ភ្នំពេញៈ ទីផ្សារ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ការវិវឌ្ឍ​ទៅមុខ​យ៉ាង​ឆាប់​រហ័ស​ពិសេស​នា​រយៈពេល​ ៤ ទៅ ៥ ​ឆ្នាំ​ចុងក្រោយ​នេះ​។ តែ​បើ​គេ​ក្រឡេក​មើល​ធនធាន​មនុស្ស និង​បែបបទ​នៃ​ការ​ធ្វើ​ការងារ​វិញ ហាក់​នៅ​មិន​ទាន់​មាន​ភាព​ល្អប្រសើរ​នោះ​ទេ​។

ដើម្បី​ធ្វើឲ្យ​ទីផ្សារ​មួយ​នេះ​កាន់​តែ​មាន​ភាព​រឹងមាំ និង​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​លោក គីម ហ៊ាង អគ្គនាយក​ក្រុមហ៊ុន ខ្មែរ រៀល​អ៊ីស្ទេត​កាលពី​ចុង​ខែ​ឧសភា​កន្លង​មក​បាន​ចុះហត្ថលេខា​ទិញ​សិទ្ធិ Master Franchise ពី​ក្រុមហ៊ុន​អចលនទ្រព្យ​អាមេរិក Keller Williams Realty (KW) យក​មក​ប្រទេស​កម្ពុជា​។ ដើម្បី​ចង់​ដឹង​ព័ត៌មាន​លម្អិត​សូម​តាមដាន​បទសម្ភាស​ដែល​មាន​ខ្លឹមសារ​ដូច​ខាងក្រោម ៖

១- តើ​លោក​យល់​ឃើញ​បែប​ណា​ចំពោះ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​?

ខ្ញុំ​ទទួល​ស្គាល់​ថា​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នាពេល​នេះ​កំពុង​មាន​ដំណើរ​វិវឌ្ឍន៍​ទៅ​មុខ​យ៉ាង​លឿន​ទាំង​សកម្មភាព​នៃ​ការជួល ទិញ និង​លក់​អចលនទ្រព្យ​។ ទោះ​យ៉ាង​ណា​វិស័យ​នេះ​នៅ​ប្រឈម​មុខ​នឹង​ភាពអសកម្ម​ជាច្រើន​ផង​ដែរ ពិសេស​គឺ​សមត្ថភាព​ក្នុង​ការធ្វើ​ការងារ ភាពរញ៉េរញ៉ៃ​ដែល​ធ្វើការ​ដោយ​គ្មាន​វិជ្ជាជីវៈ និង​ការមិន​គោរព​ច្បាប់ និង​ក្រមសីលធម៌​ជាដើម​។ យើង​ដឹង​ហើយ​ថា​នៅ​កម្ពុជា​មាន​អ្នក​ប្រកបរបរ​ក្នុង​វិស័យ​នេះ​ច្រើន តែ​ក្នុង​ចំណោម​ ១០០ នាក់​មាន​តិច​ជាង ៥ នាក់​ប៉ុណ្ណោះ​ដែល​បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​ និង​មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​តាម​ផ្លូវ​ច្បាប់​។

២- ​តើ Keller Williams Realty ជា​អ្វី​? ហេតុអ្វី​បាន​ជា​លោក​ទិញ​យក Master Franchise របស់ Keller Williams Realty មក​កម្ពុជា​?

Keller Williams Realty ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​មាន​មូលដ្ឋាន​នៅក្នុង​រដ្ឋ​តិចសាស សហរដ្ឋអាមេរិក និង​ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៨៣​។ Keller Williams Realty គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​រក​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​គេ​នៅ​សហរដ្ឋអាមេរិក និង​ក្នុង​ពិភពលោក​នៅ​ឆ្នាំ​ ២០១៧ គឺ​បាន​រហូត​ដល់​ជាង ១ ពាន់​លាន​ដុល្លារ​ជាមួយ​ភ្នាក់ងារ​សរុប​ចំនួន ១៦៥ ៦៤២ នាក់​ទូទាំង​ពិភពលោក​។

ខ្ញុំ​បាន​ទៅ​សហរដ្ឋអាមេរិក​ជាច្រើន​លើក​ដើម្បី​សិក្សា​ពី​សក្តានុពល និង​វិធីសាស្ត្រ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ជាច្រើន​នៅ​ទី​នោះ​សម្រាប់​យក​មក​ជួយ​អភិវឌ្ឍ​ធនធាន​មនុស្ស និង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។

Keller Williams Realty គឺជា​ក្រុមហ៊ុន​ដែល​មាន​គំរូ​អាជីវកម្ម (Business Model) ស័ក្តិសម​ជាមួយ​ស្ថានភាព​ទីផ្សារ​ប្រទេស​កម្ពុជា​ដែល​ជា​ទីផ្សារ​មួយ​សម្បូរ​ប្រជាជន​វ័យក្មេង និង​មាន​ភ្នាក់ងារ​ជាច្រើន​ដែល​មិន​បាន​ទទួល​ការបណ្តុះបណ្តាល​ ឬ​មិន​មាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​។ ក្រុមហ៊ុន Keller Williams Realty គឺជា​ក្រុមហ៊ុន​ដែល​បង្កើត​ឡើង​ដោយ​ភ្នាក់ងារ​ដើម្បី​ភ្នាក់ងារ (By Agent for Agent)​។

