ក្រុង​ទីរ៉ាណា៖ ពុះជ្រៀក​ជួរ​ភ្នំឆ្លង​កាត់​វាល​ទំនាបនិង​ធ្លាក់​ទៅ​ដល់​សមុទ្រ Adriatic ដ៏​ភ្លឺ​ព្រៀក​ៗ​នៃ​ដែនដី​អាល់បានីទស្សនីយភាព​ធម្មជាតិ​ដ៏​អស្ចារ្យ​នៃ​ដងទន្លេ​ Vjosa គឺជា​កំណព្វ​របស់​ជាតិ​ តែ​វា​ក៏​កំពុង​រង​នូវ​ការ​គំរាម​កំហែង​ខ្លាំង​ផង​ដែរ។

ក្រុម​សកម្មជន​យល់​ឃើញ​ថា អស់​ពេល​វេលា​សង្គ្រោះ​នូវ​អ្វី​ដែល​ពួកគេ​ហៅ​ថា «​ទន្លេ​អភិរក្ស​» ចុង​ក្រោយ​បំផុត​នៅ​អឺរ៉ុប​ ដោយ​នៅតែ​បន្ដ​មាន​ការ​អភិវឌ្ឍ​ដោយ​ឧស្សាហកម្ម សំណង់​ទីក្រុង ឬ​ទំនប់​ជា​ច្រើន​ ទោះបីជា​មាន​វត្ដមាន​តារា​ហូលីវូដ​កំពូល ដូចជា ឡេអូណាដូ ឌី​កាព្រីយ៉ូ ខិត​ខំ​ស្រោច​ស្រង់​យ៉ាង​ណា​ក៏ដោយ។

ក្ដី​បារម្ភ​​ភ្លាម​ៗ​បាន​កើត​ឡើង​នៅពេល​គម្រោង​កសាង​ទំនប់​វារី​អគ្គិសនី​កម្ពស់ ៥០ ​ម៉ែត្រ​មួយ​គ្រោង​បង្កើត​ឡើង។

ភ្ញៀវទេសចរ​ថត​ទេសភាពទន្លេ Vjosa របស់អាល់បានីជាសម្បត្ដិធម្មជាតិចុងក្រោយនៅអឺរ៉ុប។ រូបថត AFP

ក្រុមហ៊ុន​តួកគី និង​អាល់បានី បាន​ទទួល​សិទ្ធិ​អភិវឌ្ឍ​គម្រោង ​​ទំនង​ជា​ការ​អភិវឌ្ឍ​ដំបូង​ក្នុង​ការ​កែ​ប្រែ​ទន្លេ​​អាល់​បានី លាត​សន្ធឹង​ប្រមាណ ២០០​ គីឡូម៉ែត្រ​ ដែល​មាន​ចំណុច​ខ្ពស់​នៅ​ជួរ​ភ្នំ​ ភីនដាស់ ដោយ​ឆ្លង​កាត់​ព្រំដែន​ប្រទេស​ក្រិក។

ទំនប់​វារី​អគ្គិសនី នឹង​ធ្វើ​ឱ្យ​ជន់​លិច​តំបន់​សត្វ​កម្រ​រស់​នៅ និង​រុក្ខជាតិ​ ក៏ដូចជា បំផ្លាញ​ដី​កសិដ្ឋាន​ មុខ​របរ​ទទួល​ទាន​របស់​ប្រជានេសាទ និង​បង្ខំ​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​ជម្លៀក​ខ្លួន​ចេញ​ពី​លំនៅឋាន។

ម្ចាស់​ភោជនីយដ្ឋាន​ក្នុង​ស្រុក​ អាចាន់ ហ្សេហ្គាក បាន​និយាយ​ថា​៖ «ទន្លេ Vjosa គឺជា​ក្ដី​ស្រឡាញ់​ខ្លាំង​បំផុត​របស់​​ខ្ញុំ។ ជីវិត​របស់​ខ្ញុំ​គឺ​នៅទី​នេះ​ តាំងពី​កុមារភាព​រហូត​ដល់​យុវវ័យ​គឺនៅ​ទី​នេះ​»។

