ក្រុង​រីយ៉ូ: Neymar ជា​តារា​បាល់​ទាត់​ល្បី​ចំពោះ​ជំនាញ​ញាក់​បាល់​ តែ​រដូវ​ព្រឹត្ដិ​ការណ៍​បាល់​ទាត់​ពិភព​លោក World Cup ម៉ូដ​សក់​របស់​លោក​ធ្វើ​ឲ្យ​អ្នក​​គាំទ្រ​ប្រេស៊ីល​ជជែក​មិន​ដាច់​ពី​មាត់​កាល​ពី​ថ្ងៃ​អង្គារ​។

តារា​បាល់​ទាត់​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ក្នុង​លោក​រូប​នេះ មិន​អាច​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ខ្លួន​ឈ្នះ​ក្រុម​ស្វ៊ីស​នៅ​ថ្ងៃ​បើក​ឆាក​ដំបូង ដោយ​ត្រឹមតែ​ស្មើ ១-១ ប៉ុណ្ណោះ​។

​​សក់​របស់ Neymar មាន​ម៉ូដ​កោរ​ជើង​សក់​ និង​លាប​ថ្នាំ​ទឹក​មាស​ហាយឡាយ​ គឺ​មិន​ច្រឡំ​គេ​។ ម៉ូដ​សក់​នេះ​បាន​រំលេច​នូវ​រូប​រាង​ម៉ាស៊ីន​បណ្ដើរ​បាល់​រូប​នេះ​បោះ​ពួយ​យ៉ាង​លឿន​ស្លេវ​ ដែល​​ប្រដូច ​Neymar ទៅ​​នឹង​សត្វ​ឡាម៉ា សរសៃ​មី Pot Noodle ឬ​សរសៃ​មី​ប៉ាស្ដា​ជាដើម​។

កាសែត Meia Hora បាន​សរសេរ​នៅ​ទំព័រ​មុខ​ថា​៖ «​តារា​បាល់​ទាត់​ប្រេស៊ីល​រូប​នេះ​បាន​ដើរ​ចូល​ទីលាន​ប្រកួត​ មើល​​ពណ៌​ដូច​សត្វ​​សេក​»។ មាន​សំណួរ​ជា​ច្រើន​បាន​ចោទ​សួរ​ថា តើ ​Neymar មិន​សូវ​ខ្វល់​នឹង​ការ​បញ្ចេញ​សមត្ថភាព​លេង​បាល់​ដោយ​​រវុល​​គិត​ចង់​លេង​​ម៉ូដ​សក់​លេច​ធ្លោរ​​។

ដូច្នេះ វា​មាន​លក្ខណៈ​ប្រសើរ​វិញ​ពេល​តារា​បាល់​ទាត់​រូប​នេះ​ត្រូវបាន​ថតរូប​ភាព​ផ្លាស់​ប្ដូរ​ម៉ូដ​សក់​ពេល​កំពុង​ហ្វឹក់​ហាត់​នៅ​ Sochi។ វេបសាយ​តារា​ល្បី​ popzone.tv បាន​សរសេរ​ថា​៖ «​ក្រោយ​មាន​ការ​រិះ​គន់​ Neymar ក៏​ឆាប់​ប្ដូរ​ម៉ូដ​សក់​ភ្លាម​»។

វេបសាយ​ដដែល​បាន​បន្ដថា​៖ «​វា​អាច​ជា​អបិយ​ជំនឿ ឬ​គ្រាន់តែ​ចៃ​ដន្យ​ តែ Neymar បាន​សម្រេច​ចិត្ដ​ផ្លាស់​ប្ដូរ​ម៉ូដ​សក់​ក្រោយ​ស្មើ ១-១»។ ប៉ុន្ដែ​ប្រហែល​ជា​នៅ​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បន្ដ​ទៀត​។

កាសែត Estadao បាន​រាយ​ការណ៍​ថា Neymar បាន​នាំ​​​ជាង​កាត់​សក់​ពីរ​នាក់​មក​រុស្ស៊ី​ ដោយ​ម្នាក់​ឈ្មោះ Nariko ជំនាញ​កាត់ និង​Wagner Tenorio ជំនាញ​លាប​ពណ៌​៕ AFP/HR