សម្រាប់​ការទិញ​សិទ្ធិ Master Franchise នេះ​គឺ​ខ្ញុំ​មិន​ត្រឹម​តែ​មាន​បំណង​ក្នុង​ការ​ពង្រីក​ដៃគូ​អាជីវកម្ម​ឲ្យ​បាន​ទូទាំង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​នៅពេល​ថ្ងៃ​អនាគត​ខ្ញុំ​ក៏​អាច​ពង្រីក​ទៅ​ដល់​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ​។

៣- ​តើ​នៅ​ពេល​ណា​ទើប Keller Williams Cambodia ចាប់ផ្តើម​ផ្តល់​សិទ្ធិ​បន្ត​ទៅ​ឲ្យ​ក្រុមហ៊ុន​ដៃគូ​?

ខ្ញុំ​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ដើម​ឆ្នាំ ២០១៩ ព្រោះ​ចាប់ពី​ពេល​នេះ​ទៅ​ដល់​ចុង​ឆ្នាំ ខ្ញុំ​មាន​កិច្ចការងារ​ជាច្រើន​ដែល​ត្រូវ​ធ្វើ​ដូចជា​រៀបចំ​ទីតាំង​ថ្មី​ដែល​មាន​ទំហំ​ធំ​ជាង​ពេល​បច្ចុប្បន្ន ១០ ដង បណ្តុះបណ្តាល​បុគ្គលិក​បន្ថែម រៀបចំ​ក្បាល​ម៉ាស៊ីន​ថ្នាក់ដឹកនាំ និង​រៀបចំ​ប្រព័ន្ធ​ការងារ​ឲ្យ​ស្រប​តាម​ស្តង់ដារ​របស់​ក្រុមហ៊ុន Keller Williams Realty​។

សម្រាប់​ការលក់​សិទ្ធិ​បន្ត​ដំណាក់កាល​ដំបូង ខ្ញុំ​នឹង​មិន​លក់​ឲ្យ​ក្រុមហ៊ុន​ច្រើន​នោះ​ទេ ដោយ​ក្នុង​រាជធានី​ភ្នំពេញ​អាច​មាន​ចំនួន​ពី ៣ ទៅ ៥ ប៉ុណ្ណោះ ចំណែក​តាម​បណ្តា​ខេត្ត​គឺ​ក្នុង ១ ខេត្ត​មាន​តែ ១ ប៉ុណ្ណោះ​។

សម្រាប់​លក្ខខណ្ឌ​គឺជា​ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​មាន​បទពិសោធ​ការងារ​ផ្នែក​អចលនទ្រព្យ​យ៉ាង​តិច​ចំនួន ៣ ឆ្នាំ មាន​កេរ្តិ៍ឈ្មោះ​ល្អ និង​មាន​បុគ្គលិក​ផ្នែក​លក់​យ៉ាងតិច ២០ នាក់​ឡើង​ទៅ ហើយ​ថ្នាក់ដឹកនាំ​នោះ​អាច​ទៅ​រៀន​ដោយ​ផ្ទាល់​នៅ​ក្រុមហ៊ុន Keller Williams Realty នៅ​សហរដ្ឋអាមេរិក​បាន​។

ក្រុមហ៊ុន​ដែល​ទទួល​បាន Sub Franchise ពី​ក្រុមហ៊ុន Keller Williams Cambodia គឺ​តម្រូវ​ឲ្យ​ប្រើ​ឈ្មោះ​របស់ Keller Williams (K-W) នៅ​ខាង​មុខ​ឈ្មោះ​របស់​ខ្លួន និង​ត្រូវ​ធ្វើ​តាម Business Model ដែល​ក្រុមហ៊ុន​មេ​បាន​កំណត់​។ គំរូ​អាជីវកម្ម​របស់ Keller Williams Realty នឹង​ជួយ​កាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ​ជាង​ពាក់កណ្តាល​សម្រាប់​ក្រុមហ៊ុន​ដែល​ជា​សមាជិក​។ ចំពោះ​បុគ្គលិក​គឺ​ត្រូវ​តម្រូវ​ឲ្យ​ចូលរួម​វគ្គ​សិក្សា​ជា​រៀងរាល់​ខែ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Keller Williams Cambodia ដោយ​មិន​បាច់​បង់ប្រាក់​។

៤- ​តើ​មាន​ក្រុមហ៊ុន​ណា​ចាប់​អារម្មណ៍​ក្នុង​ការទិញ Sub Franchise ពី​ក្រុមហ៊ុន​របស់​លោក​ហើយ​ឬ​នៅ​?

