ក្រុង​បាងកក៖ អ្នក​បើកបរ​រថយន្ដ​តាក់ស៊ី សូភី ស៊ីលផាគិត បាន​​សូត្រ​អាគមលើ​កថា​ យ័ន្ត​​ជុំវិញ​ក​របស់​លោក​ក្នុង​សំឡេង​​​តិចៗ រួចចូល​ក្នុង​រថយន្ដ​​ជា​ជំនឿ​ធ្វើ​ឱ្យ​​លោក​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩។

បុរស​អាយុ ៦៥ ​ឆ្នាំ ជា​អ្នក​រត់​ឡាន​តាក់ស៊ី​ក្នុង​ក្រុង​បាងកក​ រមែង​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជា​ច្រើន​រៀង​រាល់​ថ្ងៃ​ ហើយ​របរ​រកស៊ី​របស់​លោក​ក្លាយ​ជា​ក្ដី​បារម្ភ​ ដោយសារ​ទីក្រុង​នេះ​កំពុង​ជា​ចំណុច​ផ្ទុះ​នៃ​ការ​រីក​រាលដាល​ជំងឺ​ខ្លាំង​នៃ​​រលក​ទី៣​។

លោក​​​ប្រាប់ AFP ថា​៖ «​ខ្ញុំ​បួង​សួង​យ័ន្ត​ទាំង​នេះ​រៀង​រាល់​ថ្ងៃ​ បំណង​កុំ​ឱ្យ​វីរុស​ចូល​មក​ក្បែរ​ខ្ញុំ​។ ខ្ញុំ​ពិត​ជា​ជឿ​ថា កថា​យ័ន្ត​ទាំង​នេះ​អាច​ការពារ​ខ្ញុំ​ពី​វីរុស​ និង​ជួយ​ឱ្យ​ខ្ញុំ​មាន​សុខភាព​ល្អ​»។

ជនជាតិ​ថៃ​ដែល​ប្រណិប័តន៍​ព្រះពុទ្ធ​សាសនា​មាន​ជំនឿ​យ៉ាង​មុត​មាំ​ចំពោះ​អបិយ​ជំនឿ ដោយ​ពលរដ្ឋ​ជាច្រើន​ជឿ​ថា លាភ​សំណាង និង​យីអ៊ុន​​ អាច​ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈវត្ថុ​ស័ក្ដិសិទ្ធិ​ ហើយ​វា​មិន​ចម្លែក​ទេ​ដែល​អ្នក​​រកស៊ី​មាន​ពាក់​​​គ្រឿង​មន្ត​អាគម​ទាំង​នេះ​ក្នុង​អាវ​ឡើយ​។

វត្ថុ​ស័ក្ដិសិទ្ធិ​គ្រាន់​តែ​មាន​រូបរាង​​ធម្មតាៗ ដូច​ជា ចម្លាក់​ព្រះ​ពុទ្ធ​ ឬ​មាន​ការ​បន្ថែម​គ្រឿង​តុបតែង ជាមួយ​ការ​ស្រោប​មាស ឬ​ប្លាទីន​ជុំវិញ​ចម្លាក់​ពុទ្ធអង្គ​ប្លាស្ទិក​ជាដើម​។

លោក សូភី ដែល​រក្សា​ទុក​វត្ថុ​ស័ក្ដិសិទ្ធិ​លើស​ពី ១០០ ​គ្រឿង ​ក្នុង​រថយន្ដ​បាន​និយាយ​ថា​ លោក​មាន​ជំនឿ​ចិត្ដ​ថា រថយន្ដ​តាក់ស៊ី​របស់​ខ្លួន​គ្មាន​វីរុស​ណា​ហ៊ាន​មក​ក្បែរ​ឡើយ។

សម្លឹង​មើល​វត្ថុ​ស័ក្ដិសិទ្ធិ​កំពុង​យោល​រណែង​រណោង​នៅ​កញ្ចក់​ក្រោយ​រថយន្ដ​ ពេល​លោក​កំពុង​កាច់​ចង្កូត​បត់​ចូល​ផ្លូវ​ច្រក​តូច លោក​បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​ខ្វល់​ថា តើ​កថាយ័ន្ត​ទាំង​នេះ​មាន​តម្លៃ​ជាវ​ប៉ុន្មាន​នោះ​ទេ​។ ខ្ញុំ​មិន​សូវ​គិត​រឿង​តម្លៃ​ឡើយ​»។

