ក្រុងប៉ារីស: Chanel បាន​ក្លាយជា​យីហោ​ប្រណីត​ដំបូង​បំផុត​ដែល​ឈប់​ប្រើ​ផលិតផល​ពីស​ត្វ ដូចជា ស្បែក​ត្រកួត ក្រពើ និង​ពស់ ដែល​ទទួល​បាន​ការ​សាទរ​ដោយ​ក្រុម​សិទ្ធិ​សត្វ​កាល​ពី​ថ្ងៃ​អង្គារ។

ប្រធាន​ក្រុមហ៊ុន ប្រ៊ូ​ណូ ផាវ​ឡូ​វ​ស្គី បានប្រកាសថា ខ្លួន​នឹង​លែង​ប្រើ​ស្បែក​សត្វ​មក​រចនា​សម្ភារ​ប្រើប្រាស់​ទៀត​ហើយ ដោយ​បាន​អះអាង​ថា ក្រុមហ៊ុន​កាន់​តែ​ពិបាក​ស្វែងរក​ធនធាន​វត្ថុ​ធាតុ​ដើម​មក​ផ្គត់ផ្គង់​សម្ភារ​គុណភាព​ខ្ពស់​ណាស់។

កាបូបដៃ អាវ​ក្រៅ និង​ស្បែក​ផលិត​ពី​ស្បែ​កពស់ ក្រពើ និង​បបែល​មានតម្លៃ​ខ្ពស់ ដោយ​កាបូប Chanel ផលិត​ពី​ស្បែក​សត្វ​ទាំង​នេះ​មាន​តម្លៃ​រហូត​ដល់​ជាង ១ ម៉ឺន​ដុល្លារ។

កាបូប​ស្បែក​ពស់ថ្លាន់​ត្រូវបាន​យកចេញ​ពី​វេ​ប​សាយ Chanel កាលពី​ថ្ងៃ​អង្គារ ថ្វីដ្បិតតែ​កាបូប​ជជុះ​នៅ​បន្ដ​ដាក់​លក់​តម្លៃ​ពី​ជាង ៥៥០០ អឺរ៉ូ​យ៉ាង​ណា​ក៏ដោយ។

ក្រុម​អង្គការ​សិទ្ធិ​សត្វ PETA និង Humane Society International (HSI) បាន​សាទរ​ចំពោះ​ទង្វើ​នេះ តែ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍ Chanel មិន​បាន​បញ្ជាក់​ពី​ការ​ឈប់​ប្រើ​រោម​សត្វ​នោះ​ទេ ដោយ​បាន​អះអាង​ថា ខ្លួន​លែង​ប្រើ​ផលិតផល​ស្បែក​ក្រពើ ត្រកួត ពស់ និង​បបែល មក​ច្នៃ​ធ្វើ​អាវ កាបូប និង​ស្បែក​ជើង​ទៀត​ហើយ។

អ្នក​ច្នៃ​ម៉ូដ​របស់ Chanel ក៏បាន​បញ្ជាក់​ផងដែរ​ថា​ជម្រើស​មិន​ប្រើប្រាស់​ស្បែក​ទាំងនេះ​ក៏​មិន​មែន​រង​សម្ពាធ​ពី​អង្គការ​សិទ្ធិ​សត្វ​ដែរ៕