ក្រុង​អាតែន៖ ផ្ទះ​បន​កណ្ដាល​​​ក្រុង​អាតែន កំពុង​តែ​មមាញឹក​ជាមួយ​អតិថិជន​នៅ​វេលា​ដ៏​ក្ដៅ​នៃ​ខែ​កក្កដា ហើយ​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​មក​ពី​​​វេណេស៊ុយអេឡា​ ក៏​រីករាយ​នឹង​​​ជំនួញ​របស់​ខ្លួន​។

អ្នក​រក​ស៊ី​ផ្លូវ​ភេទ​នៅ​ទីនោះ​បាន​​ទទួល​ភ្ញៀវ​ជា​ប្រចាំ​តាំង​ពី​ពាក់​កណ្ដាល​ខែ​មិថុនា ខណៈ​​​ពួក​គេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​បើក​ទ្វារ​ឡើង​វិញ ​ក្រោយ​ជាប់​​បម្រាម​​រយៈ​ពេល ៣ ខែ​ ដើម្បី​គ្រប់គ្រង​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ ១៩។

ខណៈ​ពលរដ្ឋ​ក្រិក​ភាគ​ច្រើន​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព និង​ប្រាស្រ័យ​ទាក់ទង​ជិត​ស្និទ្ធ​តិច​បំផុត​ អ្នក​រក​ស៊ី​ផ្លូវ​ភេទ​ជា​ច្រើន​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​វិល​ទៅ​រក​របរ​ចាស់​វិញ​ឡើយ​។

ក្រុម​នារី​រក​ស៊ី​ផ្លូវ​ភេទ​បាន​ប្រាប់ ​AFP ថា ប៉ុន្ដែ​វិធានការ​ជា​ច្រើន​មិន​អាច​អនុវត្ដ​ទៅ​រួច​ឡើយ​។

នាង ឌីមីត្រា កាណេលឡូប៉ូលូ ប្រធាន​សមាគម​​នារី​រក​ស៊ី​ផ្លូវ​ភេទ​ក្រិក​បាន​និយាយ​ថា​៖ «​វា​ជា​គួរ​ឲ្យ​អស់​សំណើច​។ ពួក​គេ​បាន​ប្រាប់​យើង​កុំ​ឲ្យ​ចាប់​ដៃ​គ្នា​​ក្នុង​បន្ទប់​រង់ចាំ​ រួច​យើង​នាំ​គ្នា​ចូល​បន្ទប់​ ទើប​អាច​ធ្វើ​អ្វីៗ​​បាន​គ្រប់​យ៉ាង​»។

យោង​តាម​បទបញ្ជា អ្នក​រក​ស៊ី​ផ្លូវ​ភេទ​ត្រូវ​បាន​​ណែនាំ​ឲ្យ «ធានា​រក្សា​គម្លាត» និង​ចៀស​វៀង «​ការ​ប្រាស្រ័យ​ទាក់ទង​តទល់​» ខណៈ​ការ​ពាក់​ម៉ាស់ ​ជា​ផ្នែក​មួយ​នៃ​ហ្គេម​លើ​គ្រែ​។

អានណា គូរូពូ ជា​នារី​កែ​ភេទ​ ដែល​ដឹកនាំ​​អង្គការ​ Red Umbrella Athens ជា​គំនិត​ផ្ដួចផ្ដើម​គាំពារ​អ្នក​រកស៊ី​ផ្លូវ​ភេទ​បាន​និយាយ​ថា​៖ «​ការងារ​​​យើង​​ពិត​ជា​ប្រឈម​គ្រោះថ្នាក់​បំផុត​។ ទាំង​ខ្លួន​ឯង និង​គ្រួសារ​​សុទ្ធ​តែ​ប្រឈម​គ្រោះថ្នាក់​ តែ​គ្មាន​ជម្រើស​ទេ​បើ​មិន​ចង់​ដាច់​ពោះ​ស្លាប់​។ នេះ​ប្រហែល​ជា​វេលា​ដ៏​យ៉ាប់​យ៉ឺន​បំផុត​»។

កម្រាល និង​របស់របរ​ផ្សេងៗ​ត្រូវបាន​ណែនាំ​ឲ្យសម្លាប់មេរោគ​រាល់​ប្រតិបត្តិការម្ដងៗ​​។ រូបថត AFP

នាង​​បន្ថែម​ថា​៖ «​រឿង​រ៉ាវ​កើត​ឡើង​ពិត​ជា​អាក្រក់​តាំង​ពី​ផ្ទុះ​មេរោគ​​អេដស៍​មក​ តែ​កាល​ណោះ​​ក្រោយ​រយៈ​ពេល​ប៉ុន្មាន​​ខែ​យើង​ដឹង​ថា ការ​ពាក់​ស្រោម​អាច​ការពារ​សុវត្ថិភាព​បាន​។ តែ​ពេល​នេះ​មិន​ទាន់​មាន​វិធី​ការពារ​ខ្លួន​នៅ​ឡើយ​ទេ​»។

ស្ថានការណ៍​កាន់​តែ​ដុនដាប​ជា​​ផ្នែក​មួយ​នៃ​វិធានការ​ការពារ​ ដែល​អាជ្ញាធរ​ក្រិក​បាន​ដាក់​ឡើង​ថា អតិថិជន​អាច​ប្រើ​កាត​ទូទាត់​ថ្លៃ​សេវា​ផ្លូវ​ភេទ​។ វា​ជា​សំណើ​​​មិន​សម​ទំនង​សម្រាប់​ប្រតិបត្ដិការ​ខុស​ច្បាប់​ដូច្នេះ​។

ស្រប​ពេល​នេះ ស្ដ្រី​ជា​ច្រើន​ត្រូវ​បាន​បង្ខំ​ឲ្យ​បំពាន​ច្បាប់ ​ដើម្បី​​ជីវភាព​ក្រុម​គ្រួសារ​​។

ដើម្បី​គាំពារ​នារី​រក​ស៊ី​ផ្លូវ​ភេទ​ដែល​ធ្វើ​ការ​នៅ​តាម​ទីសាធារណៈ អង្គការ Red Umbrella Athens បាន​រៃ​អង្គាស​ប្រាក់ ៧ ៩០០ ដុល្លារ​ តាម​គូប៉ុង​ផ្សារ​ទំនើប​ និង​ចែក​ជែល​លាង​ដៃ និង​ក្រដាស​អនាម័យ​​​ឲ្យ​ស្ដ្រី​។

អ្នក​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់​ពោល​​ថា​៖ «ខ្ញុំ​ខ្លាច​ការ​បិទ​ប្រទេស​ជាង​​ខ្លាច​កូវីដ​»៕ AFP/HR