ចំពោះ​អនាគត​ស្វាមី​របស់​តារាស្រី​រូបនេះ​ត្រូវ​គេ​បង្ហើប​ឲ្យ​ដឹងថា ជា​បុរស​ខ្មែរ​ទៅ​រស់នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា​នៃ​ប្រទេស​អាមេរិក​យូរ​ឆ្នាំ​មក​ហើយ ខណៈ​នាង និង​លោក​មាន​ទំនាក់ទំនង​គ្នា​ទម្រាំ​ឈាន​ដល់​សម្រេច​ចូល​រោង​មង្គលការ​នាពេល​នេះ​ក៏​មាន​ពេលវេលា​យូរណាស់​ផង​ដែរ​។

គួររំឭក​ដែរ​កញ្ញា អ៊ុន អាលីហ្សា ក៏​ធ្លាប់​មាន​រឿងរ៉ាវ​របួស​ស្នាម​នៃ​សេចក្តី​ស្នេហា​ចាស់​ដែរ ជាមួយ​នឹង​បុរស​ម្ចាស់​ហាង​កាហ្វេ​មួយ​រូប​នាពេល​កន្លង​មក ដោយ​បាន​ធ្វើឲ្យ​នាង​ខកចិត្ត​ខ្លាំង​ទើប​ឈាន​ទៅ​ដល់​ការបែក​គ្នា​។

ខណៈ​ពេល​នេះ​កញ្ញា អ៊ុន អាលីហ្សា ត្រូវ​បាន​គេ​ចាត់ទុក​ថា នាង​មាន​សំណាង​ដែល​បាន​បុរស​ថ្មី​មក​ធ្វើ​ជា​ស្វាមី ព្រោះ​ក្រៅពី​រូបរាង​សង្ហា​វ័យក្មេង​ដូចជា​មិន​ពាក់ព័ន្ធ​ប្រវត្តិ​ធ្លាប់​មាន​ប្រពន្ធ​កូន​នោះ​ឡើយ ហើយ​ក៏​ល្បី​ថា​ជា​អ្នកមាន​ជីវភាព​ធូរធារ និង​ចេញ​ចូល​ស្រុក​ខ្មែរ​ញឹកញាប់​ទៀត​ផង​ដែរ​៕