ប្រពៃណី​នៃ​ការ​ថែរក្សា ជាវ និង​លក់​វត្ថុ​ស័ក្ដិសិទ្ធិ​ពិត​មាន​ការ​ពេញ​និយម ដែល​សូម្បី​តែ​ក្រុង​បាងកក​ក៏​មាន​ផ្សារ​លក់​ផលិតផល​ទាំង​នេះ​ ជា​ទី​ដែល​វត្ថុ​ជំនឿ​ទាំង​នោះ​លក់​ក្នុង​តម្លៃ​ខ្ពស់​។

អ្នក​បើកតាក់ស៊ីបួងសួង​យ័ន្ត​​មុន​នឹង​ចេញដំណើរ​ដឹក​ភ្ញៀវ​។ រូបថត AFP

រដ្ឋាភិបាល​ថៃ​បាន​បិទ​ផ្សារ​នៅពេល​អត្រា​ឆ្លង​ជំងឺ​កូវីដ ១៩ ហក់​ឡើង​ខ្ពស់​កាល​ពី​ ១ ​ឆ្នាំ​មុន ដោយសារ​តែ​មាន​​ប្រជាប្រិយ​នៅ​តាម​តូប​តូចៗ​ទាំង​នោះ​ក្នុង​ចំណោម​ពលរដ្ឋ​ថៃ​ចាស់ៗ​។

អ្នក​បើក​​តាក់ស៊ី​ វ៉ាសាន់ ស៊ុកជិត អាយុ ៤៣ ​ឆ្នាំ ដែល​និយាយ​ថា លោក​ទទួល​បាន​វត្ថុ​ស័ក្ដិសិទ្ធិ​កម្រៗ​ជា​ច្រើន​ពី​តាម​បណ្ដា​​ខេត្ដ​នានា​ បាន​ឱ្យ​ដឹង​ថា៖ «​គ្រឿង​ថ្លៃៗ​បំផុត​ចំពោះ​វត្ថុ​ស័ក្ដិសិទ្ធិ​របស់​ខ្ញុំ​មាន​តម្លៃ​ចន្លោះ​ពី ៣២០ ទៅ ៦៤០​ ដុល្លារ​»។

រថយន្ដ​តាក់ស៊ី​របស់​លោក​ក៏​មាន​យ័ន្ត​​រំលេច​ព្រះពុទ្ធ​រូប​តាំង​បិទ​ជាប់​ដំបូល​រថយន្ដ​ ដោយសារ​ជឿ​ថា វត្ថុ​ស័ក្ដិសិទ្ធិ​តាម​ថែរក្សា​លោក ពេល​​​ធ្វើ​ដំណើរ​តាម​ដង​វិថី​ក្នុង​ក្រុង​បាងកក​។

ក្នុង​ចំណោម​អ្នក​បើកបរ​រថយន្ដ​តាក់ស៊ី​មាន​ជំនឿ​លើ​វត្ថុ​ស័ក្ដិសិទ្ធិ​នេះ​បាន​កើត​មាន​ឡើង​ជុំវិញ​រឿង​រ៉ាវ​អ្នក​បើកបរ​នៅ​មាន​ជីវិត​រស់​ពី​គ្រោះ​ថ្នាក់​លើ​ដង​វិថី​ដ៏​អសោច​របស់​ថៃ​។

យោង​តាម​អង្គការ​សុខភាព​ពិភព​លោក បាន​ឱ្យ​ដឹងថា រាជាណាចក្រ​នេះ​មាន​អត្រា​អ្នក​ស្លាប់​លើ​ដង​វិថី​ខ្ពស់​មួយ​ក្នុង​ពិភព​លោក​ បន្ទាប់​ពី​ប្រទេស​ញាំញី​ដោយ​សង្គ្រាម លីបេរីយ៉ា​។

ទោះ​ជា​​​វត្ថុ​ស័ក្ដិសិទ្ធិ​អាច​ធ្វើ​ឱ្យ​អ្នក​បើក​តាក់ស៊ី​មាន​អារម្មណ៍​ស្រាកស្រាន្ដ​ពី​កង្វល់​ចំពោះ​វីរុស​កូរ៉ូណា លោក ស៊ុកជិត លោក​​និយាយ​ទាំង​ពាក់​ម៉ាស់​មុខ​ថា​៖ «​ច្បាស់​ណាស់ យើង​នៅ​តែ​ត្រូវ​​​ពាក់​ម៉ាស់ និង​លាង​ដៃ​នឹង​អាល់កុល​​ជា​ប្រចាំ​»៕ AFP/HR