ភ្នំពេញៈ ដោយសារ​តែ​ចង់​ចូលរួម​ផ្សព្វផ្សាយ និង​ចែករំលែក​ពី​បញ្ហា​បរិស្ថាន​ក្រោយពី​បាន​ស្តាប់​នូវ​ទិន្នន័យ​នៃ​សត្វ​ខ្លា​នៅលើ​សកលលោក​កាន់តែ​ហោច​ទៅ​នោះ​បាន​ជំរុញ​ឲ្យ​ទឹកចិត្ត​អ្នក​ច្នៃម៉ូដ​សម្លៀកបំពាក់​ខ្មែរ​ម្នាក់​ឈ្មោះ មែន សីហា ហៅ​លោក Oliva Kong បាន​រចនា​ម៉ូដ​ឈុត​រូប​ខ្លា ដើម្បី​ជា​និមិត្តរូប​មួយ​នៃ​ការអភិរក្ស និង​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​បរិស្ថាន​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។

អ្នក​ច្នៃម៉ូដ​ដ៏ប៉ិនប្រសប់​ប្រចាំ​ក្រុម Queen Victoria ដែល​មាន​តួនាទី​ជា​គ្រូបង្រៀន​ច្នៃម៉ូដ​ផង និង​គ្រូបង្រៀន​ដើរ​បង្ហាញ​ម៉ូដ​របស់​ក្រុម Queen Victoria Catwalk ផង លោក មែន សីហា ក៏​បាន​រៀបរាប់​ប្រាប់​ពី​ការច្នៃ​ម៉ូដ​រូប​សត្វ​ខ្លា​នេះ​ដែរ​ថា​៖ «​ក្រោយពី​ខ្ញុំ​បាន​អាន​ព័ត៌មាន​ដែល​ស្តីពី​សត្វ​ខ្លា​នៅ​លើ​ពិភពលោក​របស់​អង្គការ WWF ដែល​គេ​ថា សព្វថ្ងៃ​យើង​នៅ​សល់​សត្វ​ខ្លាធំ​ចំនួន ៣៩០០ ក្បាល​តែ​ប៉ុណ្ណោះ​នៅក្នុង​ព្រៃ​ទូទាំង​ពិភពលោក​ដោយសារ​តែ​អំពើ​នៃ​ការ​បរបាញ់​ខុសច្បាប់ និង​ការបាត់បង់​ជម្រក​គឺ​ថា​យើង​ពិតជា​មិន​អាច​បង្កើន​នូវ​ចំនួន​សត្វ​ខ្លាធំ​បាន​ដោយ​ឯងៗ​នោះទេ​។ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ដែល​ជា​អ្នក​ច្នៃ​ម៉ូដ​នៃ​ក្រុម Queen Victoria បាន​សហការ​ជាមួយ​នឹង​ក្រសួង​ទេសចរណ៍​កម្ពុជា​ក្នុង​ការច្នៃ​ម៉ូដ Concept រូប​សត្វ​ខ្លា​នេះ​ឡើង​ដើម្បី​ថត​ផ្សព្វផ្សាយ​អប់រំ​ប្រជាជន​​ទូទាំង​ពិភពលោក​ឲ្យ​ចេះ​ស្រឡាញ់​សត្វព្រៃ និង​ជួយ​ធ្វើការ​អភិរក្ស​សត្វព្រៃ ហើយ​មាន​ការសហការ​ជាមួយ​​តារា​ម៉ូដែល​ផ្សេងៗ​ទៀត​ដូចជា​រូបខ្ញុំ Oliva Kong លោក Khim Zanith លោក Chantha Dara អ្នក​ថតរូប​លោក Seyha Chhin និង​អ្នក​ផាត់មុខ Bosiba​។ តាមរយៈ​ឈុត​សម្លៀក​បំពាក់​សត្វ​ខ្លា​នេះ ក៏​ចង់​ផ្ញើ​សារ​ឲ្យ​ពលរដ្ឋ​កម្ពុជា យើង​មាន​ការស្វែងយល់​ពី​សត្វព្រៃ និង​បញ្ហា​បរិស្ថាន​ផ្សេង​ទៀត​ដែរ​នៅ​តំបន់​អភិរក្ស​ក្នុង​ប្រទេស​កម្ពុជា​»​។

គួរ​បញ្ជាក់​ថា​លោក Oliva Kong ដែល​មិន​មាន​សញ្ញាបត្រ​រៀន​ជំនាញ​ច្នៃ​ម៉ូដ​គឺ​គ្រាន់តែ​បាន​រៀនសូត្រ​ពី​គំរូ​នៃ​ការច្នៃ​ម៉ូដ​របស់​មិត្តភក្តិ ឬ​ក្រុម​អ្នកច្នៃម៉ូដ​នានា ហើយ​យក​មក​ច្នៃ​របស់​ខ្លួនឯង​រូប​នេះ​ក៏​កំពុងតែ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​មហាជន ខណៈ​ការប្រកប​អាជីព​ច្នៃ​ម៉ូដ​ក៏​ទើប​តែ​បាន​ឆ្លងកាត់​ត្រឹម​ជាង ១ ឆ្នាំ​ប៉ុណ្ណោះ តែ​លោក​ក៏​ក្លាយ​ខ្លួន​ជា​គ្រូបង្រៀន​ផ្នែក​ជំនាញ​ច្នៃ​ម៉ូដ នៅឯ​សាលា​មួយ​មាន​ឈ្មោះ​ថា MaPa Fashion Design Academy ។

ទោះបី​មិនមែន​ជា​និស្សិត​បាន​រៀន​ជំនាញ​ផ្នែក​ច្នៃម៉ូដ​ក្តី តែ​ដោយសារ​សេចក្តី​ព្យាយាម និង​ចំណូល​ចិត្តខ្លាំង​លើ​ការច្នៃ​ម៉ូដ​នោះ​ទើប​ជំរុញ​ឲ្យ​អ្នក​ច្នៃម៉ូដ​វ័យ ២៩ ​ឆ្នាំ​លោក មែន សីហា ហៅ Oliva Kong សម្រិតសម្រាំង​ឈុត​សម្លៀកបំពាក់​ខ្មែរ​សហសម័យ ៦ ​ឈុត​យក​ទៅ​បង្ហាញ​នៅ​ប្រទេស​ជប៉ុន​កាលពី​ខែ​ធ្នូ​ចុង​ឆ្នាំ​ ២០១៨ កន្លង​មក ខណៈ​ឈុត​ទាំងអស់​នោះ​បាន​ដកស្រង់​ចេញ​ពី​ទម្រង់​សិល្បៈ​វប្បធម៌​ខ្មែរ​នានា​រួមមាន​ដូចជា​ឈុត​របស់​តួអង្គ​ហនុមាន តួអង្គ​ព្រះរាម​ឈុត​ទេពមច្ឆា ផ្ការំដួល ឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ ដែល​ជា​ការច្របាច់​បញ្ចូល​គ្នា​នូវ​ម៉ូដ​បុរាណ និង​ម៉ូដ​ទំនើប​តែ​ម្តង​៕

តារាម៉ូដែលចូលថតរូប​បង្ហាញពី​ការស្រឡាញ់បរិស្ថាន​​។ រូបថត សហការី