ក្រុង​សូរ៉ុង: ហ្វូង​​មនុស្ស​ដ៏​ខឹង​សម្បារ​​បាន​សម្លាប់​ក្រពើ​ជិត​​ ៣០០​ ក្បាល​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ បន្ទាប់ពី​បុរស​ម្នាក់​​ត្រូវ​បាន​​សម្លាប់​​ដោយ​​សត្វ​ក្រពើ​មួយ​ក្នុង​ចំណោម​ក្រពើ​ទាំង​នោះ​។ នេះ​បើ​​តាម​​អាជ្ញា​ធរ​​ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​។

ការ​សម្លាប់​សង​សឹក​នេះ​បាន​កើត​ឡើង​​កាល​ពី​ថ្ងៃ​សៅរ៍​ នៅ​ក្នុង​ខេត្ត​ Papua ​បន្ទាប់​ពី​ការ​ធ្វើ​ពិធី​បុណ្យ​សព​បុរស​នោះ​ ​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​ក្រពើ​​នៅ​ពេល​គាត់​បាន​ធ្លាក់​ចូល​ទៅ​ក្នុងកសិដ្ឋាន​ចិញ្ចឹម​ក្រពើ​​មួយ ​ខណៈ​កំពុង​​រក​ស្មៅ​​​សម្រាប់​បសុសត្វ​​របស់​គាត់​​។ នេះ​បើ​តាម​មន្រ្តី​នគរ​បាល​និង​មន្រ្តី​អភិរក្ស​ដែល​បាន​ថ្លែង​។​

ពួក​គេ​បាន​ថ្លែង​ថា​ ជន​រង​គ្រោះ​​ដែល​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​​ថា​ ឈ្មោះ ស៊ូហ្គីតូ​ មាន ​អាយុ ​​៤៨​ ឆ្នាំ​ ​ត្រូវ​បាន​ខំា​ចំ​ជើង​ ​​ហើយ​បន្ទាប់​មក​​ត្រូវ​បាន​វាយ​ប្រហារ​​រហូត​ដល់​​ស្លាប់​​ដោយ​កន្ទុយ​របស់​ក្រពើ​មួយ​ទៀត​ ​ខណៈ​ក្រពើ​ជា​ពពួក​សត្វ​ត្រូវ​ការ​ពារ​។

អាជ្ញា​ធរ​បាន​ថ្លែង​ថា​ សាច់​ញាតិ​របស់​លោក ស៊ូហ្គីតូ ​និង​ប្រជា​ពល​រដ្ឋ​មូល​ដ្ឋាន​ ដែល​ខឹង​សម្បារ​ចំពោះ​ទីតាំង​​កសិដ្ឋាន​​ស្ថិត​នៅ​ជិត​​តំបន់​​​រស់​នៅ​​របស់​ប្រជា​ជន​ ​បាន​នាំ​គ្នា​ដើរ​​ហែរ​​ទៅ​ប៉ុស្តិ៍​នរគ​បាល​​មូល​ដ្ឋាន។

ប្រធាន​ទីភ្នាក់​ងារ​អភិរក្ស​មូល​ដ្ឋាន​ លោក បាសសារ ម៉ានូឡាង​ ​បាន​ថ្លែង​ថា ពួក​គេ​ត្រូវ​បាន​ប្រាប់​ថា ​ចម្ការ​នោះ​​បាន​យល់​ព្រម​​សង​សំណង​។

​លោក​បាន​បន្ថែម​ថា​៖ «​​យើង​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​មួយ​ជា​មួយ​​គ្រួសារ​​ជន​រង​គ្រោះ​ ​​និង​​បាន​ចូល​រួម​រំលែក​ទុក្ខ​​របស់​យើង​»។

​ប៉ុន្តែ​ក្រុម​ប្រជា​ជន​ ដែល​មាន​ចំនួន​​«​រាប់​រយ​នាក់​» ​មិន​ពេញ​ចិត្ត​ ​ហើយ​​បាន​នាំ​គ្នា​​ទៅ​កសិដ្ឋាន​​​ក្រពើ​ដោយ​មាន​អាវុធ​នៅ​នឹង​ដៃ​រួម​មាន​កំាបិត​ ​​ពូថៅ ​និង​ប៉ែល សម្រាប់​​​ប្រើ​សម្លាប់​ក្រពើ​​ប្រមាណ​​២៩២​ក្បាល​ ដែល​រួម​មាន​ទាំង​កូន​ក្រពើ​ប្រវែង​​បួន​អ៊ីញ​​រហូត​ដល់​​ក្រពើ​ជំទង់​​ប្រវែង​២​​ម៉ែត្រ​។ នេះ​បើ​តាម​អាជ្ញា​ធរ​ដែល​បាន​ថ្លែង​។

​មន្រ្តី​នគរ​បាល ​និងមន្រ្តី​អភិរក្ស​​បាន​ថ្លែង​ថា ពួក​គេ​​មិន​អាច​​បញ្ឈប់​​​ការ​វាយ​ប្រហារ​​របស់​​ប្រជា​ជន​ទៅ​លើ​សត្វ​ក្រពើ​នេះ​បាន។

​អាជ្ញា​ធរ​​បាន​ថ្លែង​ថា ​ពួក​គេ​កំពុង​ស៊ើប​អង្កេត​ ​និង​អាច​ធ្វើ​​ការ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ​​។

​លោក ឌីវ៉ា ម៉ាដេ ស៊ីដាន ស៊ូត្រានញ៉ា អធិការ​នគរ​បាល​​ក្នុង​ក្រុង​សូរ៉ុង ​​បាន​ថ្លែង​ថា​៖ «​​ឥឡូវ​នេះ​ យើង​កំពុង​សាក​សួរ​សាក្សី​ផ្ទាល់​ភ្នែក​»។

ទី​ប្រជុំ​កោះ​ឥណ្ឌូនេស៊ី​​នេះ​គឺ​ជា​​ជម្រក​នៃ​សត្វ​ព្រៃ​​ជា​ច្រើន​ប្រភេទ​ រួម​ទាំង​ប្រភេទ​ក្រពើ​មួយ​ចំនួន​​ដែល​​​វាយ​ប្រហារ​ ​និង​សម្លាប់​មនុស្ស​ជា​ទៀង​ទាត់​។

​កាល​ពី​ខែ​មីនា ​អាជ្ញា​ធរ​​ដែល​នៅ​លើ​​កោះ​ Borneo ​បាន​បាញ់​សម្លាប់​​ក្រពើ​មួយ​ដែល​មាន​ប្រវែង​៦​ម៉ែត្រ​​បន្ទាប់​ពី​វា​ស៊ី​​កម្មករ​​ចម្ការ​ដូង​ប្រេង​​ម្នាក់​។

​កាល​ពី​ពីរ​ឆ្នាំ​មុន ​ទេសចរ​រុស្ស៊ី​ម្នាក់​ត្រូវ​បាន​សម្លាប់​​​​ដោយ​ក្រពើ​​មួយ​ក្បាល​​នៅ​ក្នុង​កោះ Raja Ampat ​ដែល​ជា​កន្លែង​​មុជ​ទឹក​​​មាន​ប្រជា​ប្រិយ​​នៅ​ភាគ​ខាង​កើត​នៃ​ទី​ប្រជុំ​កោះ​ឥណ្ឌូនេស៊ី​​នេះ៕ AFP/PS