ភ្នំពេញ៖ ទី​​បំផុត​​អ្នក​និពន្ធ និង​​​ប្រវត្តិវិទូ​​ ស្រី​ដ៏​ល្បី​​របស់​ខ្មែរ​​ អ្នកស្រី ត្រឹង ងា ដែល​​​និស្សិត​​ខ្មែរ​​​ច្រើន​​ស្គាល់​​​ក្នុង​សៀវភៅ​​អរិយធម៌​ខ្មែរ ​និង​សៀវភៅ​​ប្រវត្តិសាស្ត្រ​ខ្មែរ​​ភាគ ១ និង​​ភាគ ​២ នោះ ​ត្រូវ​បាន​រាជ​បណ្ឌិត្យ​​​សភា​​កម្ពុជា​ សម្រេច​​ប្រគល់​សញ្ញាបត្រ​​​កិត្តិបណ្ឌិត​ផ្នែក​អក្សរសាស្រ្ត​ជូន​អ្នកស្រី។

បើ​យោង​តាម​លិខិត​ចេញ​​​ផ្សាយ​​ពី​​ថ្ងៃទី ​១៩ ខែ ​តុលា​ ឆ្នាំ ​២០២០ ​បញ្ជាក់​​ថា​ ​អ្នកស្រី​ ត្រឹង ងា ទទួល​​បាន​​សញ្ញាបត្រ​កិត្តិបណ្ឌិត ផ្នែក​អក្សរសាស្ត្រ ពី​រាជ​​បណ្ឌិត្យ​សភា​កម្ពុជា ​តាមរយៈ​​​សេចក្ដី​សម្រេច ​លេខ ​០៥២ / ២០ ស.ស.រ. ស្ដីពី​ការ​ប្រគល់​​សញ្ញាបត្រ​កិត្តិបណ្ឌិត ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ជូន​ឥស្សរជន​ជាន់​ខ្ពស់ ដែល​បាន​បំពេញ​កាតព្វកិច្ច​ជូន​ជាតិ​មាតុភូមិ ដោយ​មាន​​លោក​បណ្ឌិត​សភាចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា និង​ជា​អនុ​ប្រធាន​ប្រចាំ​ការ​ក្រុម​ប្រឹក្សា​​​បណ្ឌិត​​សភាចារ្យ​នៃ​រាជបណ្ឌិត្យ​​​​​សភា​កម្ពុជា បាន​ចុះ​ហត្ថលេខា​​ទទួល​ស្គាល់​​។​

ថ្មីៗ​នេះ​រាជបណ្ឌិត​្យ​សភាកម្ពុជា ចេញ​សេចក្តី​សម្រេច​ប្រគល់សញ្ញាបត្រ​កិតិ្តបណ្ឌិត​ផ្នែកអក្សរសាស្រ្តជូនអ្នកស្រី ត្រឹង ងា។ ហ្វេសប៊ុក

គួរ​​​​បញ្ជាក់​ផង​ដែរ​ថា អ្នកស្រី ត្រឹង ងា ​មាន​ឈ្មោះ​ដើម​ពិត​​ថា ឡាយ ហ៊ុនគី កើត​នៅ​ថ្ងៃទី ២៤ ខែ ​វិច្ឆិកា ឆ្នាំ ១៩៣៩ រស់នៅ​ភូមិ​​​ស្រមោច​ ឃុំ​ព្រះនេត្រព្រះ​ ស្រុក​​ព្រះនេត្រព្រះ ខេត្ត​បាត់ដំបង (បច្ចុប្បន្ន ខេត្ត​បន្ទាយមានជ័យ)។ អ្នកស្រី​បាន​ចាប់​អាជីព​​​ជា​គ្រូ​បង្រៀន​​តាំង​ពី​ឆ្នាំ ​១៩៥៧ ​នៅ​ខេត្ត​បាត់ដំបង​ ហើយ ​​១ ឆ្នាំ​ក្រោយ​មក​ គឺ​នៅ​ឆ្នាំ ​១៩៥៨ ​អ្នកស្រី​បាន​រៀប​​​អាពាហ៍ពិពាហ៍​​ជាមួយ​ស្វាមី​​ គឺ​លោក ត្រឹង ងា​ ដែល​មាន​ស្រុក​កំណើត​ជា​អ្នក​ស្រុក​យីងចូវ ​ខេត្ត​ពលលាវ​ នៅ​កម្ពុជា​ក្រោម​ ​​​ក្រោយ​​មក​​អ្នកស្រី​ក៏​បាន​ផ្លាស់​ឈ្មោះ​​​ដាក់​ថា​ ត្រឹង ងា រហូត​មក​​ដោយ​​ការ​ផ្លាស់​ឈ្មោះ​តាម​ស្វាមី​នេះ ​គឺ​ជា​ការ​​ធ្វើ​​តាម​ទម្លាប់​​បារាំង​របស់អ្នក​រដ្ឋការ​​ខ្មែរ​​​សម័យ​នោះ។ 

ចំណែក​ឯ​​លោក ត្រឹង ងា ជា​ស្វាមី​ត្រូវ​ខ្មែរ​​ក្រហម​បញ្ជូន​​​មក​​មន្ទីរ​ស ​២១​ កាល​ថ្ងៃទី ២០ ខែ ​វិច្ឆិកា ឆ្នាំ ​១៩៧៥ និង​ក្រោយ​មក​ ក៏​ត្រូវ​ខ្មែរ​ក្រហម​សម្លាប់​នៅ​ក្នុង​ឆ្នាំ​នោះ​ផង​ដែរ​។

ក្រោយ​ពី​ចូលនិវត្តន៍​មក អ្នកស្រី ត្រឹង ងា បាន​ចំណាយ​ពេល​​ភាគ​ច្រើន​​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា នៅ​ខេត្ត​បន្ទាយមានជ័យ និង​បាន​ប្តូរ​លំនៅ​មក​រស់នៅ​ជាមួយ​កូនប្រុស​ទី ​៣ នៅ​​​ភ្នំពេញ នៅ​​ក្នុង​ឆ្នាំ ​២០១៩​ រហូត​មក​ទល់​សព្វ​ថ្ងៃ។

ចំណែក​សៀវភៅ​​អរិយធម៌​ខ្មែរ ​ដែល​ជា​ស្នាដៃ​ដ៏​មាន​តម្លៃ​របស់​អ្នកស្រី​ គឺ​ជា​ប្រភព​ឯកសារ​ដ៏​ចម្បង និង​​បាន​រួម​ចំណែក​យ៉ាង​​សំខាន់​​សម្រាប់​អ្នក​សិក្សា​ថ្នាក់​បញ្ចប់​ ក៏​ដូច​ជា​ អ្នក​ស្រាវជ្រាវ​ និង​​​យុវជន​ជំនាន់​ក្រោយ ​ក្នុង​ការ​សិក្សា​រៀនសូត្រ​ ពង្រីក​ចំណេះ​ដឹង​ និង​បន្ត​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ពី​វប្បធម៌ និង​​​អរិយធម៌​ខ្មែរ៕​