ភ្នំពេញៈ ពិតជា​មិនគួរ​ឲ្យ​ជឿ​សោះ ឥទ្ធិពល​ស្នេហា​ដែល​ផុស​ចេញពី​ដួង​ចិត្ត​បញ្ជាក់​ប្រាប់​ថា ខ្លួន​រក​ឃើញ​ម្ចាស់​បេះដូង​ពិត​ហើយ​នោះ ក៏បាន​ប្រែ​ក្លាយ​ជា​អារម្មណ៍​ច្របូក​ច្របល់​គិត​វែង​ឆ្ងាយ​រហូត​ធ្វើ​ឲ្យ​តារា​សម្តែង​ស្រី ម៉ូដែល និង​ជា ពិធីការិនី វ័យ ២២ ឆ្នាំ មាន​រូប​ឆោម​ស្រស់ សាច់​សខ្ចី ទម្រង់​មុខ​ស្អាត ជា​កូន​កាត់​ជាតិ​សាសន៍​អាស៊ី-អឺរ៉ុប កញ្ញា ម៉ៃយ៉ា គេង​មិន​លក់។

ដើមចម​ដែល​នាំ​ឲ្យ​កញ្ញា ខា​ហ្គឺ​ម៉ៃ​យ៉ា សូ​រ៉ៃ​យ៉ាម៉ា​ថា ហៅ​កញ្ញា ម៉ៃ​យ៉ា ដែលមាន​រាសី​កំពុង​តែ​ឡើង​ក្រឺតៗ ទើប​តែ​បាន​ថត​កុន​ភាគ​ខ្នាត​ធំ​ចប់ ហើយ​ក៏​កំពុង​តែ​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស​រឿង «កូន​ពស់​កេង​កង» និង​ក៏​ត្រូវ​បាន​ផលិតកម្ម​កក់​ទុក សម្រាប់​ថតកុន​ថ្មី ១ ទៀត​ហើយ​ដែរ​នោះ បង្ហើប​ឲ្យ​ដឹង បន្ទាប់​ពី​នាង​បង្ហើរ​សារ​រឿង​លេប​ថ្នាំ​ងងុយ​គេង​ថា៖ «លេប​ហើយ​ល្មម​អាច​គេង​បាន​ភ្លាម» និង​សារ​ថា៖ «នឿយ​កាយ​ហត់​ចិត្ត» មក​ភ្លាមៗ​ដែរ។

បើ​គ្រាន់តែ​ស្វែងយល់​តាម​សារ​ដ៏​ខ្លី​ខាងលើ គឺ​ច្បាស់​ណាស់ គេ​នឹង​មិនបាន​ជ្រាប​ឡើយ​ថា ស្រី​ស្រស់​សម្រស់​បែប​ជា​កូន​កាត់​រាង​តូច​ច្រឡឹង​រូប​នេះ​កំពុង​តែ​គេង​មិន​លក់​ព្រោះ​តែ​ចិត្ត​មាន​សភាព​ច្របូក​ច្របល់​ដោយសារ​ឥទ្ធិពល​ស្នេហា តែ​វា​ចារ​ចេញ​មិន​ទាន់​បាន​ដែល​រំខាន​អារម្មណ៍​នាង​យ៉ាង​ខ្លាំង។ ភាគ​ច្រើន​ពេល​ឃើញ​សារ​នេះ មហាជន​បាន​ត្រឹម​តែ​គិត​ថា តារា​ស្រី​វ័យ ២២ ឆ្នាំ​រូបនេះ​ទំនង​ជា​មាន​ការ​នឿយ​ហត់​ទៅ​នឹង​ការងារ​ដ៏​មមាញឹក និង​រឿង​វិបត្តិ​ក្នុង​គ្រួសារ​ទើប​ធ្វើ​ឲ្យ​នាង​ឈឺ​រហូត​គេង​លែង​លក់​នោះ។

