ភ្នំពេញ៖ នៅ​ទី​បំផុត​​ក្តី​សុបិន ដែល​​តែងតែ​​ជា​ការ​រំពៃ​គិត​ទុក​សម្រាប់​កូនស្រី​ជាទី​ស្រឡាញ់​តែ​មួយ​គត់​បាន​សម្រេច​​​ហើយ ដោយសារ​នា​ពេល​​ថ្មីៗ​​នេះ​ សៀវភៅ​​ប្រលោម​លោក​ដំបូង​រឿង «កំណត់​ហេតុ​ពណ៌ស្វាយ» ​របស់​អ្នក​និពន្ធ​វ័យ​ក្មេង​​កញ្ញា ម៉ៅ ចាន់រស្មី ​ជា​កូនស្រី​​អ្នក​និពន្ធ​​ជើង​​​ចាស់​អ្នកស្រី​ ម៉ៅ សំណាង កំពុង​តែ​ត្រូវ​បាន​ប្រិយមិត្ត​អ្នកអាន​បាន​​កម្ម៉ង់​ជាវ​ទិញ​មុន​បាន​ប្រមាណ​ជាង ២ ០០០ ក្បាល រួច​ទៅ​ហើយ ​ដោយ​​គ្រាន់​តែ​​បោះ​ពុម្ព​លើក​​ដំបូង​​​បាន​​ ៣-៤ ​​ថ្ងៃ ​មាន​ចំនួន ​៤ ០០០​ ក្បាល​នោះ។​

យ៉ាង​ណា​មិញ​សមិទ្ធផល​​ដំបូង​​​នៃ​ការ​ឈាន​មក​​ប្រឡូក​ក្នុង​វិស័យ​និពន្ធ​រឿង​ប្រលោម​លោក​របស់​កញ្ញា ម៉ៅ ចាន់រស្មី មាន​​រហស្សនាម​ថា «កូន​​ទន្សាយ» ខណៈ​អ្នក​ម្តាយ​​ ​គឺ​​អ្នកស្រី ម៉ៅ សំណាង ជា​អ្នក​និពន្ធ​ប្រលោម​លោក​ជើង​ចាស់​ មាន​រហស្ស​​នាម​​ថា «ទន្សាយ» ក៏​មាន​សេចក្តី​សប្បាយ​ជា​ពន់ពេក ​ចំពោះ​ក្តី​សុបិន​របស់​ខ្លួន ដែល​​ធ្លាប់​មាន​តាំង​ពី​​កូន​​ស្រី​​នៅ​​​ក្មេង​វ័យ​​មក​នោះ​។ អ្នក​ស្រី ម៉ៅ សំណាង បាន​បង្ហើប​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍ ​ឲ្យ​ដឹង​ថា៖ «រំភើប​ចិត្ត​ខ្លាំង​ ដោយសារ​​ពេល​នេះ ខ្លួន​​ឯង​បាន​សម្រេច​ក្តី​សុបិន​​ ដោយ​​កូនស្រី​បាន​ដើរ​តាម​បំណង​​​ខ្លួន​ហើយ​ គឺ​ក្លាយ​​ជា​អ្នក​និពន្ធ​ប្រលោម​លោក​ ខណៈ​​​ដើម​ឡើយ​រូប​គាត់​ចូលចិត្ត​ជា​អ្នក​និពន្ធ​រឿង​ភាពយន្ត​ច្រើន​ជាង​​នោះ»។​​

អ្នកនិពន្ធ​ ម៉ៅ សំណាង ម្តាយកញ្ញា ម៉ៅ ចាន់​រស្មី។ រូប សហការី

អ្នក​និពន្ធ​​ប្រលោម​លោក​​មាន​​រហស្ស​​នាម​ថា​ «​ទន្សាយ» អ្នកស្រី ម៉ៅ សំណាង បន្ត​ប្រាប់​ពី​សៀវភៅ​ប្រលោម​លោក​​ដំបូង​រឿង ​«កំណត់​ហេតុ​ពណ៌​ស្វាយ» នេះ​ផង​ដែរ​ថា៖ «រឿង​ប្រលោម​​លោក​ដំបូង​របស់​កូន​ស្រី​​មីង គាត់​បាន​ចំណាយ​ពេល​​​ជាង ៤ ខែ ហើយ​មាន​ចំនួន​​ជាង ២២០ ទំព័រ។ សប្បាយ​​ចិត្ត​ ខណៈ​​រឿង​នេះ​បាន​បោះពុម្ព​ដំបូង​ចំនួន ៤ ពាន់​ក្បាល ក៏​មាន​គាំទ្រ​ កក់​ជាវ​មុន​ជាង ២ ពាន់​ក្បាល​ រួច​បាត់​ទៅ​ហើយ​។​​ សៀវ​ភៅ​នេះ លក់​ជូន​ដល់​ប្រិយ​មិត្ត​មាន​ពីរ​​ផ្សេង​​​គ្នា ​គឺ​មាន​តម្លៃ ១ ក្បាល ២៤ ០០០ រៀល​ សម្រាប់​អ្នក​កក់​ជាវ​ទុក​មុន​ និង​តម្លៃ ២៨ ០០០ រៀល ១ ក្បាល​ សម្រាប់​ប្រិយមិត្ត​​ជាវ​ទូទៅ»។​

គួរ​បញ្ជាក់​​ថា កញ្ញា ម៉ៅ​ ចាន់​រស្មី ជា​កូន​ស្រី​​​​អ្នក​និពន្ធ​ល្បី​​ឈ្មោះ​ ម៉ៅ សំណាង មាន​​វ័យ ​២៥ ឆ្នាំ​ បាន​​ចាប់​ផ្តើម​និពន្ធ​ភាពយន្ត​តាំង​ពី​ឆ្នាំ ២០១៣ ដែល​បាន​បញ្ចេញ​ស្នាដៃ​រឿង​ដំបូង ​«មីនុយ​ធ្នាក់​អន្ទាក់​ស្នេហ៍​» ខណៈ​​កញ្ញា​ក៏​ធ្លាប់​បាន​​និពន្ធ​ភាពយន្ត​ភាគ​បាន​ចំនួន​ ១០ រឿង និង​ភាពយន្ត​ដុំ​​ចំនួន​ ១០ រឿង​ដូច​គ្នា​ ដែល​សុទ្ធសឹង​តែ​​បង្កប់​នូវ​សារ​អប់រំ​​ទាក់ទង​នឹង​បញ្ហា​​ក្នុង​សង្គម​ និង​វប្បធម៌​ ដែល​ជា​តម្លៃ​នៃ​ការ​និពន្ធ​ផង​ដែរ​៕​

សៀវភៅរឿង «កំណត់ហេតុពណ៌ស្វាយ» ដែលគេកុម្ម៉ង់ទិញ។ រូបថត សហការី​