ក្រុងឡុងដ៍: ដំណើររឿង​សត្វ​យក្ស​មួយ​ក្បាល​រស់នៅ​ក្រោម​បាត​បឹង Loch Ness មាន​មក​តាំង​ពី​ជាង ១៥០០ ឆ្នាំ ហើយ​វិទ្យាស្ថាន​មួយ​រំពឹង​ថា ភាព​អស្ចារ្យ​នៃ​វិទ្យាសាស្ដ្រ​ទំនើប នឹង​អាច​គាស់​កកាយ​អាថ៌​កំបាំង​នេះ។

លោក Neil Gemmell បានធ្វើ​ដំណើរ​ពី​សាកលវិទ្យាល័យ អូ​តា​ហ្គោ ប្រទេស​នូវែល​សេឡង់ ទៅ​ប្រមូល​សំណាក​ទឹក​ពី​បឹង​ប្រទេស​ស្កុតឡេន​ក្នុង​បំណង ស្វែង​រក​ដាន​សត្វ​ចម្លែក​ដែល​រស់​នៅ​ក្នុង​បាត​បឹង​ដ៏​ជ្រៅ​នេះ។

លោក​បាន​ប្រាប់ AFP ខណៈ​ទម្លាក់​ឧបករណ៍​វាស់​ស្ទង់​ចំណុះ ៥ លិត្រ​ក្នុង​ទឹក​បឹង​ថា៖ «មនុស្ស​ជាង ១០០០ នាក់​បាន​អះអាង​ថា ពួកគេ​បាន​ឃើញ​សត្វ​ចម្លែក។ ប្រហែល​ជា​មាន​អ្វី​ពិសេស​ខុស​ប្រក្រតី​នៅ​ទីនេះ​ហើយ»។

លោក Neil Gemmell បាន​និយាយថា លោក​នឹង​បន្ដ​តាមដាន​សំណាក DNA សត្វ​ចម្លែក តែ​គម្រោង​នេះ​ផ្ដោត​សំខាន់​លើ​ការ​ពិសោធ DNA បរិស្ថាន ដើម្បី​ស្វែង​យល់​ពី​ពិភព​ធម្មជាតិ។

ពាក្យ​ចចាមអារ៉ាម​ស្ដីពី​សត្វ​ធម្មជាតិ​ពិត Loch Ness Monster ផ្ដើម​ពីស​ត្វ​រូបរាង​សេះ​ទឹក​រហូត​ដល់​អម្បូរ​ដាយណូស័រ​សេស​សល់​ចុង​ក្រោយ គល់​ឈើ ត្រី បក្សី​ទឹក ឬក៏​គ្រាន់​តែ​ជា​រលក​ធំៗ​ប៉ុណ្ណោះ។

របាយការណ៍​ស្ដីពី​អ្នក​មើលឃើញ​ចុងក្រោយ​គឺ​នៅ​ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៨ នេះ​ដោយ​ប្ដី​ប្រពន្ធ​អាមេរិក​មួយគូ​ដែល​ឈរ​មើល​ពី​កំពែង​បន្ទាយ​ទ្រុឌ​ទ្រោម Urquhart Castle។

អ្នកស្រាវជ្រាវប្រមូល​គំរូ DNA ​ពី​ទឹក​បឹង​​​​ដើម្បី​សិក្សា​។ AFP

វា​ជា​តំបន់​ទេសចរណ៍​ដ៏​ពេញនិយម និង​ទីឋាន​កម្សាន្ដ​វប្បធម៌​ធម្មជាតិ​ដែល​មិន​ពាក់ព័ន្ធ​នឹង​អាថ៌កំបាំង​សត្វ​ចម្លែក​នេះ​ទាំង​ស្រុង​នោះ​ទេ។

យ៉ាងណា ជា​រឿងរ៉ាវ​ប្រទះ​ឃើញ​សត្វ​ចម្លែក ត្រូវបាន​តំណាល​ពី​មាត់​មួយ​ទៅ​មាត់​មួយ ដោយ​លោក Dave Bell ប្រធាន​ក្រុម​ទូក​ទេសចរណ៍ Nessie Hunter បាន​រំឭក​ថា៖ «ភ្ញៀវ​និយាយ​ពី​ស្រមោល​ធំ​មួយ​ធ្វើ​ចលនា​បំផ្លាស់​ទី​ក្រោម​ផ្ទៃ​ទឹក ដែល​គេ​សន្និដ្ឋាន​ថា​មាន​ប្រវែង​ប្រមាណ​ជិត ១០ ម៉ែត្រ»។

អ្នកស្រី Andrea Ferguson អាយុ ៥៦ ឆ្នាំ ជា​គ្រូបង្រៀន​មកពី​ក្រុង Saint Louis រដ្ឋ Missouri បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់ Nessie Hunter ដើម្បី​រង់​ចាំ​មើល​សត្វ​ចម្លែក ដែល​ទាក់​ចិត្ដ​អ្នក​ស្រី​តាំង​ពី​កុមារភាព។

អ្នកស្រី​និយាយថា៖ «បឹង​នេះ​ពិត​ជាធំ ហើយ​វា​ធំ​ជាង​ការគិត​របស់ខ្ញុំ​ទៅទៀត។ មើល​ផ្ទៃ​ទឹក​ឡើង​ខ្មៅ​ក្រឹប គួរ​ឲ្យ​មាន​អាថ៌កំបាំង​ជាច្រើន ដែល​ហ៊ុមព័ទ្ធ​ដោយ​អ័ព្ទ​ផ្សែង និង​ជួរ​ភ្នំធំ។ គួរ​ឲ្យ​ស្រៀវ​ឆ្អឹង​ខ្នង និង​ស្រស់​ស្អាត​ផង»៕

រូបភាព​ចចាមអារ៉ាម​​ពី​សត្វចម្លែក​នៅបឹង Loch Ness​។ ហ្វេសប៊ុក