ក្រុង​អាំស្ទែរដាំ: មាន់​ដើរ​ជាន់​ដំណាំ​ គោ​ទំពា​ចំណី​ ហើយ​ជ្រូក​ននៀល​​ភក់​ក្រោម​បរិយាកាស​​ថ្ងៃ​ស្រឡះ​ល្អ​ក្នុង​កសិដ្ឋាន​ប្រទេស ​ហូឡង់​ តែ​ទិដ្ឋភាព​ច្បារ​ដំណាំ​នេះ​ហាក់​មិន​មែន​កសិកម្ម​ប្រពៃណី​ដូច​សព្វ​មួយ​ដង​ឡើយ​។

កសិដ្ឋាន​នេះ​ជា​កម្មសិទ្ធិ និង​ដំណើរការ​ក្រោម​កិច្ច​សហការ​អតិថិជន​ក្នុង​ស្រុក​រាប់​រយ​នាក់​ និង​មាន​បំណង​ផ្លាស់​ប្ដូរ​ទម្លាប់​រស់​នៅ​ក្នុង​ប្រទេស​ក្បែរ​មាត់​សមុទ្រ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​។

ពលរដ្ឋ​ប្រមាណ ២០០ គ្រួសារ ​​សម្រេច​ចិត្ត​ជួល​កសិករ​​ឲ្យ​ចិញ្ចឹម​​សត្វ​​យក​សាច់ និង​ស៊ុត​ ហើយ​​ដាំ​ដុះ​បន្លែ​ និង​ផ្លែ​ឈើ​មួយ​ចំនួន ដើម្បី​ឲ្យ​​ពួក​គេ​ដឹង​ជាក់​ពី​ប្រភព​អាហារ​​ដែល​ពួក​គេ​នឹង​ទទួល​ទាន​​។

លោក ​ដូវ៉េ ខូធីង សហ​ប្រធាន​សហករណ៍​​ Boxtel នៅ​ភាគ​ខាង​ត្បូង​ប្រទេស ​ហូឡង់ និយាយ​ថា​៖ «​គោល​បំណង​ចម្បង​របស់​សមាជិក​យើង​គឺ​ទទួល​ទាន​​ផលិត​ផល​ធម្មជាតិ​ ដែល​ផលិត​​ក្បែរ​ផ្ទះ​យើង​រស់នៅ​ក្នុង​មធ្យម​បាយ​ចីរភាព​»។

ការ​ចូលរួម​ក្នុង​កសិដ្ឋាន​សហករណ៍​មាន​តម្លៃ​ម្នាក់ ​២ ២០០ ដុល្លារ ដែល​ម្ចាស់​​ហ៊ុន​អាច​ធាក់​​​កង់​ប្រមាណ ១០ នាទី​ពី​ទីក្រុង​ខ្លួន​រស់នៅ ទៅ​ប្រមូល​បន្លែ ស៊ុត សាច់ និង​ផ្លែ​ឈើ​ជា​រៀង​រាល់​សប្ដាហ៍​ ក្នុង​​​តម្លៃ​ទឹក​ប្រាក់​ម្នាក់ ​១០ អឺរ៉ូ​​​។

អ្នកបង់​​វិភាគទាន​សហករ​ណ៍កសិកម្ម នាំ​គ្នា​ចុះ​មក​យក​បន្លែ​ផ្លែឈើ និង​សាច់​​រាល់ចុង​សប្ដាហ៍​។ រូបថត AFP

សមាជិក​ទាំង​អស់​ទទួល​បាន​នូវ​​អាហារ​ដែល​ពួក​គេ​ត្រូវ​ការ និង​សារ​សំខាន់​ពី​ការ​ស្គាល់​ប្រភព​​​ ការ​បញ្ជាក់​ពី​ផលិតផល​ក្នុង​ស្រុក និង​​ធម្មជាតិ​តាម​រដូវកាល​។

