ក្រចេះ៖ មនុស្សជាច្រើនបាននាំគ្នាអង្គុយបត់ជើងលើកដៃប្រណមសំពះ ខណៈព្រះសង្ឃ ៥ អង្គគង់នៅខាងមុខ សូត្រធម៌ឱ្យពុទ្ធបរិស័ទត្រងត្រាប់សូត្រតាម មុននឹងលាតត្រដាងស្បង់ចីវរឱ្យអ្នកចូលរួមទាំងអស់កាន់ជាជួរ រួចទើបយកទៅចងជុំវិញដើមឈើ ១ ដើមដ៏ធំខ្ពស់សន្លឹម ស្ថិតក្នុងតំបន់ព្រៃឡង់នៃទឹកដីខេត្តក្រចេះ។
បន្ទាប់មកព្រះតេជគុណ សូ ស៊ីណាត បានបន្តសូត្រមន្តប្រសិទ្ធីដល់រុក្ខជាតិដ៏ចំណាស់ ដែលត្រូវបានចងបំពាក់ស្បង់ចីវរ ក្នុងពិធីបំបួសដើមឈើនាទិវានៃក្ដីស្រឡាញ់កាលពីថ្ងៃទី ១៤ ខែកុម្ភៈ កន្លងទៅនេះ។
គោលបំណងការប្រារព្ធពិធីបំបួសដើមឈើ គឺជាការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិឱ្យបន្តគង់វង្សសម្រាប់អនាគត និងជាការសាបព្រោះសេចក្ដីស្រឡាញ់ចំពោះធម្មជាតិតាមរយៈប្រធានបទ «ថ្ងៃនៃក្ដីស្រឡាញ់ យើងស្រឡាញ់ព្រៃឡង់»។
នៅទិវានៃសេចក្ដីស្រឡាញ់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានដឹកនាំមនុស្សប្រមាណ ៣០០ នាក់ បោះជំរំ និង ធ្វើពិធីបំបួសដើមឈើនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
លោកមានប្រសាសន៍ថា៖ «ថ្វីដ្បិតថា យើងធ្វើនៅទីនេះមែនតែតាមរយៈប្រព័ន្ធផ្សព្វផ្សាយយើងសង្ឃឹមថា វានឹងទៅដល់បងប្អូនផ្សេងទៀតឱ្យចេះស្រឡាញ់ធម្មជាតិ ការពារព្រៃឈើ ការពារធនធានយើងមានក្នុងព្រៃ»។
លោកបន្តថា៖ «តាមរយៈរូបភាពដែលចេញពីកន្លែងនេះគេនឹងបានឃើញថា សកម្មភាពរបស់យើង ក្រោយអំពីពេលមានសុខសន្តិភាពហើយ យើងមានឱកាសការពារ និងអភិរក្សធនធានធម្មជាតិរបស់យើង។ ថ្ងៃទី ១៤ នៃក្ដីស្រឡាញ់ វាជារូបភាពដើម្បីបណ្ដុះស្មារតីការស្រឡាញ់ធនធានធម្មជាតិដល់បងប្អូនខ្មែរជាច្រើនលាននាក់ថែមទៀត»។
ដោយសារការឈ្លានពានលើតំបន់ការពារធម្មជាតិដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន មន្ត្រីក្រសួងបរិស្ថានគ្រប់ជាន់ថ្នាក់បានរួបរួមគ្នាចេញវិធីសាស្ត្រថ្មីៗ ដើម្បីគ្រប់គ្រងរក្សាព្រៃឈើឱ្យមាននិរន្តរភាព។ ក្នុងនោះការបំបួសដើមឈើតាមរយៈសាសនា គឺជាវិធីសាស្ត្រមួយ។
តាមសម្ដីរបស់អ្នកស្រី ភោគ ហុង គណៈកម្មការព្រៃឡង់ ខេត្តព្រះវិហារ តាមរយៈវេបសាយក្រសួងបរិស្ថានបានឱ្យដឹងថា៖ «គោលបំណងដែលរៀបចំឱ្យមានការបំបួសដើមឈើនេះ ជាការរក្សាប្រពៃណីសាសនាជនជាតិដើមភាគតិច និងការរំឭកគុណព្រៃឈើ ដែលបានជួយថែរក្សា និងចិញ្ចឹមដល់ប្រជាពលរដ្ឋ ក៏ដូចជាការជំរុញឱ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាព្រៃឈើ ការពារធនធានជីវចម្រុះនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់កាន់តែប្រសើរថែមទៀត»។