ទឹក​ពណ៌ខៀវ​ថ្លា ហ៊ុំព័ទ្ធដោយ​ច្រាំងទន្លេ​ពណ៌សក្បុស ទន្លេ Vjosa ត្រូវបានចាត់ទុកជាទន្លេ​ដ៏​ល្អ​ជាងគេនៅអឺរ៉ុប។ រូបថត AFP

ភោជនីយដ្ឋាន​តាម​ចិញ្ចើម​ផ្លូវ​របស់​លោក​ក្នុង​ភូមិឃ្វេសារ៉ាត់ ទទួល​ប្រយោជន៍​ពី​ទេសភាព​ដង​ទន្លេ​គួប​វាល​ស្មៅ​បៃតង​ស្រស់​ ដែល​ផ្ដល់​ជីវិត​ដល់​រុក្ខជាតិ និង​សត្វ​ជា​ច្រើន។

បើ​មាន​ការ​អភិវឌ្ឍ​ទំនប់​មែនធម្មជាតិ​ទី​នេះ​នឹង​រលាយ​បាត់​អស់។ ទឹក​នឹង​ជន់​លិច​ផ្លូវដែលមិន​ឆ្ងាយ​ប៉ុន្មាន​ពី​មាត់​ទ្វា​រផ្ទះ​របស់​លោក​ឡើយ។

លោក ហ្សេហ្គាក បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​ច្បាស់​ជា​ត្រូវ​ធ្វើ​ចំណាក​ស្រុក​ហើយ។ ខ្ញុំ​មើល​មិន​ឃើញ​ថានឹង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ចិញ្ចឹម​ជីវិត​ឡើយ»។

លោកតា មេហ្ស៊ីន ហ៊្សូតាកអាយុ ៨៦ឆ្នាំ នៅសត្វចៀមនៅក្បែរទន្លេ​ Vjosa។ រូបថត AFP

បញ្ហា​ផ្លូវ​ច្បាស់​ចំពោះ​ការ​កសាង​ទំនប់​បាននិង​កំពុង​ញាំញី​ជីវភាព​ពលរដ្ឋ​ពីរ​ទសវត្សរ៍​មក​ហើយ ហើយ​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះសកម្មជន​ក៏​ជំរុញ​ឱ្យ​មាន​ជា​ដំណោះ​ស្រាយ​ផង​ដែរ។

បេសចាណាហ្គូរីមក​ពី​អង្គការ Eco Albania បាន​ប្រាប់ AFP ថា​៖ «​ទន្លេ Vjosa ត្រូវតែ​ប្រកាស​ជា​ឧទ្យាន​ជាតិ។ វា​នឹង​មិន​ត្រឹម​តែ​ជា​ការ​ការពារ​ជីវចម្រុះ​ប៉ុណ្ណោះ​ទេប៉ុន្ដែ​ថែមទាំង​អនុញ្ញាត​ឱ្យ​មាន​ការ​អភិវឌ្ឍ​ចីរភាព​ និង​ផ្សព្វផ្សាយ​ទេសចរណ៍ ព្រមទាំង​អេកូ​ទេសចរណ៍​ក្នុង​ស្រុក​ផង​ដែរ​»។

ក្រុម​សកម្មជន​ បាន​គូស​បញ្ជាក់​ថាសត្វ​ប្រមាណ ១ ១៧៥​ ក្បាល និង​រុក្ខជាតិ​ជា​ច្រើន​ប្រភេទ​ត្រូវបាន​កត់​ត្រា​នៅ​តាម​ដង​ទន្លេ Vjosa រួម​ទាំង​ ១១៩​ ប្រភេទ​ ស្ថិត​ក្រោម​ច្បាប់​ការពារ​អាល់បានីហើយ ៣៩​ប្រភេទ​ត្រូវបាន​ចុះ​បញ្ជី​ជា​អម្បូរ​រ​ង​ការ​គំរាម​កំហែង​ជា​លក្ខណៈ​អន្ដរជាតិ។