គោ ១៥ ក្បាល ជ្រូក ២០ ក្បាល និង​មាន់ ៥០០ ក្បាល ​កសិដ្ឋាន​​មាន​ផ្ទៃ​ដី​ល្បាក់ ​២០ ហិកតា និង​ដាំ​ដំណាំ​ ឬ​ផលិត​នូវ​អ្វី​ដែល​ជ្រើសរើស​ដោយ​សហករណ៍​ដែល​នឹង​ចែក​រំលែក​ផល​ដំណាំ​ទាំង​នោះ​ត្រឡប់​ទៅ​ផ្ទះ​​ម្ចាស់​វិភាគទាន​វិញ​។

តង់​ចល័ត​ពណ៌​បៃតង​​មួយ ស្ថិត​នៅ​ចន្លោះ​ទ្រុង​មាន់ និង​ក្រោល​​គោ មាន​មុខងារ​ជា​ផ្ទះ​បាយ​ និង​ការិយាល័យ​កសិដ្ឋាន​។ រៀងរាល់​ថ្ងៃ​សៅរ៍ ក្រុម​គ្រួសារ​ម្ចាស់​ហ៊ុន តែង​​មក​លេង​កសិដ្ឋាន​ ដែល​ភាគ​ច្រើន​តាម​​រយៈ​ការ​ជិះ​កង់ មក​ទិញ​កសិផល​ ដូចជា ផ្លែ​ទំពាំង​បាយ​ជូរ បន្លែ​មើម សាច់​គោ និង​​សាច់​មាន់​។

ប្រធាន​ក្រុម​បាន​និយាយ​ទាំង​មាន​មោទនភាព​ថា បន្លែ​ផ្លែ​ឈើ​ស្រស់ៗ​​មាន​ចំនួន ៦០ ភាគរយ ​នៃ​របប​អាហារ​របស់​មនុស្ស ៥០០ នាក់​។

យោង​ស្ថាបនិក​សហករណ៍ Geert van der Veer បាន​ឲ្យ​ដឹង​ថា អ្វី​ៗ​ទាំង​អស់​​សុទ្ធ​តែ​ជា​​តម្រូវ​ការ​ និង​ពោរ​ពេញ​ដោយ​ផលិតផល​ធម្មជាតិ​ ទោះ​បី​ជា​មាន​ការ​ប្រើ​បច្ចេកវិទ្យា​ទំនើបៗ​ក៏​ដោយ​​។

គំនិត​បង្កើត​កសិកម្ម​សហករណ៍​កំពុង​តែ​ពេញ​និយម​នៅ​ហូឡង់​ ជា​ទី​ដែល​កសិកម្ម​ដ៏​ទំនើប​បាន​ក្លាយ​ជា​ប្រទេស​​នាំ​ចេញ​ធំ​បំផុត​​លំដាប់​ទី២ ក្នុង​លោក​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក។ នេះបើ​យោង​តាម​ការិយាល័យ​ស្ថិតិ​កណ្ដាល​ហូឡង់ CBS។

លោក Van der Veerបាន​សង្កត់​ធ្ងន់​ថា ការ​ពង្រីក​វិធីសាស្ដ្រ​កសិកម្ម​ដ៏​សាមញ្ញ​មិនមែន​មាន​ន័យ​ថា​ត្រូវ​កាត់​បន្ថយ​បច្ចេកវិទ្យា​ថ្មីៗ​នោះ​ទេ​។ នៅ​ក្បែរ​​ជើង​របស់​លោក សត្វ​មាន់​​ជា​ច្រើន​ក្បាល​ជួយ​ជុះ​ដាក់​​​ជីរ​ឲ្យ​ដំណាំ ទោះបី​ជា​ថ្ងៃ​ណា​មួយ​ពួក​វា​ក៏​នឹង​ក្លាយ​ជា​ចំណី​ក្ដី។

មិន​យូរ​មិន​ឆាប់ បក្សី​នេះ​នឹង​នឹង​​មាន​អ្នក​កំដរ​ជា​​​​រ៉ូបូត​ដែល​អាច​ហិត​ក្លិន​ផ្លែ​ឈើ​ទុំ ព្រម​ទាំង​ដ្រូន​ដែល​ធ្វើ​ការ​សិក្សា​​​ពី​ដី​ស្រែ​​ចម្ការ​ផង​ដែរ៕ AFP/HR