ប៉ុន្តែ​ពិធី​ការិនី​នៃ​ទូរទស្សន៍ CNC ដែលជា​តារា​សម្តែង​ស្រី​រលក​ក្រោយ​ទើបតែ​បាន​រះ​ថ្មី​នៅ​លើ​វិថី​សិល្បៈ​ភាពយន្ត​នា​រយៈពេល ២-៣ ឆ្នាំ​រូប​នេះ បង្ហើប​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​ដឹង​ទាំង​បែប​លាក់​លៀម ដោយសារ​តែ​ពុំទាន់​សម្រេច​ចិត្ត​ទទួល​យកក្តី​ស្នេហ៍​ពី​បុរស ដែល​បេះដូង​កំពុង​តែ​លួច​ពេញ​ចិត្ត​ថា៖ «វា​មិន​មែន​ជា​រឿង​វិបត្តិ​គ្រួសារ​អី​នោះ​ទេ។ តែ​វា​ជា​រឿង​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ​ដោយសារ​មាន​គេ​តាម​ស្រឡាញ់ ហើយ​ក៏​គិត​វែង​ឆ្ងាយ​ពី​ខ្លួន​ឯង​រហូត​ដល់​គេង មិន​លក់​បែប​នេះ»។

ស្រី​ស្រស់​ជា​កូនកាត់​ខ្មែរ-អាល្លឺម៉ង់ ដែល​ក៏​ល្បី​ថា សម្បូរ​ក្រុម​កន្លង់​ចោម​រោម តាម​សុំ​ស្នេហ៍​មិន​តិច លំដាប់​ពី​អ្នក​មាន​ទ្រព្យ​ស្តុកស្តម្ភ​ដល់​ឋានៈ​ឧកញ៉ា​នោះ​ក៏បាន​បន្ត​ថា៖ «រឿង​មាន​អ្នក​ស្រឡាញ់​ច្រើន​នោះ​ដូចជា​មិន​ច្រើន​ណាស់​ណា​ទេ ហើយ​ពេល​នេះ​ក៏​នាង​ខ្ញុំ​ពុំទាន់​បាន​បើក​ចិត្ត​ទទួល​យក​ឬ​ផ្តល់​ក្តី​សង្ឃឹម​ឲ្យ​អ្នក​ណា​ម្នាក់​នៅ​ឡើយ​ដែរ។ គ្រាន់​តែ​នាង​ខ្ញុំ​គិត​រឿង​ខ្លួន​ឯង​ច្រើន​ជាង​ថា គួរ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​ខ្លួន​ឯង​សប្បាយ​ចិត្ត​ប្រសិន​បើ​មាន​ដំណាក់​កាល​នេះ​កើត​ឡើង​នោះ»។

ខណៈ​វ័យ​ក៏​នៅ​ក្មេង ហើយ​សម្រស់​ក៏​កាន់តែ​ស្រស់ស្អាត​ទៀត តែ​ចំពោះ​ជីវិត​គូ​វិញ គឺ​តារា​ស្រី ដែល​ផ្តើម​ការ​សម្តែង​ក្តាប់​បាន​តំណែង​ជា​តួឯក​ស្រី​ក្នុង​កុន​ភាគ​រឿង «ហង្ស​បាក់​ស្លាប» ក្រោយ​មក រឿង​ដុំ​ថ្មី «ទាយាទ​អាគម» និង​កុន​ភាគ​រឿង «កញ្ញា​អម្ពិល​ផ្អែម» រូប​នេះ មិន​បាន​ដាក់​កំណត់​អាយុ​ត្រូវ​ចូល​រោង​ជ័យ​ឡើយ ដោយ​គ្រាន់​តែ​ព្រលយ​ឲ្យ​ដឹង​ថា៖ «សម្រាប់​ខ្ញុំ​មិន​កំណត់​វ័យ​ខ្លួន​ឯង​ទេ តែ​ប្រសិន​បើ​បាន​ជួប​អ្នក​ដែល​ខ្ញុំ​ពេញ​ចិត្ត​ស្រឡាញ់​ហើយ​នោះ នឹង​ទទួល​យក​ពិធី​តាម​ទំនៀម​ទម្លាប់​ភ្លាម»៕