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អចលនទ្រព្យ​ជាច្រើន​បាន​ទាក់ទង​មក​ខ្ញុំ​ដើម្បី​ទិញ Sub Franchise តែ​ខ្ញុំ​មិន​ទាន់​បាន​សម្រេច​ថា លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ណា​នោះ​ទេ​។ មុន​នឹង​សម្រេច​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ណា​មួយ ខ្ញុំ​ត្រូវ​ពិនិត្យ និង​វាយតម្លៃ​ក្រុមហ៊ុន​នោះ​ឲ្យ​បាន​ច្បាស់លាស់ ព្រោះ​យើង​មិនមែន​លក់​ដើម្បី​យក​លុយ​ដោយ​មិន​ខ្វល់​ពី​ការធ្វើ​សកម្មភាព និង​ភាពជោគជ័យ​របស់​ក្រុមហ៊ុន Sub Franchise ទាំងនោះ​ទេ​។

សូម​បញ្ជាក់​ថា​ក្រុមហ៊ុន​ដែល​ខ្ញុំ​អាច​លក់ Sub Franchise ឲ្យ​ទាល់​តែ​ក្រុមហ៊ុន​នោះ​មាន​បុគ្គលិក​ ឬ​ភ្នាក់ងារ​លក់​របស់​ខ្លួន​ចាប់ពី​ ២០ នាក់​ឡើង​ទៅ​។ តែ​បើ​ក្រុមហ៊ុន​នោះ​មាន​គ្នា​តិច ពួកគេ​ក៏​អាច​ចូលរួម​គ្នា​ដើម្បី​ទិញ Sub Franchise របស់ Keller Williams Cambodia ផង​ដែរ​។

៥- ​ទាក់ទង​នឹង​សមត្ថភាព តើ​លោក​មាន​ផែនការ​ធ្វើការ​បណ្តុះបណ្តាល​បុគ្គលិក​របស់​ក្រុមហ៊ុន Keller Williams Cambodia ដែរ​ឬ​ទេ​?

ក្នុង​ដំណាក់កាល​ដំបូង​ក្រុមហ៊ុន Keller Williams Cambodia នឹង​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​បុគ្គលិក​របស់​ខ្លួន​ជា​រៀងរាល់​ខែ​ហើយ​នៅក្នុង​ឆ្នាំ​ ២០២២ ខាង​មុខ​ក្រុមហ៊ុន Keller Williams Cambodia គ្រោង​បើក​វិទ្យាស្ថាន​សម្រាប់​បណ្តុះបណ្តាល​ដល់​មនុស្ស​ទូទៅ​ដែល​មាន​បំណង​សិក្សា​ពី​ជំនាញ​នានា​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ​ផង​ដែរ ដែល​វិទ្យាស្ថាន​នេះ​មាន​ឈ្មោះ​ថា The Institute of Keller Williams Cambodia​។

៦- តើ​លោក​មាន​ការ​រំពឹងទុក​បែប​ណា​សម្រាប់ Keller Williams Cambodia?

Keller Williams Realty គឺជា​ក្រុមហ៊ុន​ដែល​មាន​កិត្តិនាម​ល្បី​ពេញ​ពិភពលោក​ដូចជា McDonald''s និង Starbucks ជាដើម​។ ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម KW នៅ​កម្ពុជា (Regional Operating Principal) របស់​ក្រុមហ៊ុន Keller Williams Cambodia ខ្ញុំ​រំពឹង​ថា​ក្រុមហ៊ុន​នឹង​មាន​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន​ហើយ​តាមរយៈ​នេះ​វា​នឹង​ជួយ​ជំរុញ​ឲ្យ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​រីកចម្រើន​ថែម​ទៀត​ក្នុង​កម្រិត​មួយ​ខ្ពស់​ជាង​នេះ​។

ត្រឹម​ឆ្នាំ​ ២០២២ ខ្ញុំ​រំពឹង​ថា​ក្រុមហ៊ុន Keller Williams Cambodia នឹង​កាន់​ចំណែក​ទីផ្សារ​វិស័យ​អចលនទ្រព្យ​នៅក្នុង​រាជធានី​ភ្នំពេញ​បាន​យ៉ាង​តិច​ចំនួន ៣០ ភាគរយ ហើយ​ត្រឹម​ឆ្នាំ ២០២៩ ក្រុមហ៊ុន Keller Williams Cambodia នឹង​កាន់​ចំណែក​ទីផ្សារ​វិស័យ​អចលនទ្រព្យ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​លើសពី ៣០ ​ភាគរយ​។

កម្ពុជា​ជា​ប្រទេស​ទី ៤ ក្នុង​តំបន់​អាស៊ាន​ដែល​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក Keller Williams Realty បាន​ចូល​មក​ធ្វើ​ប្រតិបត្តិការ​ទីផ្សារ​ បន្ទាប់ពី​ប្រទេស​វៀតណាម ឥណ្ឌូនេស៊ី និង​ប្រទេស​ហ្វីលីពីន​៕