ក្រុងកៀវ: អ្នក​ចម្បាំង​រាប់រយ​នាក់​ក្នុង​ឯកសណ្ឋាន​អាវ​ក្រោះ​លើក​ដាវ​គ្រវី និង​ពូថៅ​ជា​សញ្ញា​បើកឆាក​ប្រយុទ្ធ​នៅលើ​វាលស្រែ​ក្បែរ​បន្ទាយ​សង់​ពី​ឈើ​មួយ​។

ហាក់​ដូចជា​ការសមសម្ដែង​ក្នុង​ឈុត​ឆាក​ចម្បាំង​នៃ​ភាពយន្ដ​រឿង «Games of Thrones» ក្រុម​អ្នកចម្បាំង​ទាំងនោះ​គ្រវីដាវ​ដែក និង​ឈើ​ដាក់​គ្នា ខណៈ​ពេល​សប្ដាហ៍​នេះ អ៊ុយក្រែន បាន​រៀបចំ​ការប្រកួត​ជើងឯក​ពិភពលោក​តាម​បែប​ផែន​សង្គ្រាម​យុគសម័យ​កណ្ដាល​។

២៩ ក្រុម​មកពី​បណ្ដា​ប្រទេស​នានា​ដូចជា អង់គ្លេស អាល្លឺម៉ង់ ចិន និង​អូស្ដ្រាលី បាន​ធ្វើ​ចម្បាំង​ដាក់​គ្នា​ពេញទំហឹង​លើស​ង្វៀន​ក្រាល​ខ្សាច់​ដោយ​ខ្លះ​ជិះសេះ និង​ខ្លះ​ទៀត​ថ្មើរជើង​។

អ្នក​ចម្បាំង​គ្រង​អាវ​ក្រោះ​កាន់​ដាវ និង​ខែល​ប្រកួត​គ្នា​លើ​វាល​ខ្សាច់​។ រូបថត AFP

អ៊ុយក្រែន បាន​ទទួល​ស្គាល់​នូវ​ប្រពៃណី​ចម្បាំង​យុគសម័យ​កណ្ដាល ជា​កីឡា​ផ្លូវការ​មួយ​តាំងពី​ឆ្នាំ​ ២០១៦ ដែល​ជា​ប្រទេស​ដំបូង​គេ​បំផុត​។ ពិធី​បុណ្យ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហគមន៍​សង្គ្រាម​យុគសម័យ​កណ្ដាល​អន្ដរជាតិ​នេះ​បាន​បង្កើត​ឈុត​ឆាកប្រយុទ្ធ​គ្នា​រវាង​ក្រុម​អន្ដរជាតិ​ក្នុង​រយៈពេល ៤ ​ថ្ងៃ​ក្នុង​ភូមិឋាន​មួយ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ១០០ គីឡូម៉ែត្រ​ពី​ទីក្រុង​កៀវ​។ អ្នក​ចម្បាំង​ត្រូវ​ស៊ូទ្រាំ​នឹង​អាវ​ក្រោះ​ទម្ងន់​ចន្លោះ​ពី ២០ ទៅ ៣០ ​គីឡូក្រាម​។

អ្នកគ្រប់គ្រង​ឧទ្យាន ណតាយ៉ា កូវ៉ាល់ បាន​និយាយ​ថា​៖ «​ប្រជាប្រិយភាព​របស់​កីឡា​នេះ​កំពុង​តែ​រីកចម្រើន ហើយ​ចំនួន​អ្នក​ចម្បាំង​ក៏កំពុង​កើនឡើង​ផងដែរ​»​។

ឆ្នាំ​នេះ​ព្រឹត្ដិការណ៍​សង្គ្រាម​សម័យបុរាណ​បាន​ទាក់ទាញ​អ្នក​ចូលរួម​ជាង ១ ​ពាន់​នាក់​៕ HR