តាមប្រភពដដែល លោក ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍ មូលដ្ឋាននៃក្រសួងបរិស្ថានបានឱ្យដឹងថា ពិធីបំបួសដើមឈើជាប្រវត្តិសាស្ត្រនេះ បានរៀបចំឡើងជាលើកទី១ កាលពីឆ្នាំ ២០១៩។
ព្រះតេជគុណ សូ ស៊ីណាត ពីអារាមនៅខេត្តក្រចេះ និងត្រូវបាននិមន្តមកធ្វើពិធីបំបួសដើមឈើនៅព្រៃឡង់ មានសង្ឃដីកាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ដែរថា៖ «តាមពិតទៅ ការបំបួសដើមឈើ វាទើបតែត្រូវបានគេប្រារព្ធឡើងប៉ុន្មានឆ្នាំក្រោយនេះប៉ុណ្ណោះ ដោយវាកើតចេញចាប់ពីពេលដែលមនុស្សចាប់ផ្ដើមមានទឹកចិត្តស្រឡាញ់ និងយល់ពីអត្ថប្រយោជន៍នៃការរក្សាធនធានធម្មជាតិ ដើម្បីឱ្យក្លាយជាសម្បត្តិរដ្ឋផង និងសាសនាផង និងជាជម្រកសម្រាប់មនុស្សផង និងសត្វផង»។
ផ្សារភ្ជាប់ជំនឿសាសនា និងសម្បត្តិធម្មជាតិ ព្រះអង្គបន្ដថា៖ «កាលពីសម័យពុទ្ធកាល ព្រះអង្គទ្រង់រៀនរស់នៅក្រោមដើមឈើ ជួនកាលលោកបានប្រតិបត្តិនូវធម៌ទាំងឡាយទាំងពួងនៅទីព្រៃឈើ។ ព្រះអង្គយកដើមឈើជាជម្រក ដូច្នេះវាជាសម្បត្តិមួយសម្រាប់សាសនា។ ដូច្នេះសូមឱ្យយើងជួយដាំដើមឈើសម្រាប់ជាម្លប់ដល់សាសនាផងដែរ»។
ព្រះចៅអធិការមានសង្ឃដីកាថា ការបំបួសដើមឈើអាចរួមចំណែកថែរក្សាកេរដំណែលធម្មជាតិ និងបញ្ជាក់ថា មនុស្សចេះស្រឡាញ់ធម្មជាតិដែលមិនគួរបំផ្លាញ។
ព្រះតេជគុណបន្ថែមថា៖ «មនុស្សយើងមានជំនឿថា កាលណាឃើញស្បង់គ្របដណ្ដប់លើព្រៃឈើ ពួកគាត់មិនហ៊ានប៉ះពាល់ទេដែលគាត់ឃើញស្បង់ហ្នឹងដូចជាព្រះ»។
ការបំបួសដើមឈើ មិនសំដៅលើរុក្ខជាតិប្រភេទណានោះទេ ប៉ុន្តែភាគច្រើនពិធីចងស្បង់ចីវរត្រូវបានធ្វើឡើងលើដើមឈើធំៗ ដែលជាម្លប់ដូចជាឈើទាលជាដើម។
ព្រះតេជគុណ ស៊ីណាត បានរំឭកថា នេះគឺជាលើកទី២ ហើយដែលព្រះអង្គត្រូវបាននិមន្តចូលរួមកិច្ចការអភិរក្សព្រៃឈើជាមួយក្រសួងបរិស្ថាន ដោយលើកដំបូងក៏មានកម្មវិធីលែងសត្វស្វានៅជម្រកព្រៃធម្មជាតិវិញ។
ព្រះចៅអធិការអំពាវនាវថា៖ «មិនថា ខាងក្រសួងបរិស្ថាន ឬប្រជាជនខាងសាសនាក្ដី ខាងអាណាចក្រក្ដី ដែលជាកូនខ្មែរទាំងអស់គ្នា ត្រូវជួយគ្នារក្សានូវសម្បត្តិធម្មជាតិ និងព្រៃឈើ និងនាំគ្នាដាំដើមឈើបន្តទៀតជំនួសទៅលើដើមណាដែលវាដល់អាយុកាលក្នុងការកាប់យកទៅប្រើប្រាស់»៕