ទិដ្ឋភាពដ៏ស្រស់ស្អាត​នៃ​ដងទន្លេ Vjosa របស់អាល់បានីជាសម្បត្ដិធម្មជាតិចុងក្រោយនៅអឺរ៉ុប។ រូបថត AFP

ចំណុច​សំខាន់​បំផុត​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កសាង​ទំនប់​ គឺជា​បំណង​អភិរក្ស​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់​នៅ​ប្រជាជន​ពលរដ្ឋ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ដោយ​បារម្ភ​ថា ទំនប់​វារី​អគ្គិសនី​នឹង​បំផ្លាញ​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​រាប់​ពាន់​នាក់ លោកអ៊ីដាចេត ហ៊្សូតាកជា​អ្នក​ភូមិ​អាយុ ៦០ ​ឆ្នាំ បាន​និយាយថា​៖ «​ទន្លេ Vjosa ពិត​ជា​សំខាន់​ណាស់​សម្រាប់​ពួកយើង​ សម្រាប់​ដី​របស់​យើងសម្រាប់​អាហារ​របស់​យើងដោយ​វា​ជា​ផ្នែក​មួយ​នៃ​ជីវិត​យើង​»។

ទឹក​ពណ៌ខៀវ​ថ្លា ហ៊ុំព័ទ្ធដោយ​ច្រាំងទន្លេ​ពណ៌សក្បុស ទន្លេ Vjosa ត្រូវបានចាត់ទុកជាទន្លេ​ដ៏​ល្អ​ជាងគេនៅអឺរ៉ុប។ រូបថត AFP

មេហ្ស៊ីនហ្សែម ហ៊្សូតាក អាយុ ៨៦ ​ឆ្នាំដែល​កូន​ៗ​ ៧​ នាក់ ​របស់​លោក​បាន​ចាក​ចេញ​ពី​តំបន់​នោះដោយ ៤ ​នាក់​ បាន​ធ្វើ​ចំណាក​ស្រុកបាន​និយាយ​ថា​៖ «​ខ្ញុំ​នឹក​កុមារភាព​ណាស់​»។

លោក​បាន​បន្ដ​ ពេល​កៀង​ហ្វូង​ចៀម​ស្ថិត​នៅ​ចម្ងាយ​ប៉ុន្មាន​ពី​ទឹក​ទន្លេ​ថា​៖ «​ខ្ញុំ​ច្បាស់​ណាស់​ថាបើ​ទន្លេ Vjosa ក្លាយ​ជា​ឧទ្យាន​ជាតិ​ ពួកគេ​នឹង​វិល​មក​កសាង​អនាគត​នៅ​ទីនេះ​វិញនោះ​គឺជា​ផ្ទះរបស់​ពួកគេ​តែម្ដង​»៕ AFP/HR

ទឹក​ពណ៌ខៀវ​ថ្លា ហ៊ុំព័ទ្ធដោយ​ច្រាំងទន្លេ​ពណ៌សក្បុស ទន្លេ Vjosa ដ៏​ខ្វែង​ខ្វាត់ ត្រូវបានចាត់ទុកជាទន្លេ​ដ៏​ល្អ​ជាងគេនៅអឺរ៉ុប។ រូបថត AFP

ទឹក​ពណ៌ខៀវ​ថ្លា ហ៊ុំព័ទ្ធដោយ​ច្រាំងទន្លេ​ពណ៌សក្បុស ទន្លេ Vjosa ជាធនធានធម្មជាតិ​មិន​អាច​កាត់ថ្លៃបានរបស់អាល់បានី។ រូបថត AFP