ឆ្នាំ ២០១៨ នឹងក្លាយជាឆ្នាំដ៏សំខាន់សម្រាប់អគារការិយាល័យប្រភេទ Strata Office ដែលគម្រោងដំបូងនៅកម្ពុជានឹងបើកនៅខែក្រោយ។
Strata office (សិទ្ធិក្នុងការកាន់កាប់ជាលក្ខណៈឯកជននៃចំណែកណាមួយរបស់អគារការិយាល័យ) នឹងចាប់ផ្តើមលេចឡើងលើទីផ្សារកម្ពុជានៅក្នុងឆ្នាំ ២០១៨។
ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា Strata office ប្រហែលជាង ៩០០០០ ម៉ែត្រការ៉េនឹងចូលក្នុងទីផ្សារក្នុងឆ្នាំនេះ។
គម្រោង TK Royal One ដែលត្រូវបានអភិវឌ្ឍដោយអ្នកវិនិយោគមកពីកោះតៃវ៉ាន់ស្ថិតនៅទល់មុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញនឹងក្លាយជាគម្រោងដំបូងបំផុតដែលផ្តល់អគារ Strata Office នៅកម្ពុជា ហើយគម្រោងនេះនឹងបើកដំណើរការនៅខែក្រោយ។ អគារនេះមានកម្ពស់ ២១ ជាន់ដែលមាន ៤ ជាន់ (ចំនួន ៣៦ យូនីត) ជាប្រភេទ Strata office ខណៈចំនួន ១៤៦ យូនីតទៀតជាប្រភេទលំនៅឋាន។
កញ្ញា ហាក់ ម៉ារ៉េន ប្រធានផ្នែកលក់ TK Royal One បានប្រាប់ប៉ុស្តិ៍អចលនទ្រព្យថា គម្រោង Strata Office បានទទួលការគាំទ្រច្រើនដោយគ្រប់យូនីតទាំងអស់ត្រូវបានលក់ចេញក្នុងរយៈពេល ៤ ខែដំបូងបន្ទាប់ពីការប្រកាសលក់។
យ៉ាងហោចណាស់គម្រោង Strata Office នៅរាជធានីភ្នំពេញចំនួន ៥ ផ្សេងទៀតនឹងបើកដំណើរការក្នុងរយៈពេល ២ ឆ្នាំខាងមុខ។ គម្រោងទាំងនោះមានដូចជា East Commercial Centre នៅក្នុងសង្កាត់ទន្លេបាសាក់ អគារ Diamond Twin Tower នៅកោះពេជ្រ អគារ Star City នៅជិតព្រលានយន្តហោះ អគារ Fortune Tower នៅក្បែរពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា និងអគារ The Gateway ស្ថិតនៅមហាវិថីសហព័ន្ធរុស្ស៊ី។ គម្រោងទាំងអស់នេះបូកបញ្ចូលគ្នាមានក្រឡាផ្ទៃប្រមាណ ១១២០០០ ម៉ែត្រការ៉េ។
លើសពីនេះទៀតក្រុមហ៊ុន OxleyWorldbridge នឹងប្រគល់ផ្ទះការិយាល័យ (SoHo) ដំបូងបំផុតនៅប្រទេសកម្ពុជានៅចុងឆ្នាំនេះផងដែរ។ SoHo (small office, home office) ចំនួន ៩៦៣ យូនីត គឺជាប្រភេទផ្ទះការិយាល័យ លំដាប់ A ដែលមានទំហំតូចជាង ៦០ ម៉ែត្រការ៉េត្រូវបានរចនាឡើងសម្រាប់រស់នៅ និងធ្វើការនៅកន្លែងតែមួយ។ ផ្ទះប្រភេទនេះទទួលបានការគាំទ្រច្រើននៅតាមបណ្តាទីក្រុងធំៗដូចជាទីក្រុងសិង្ហបុរី និងទីក្រុងប៉េកាំងជាដើម។
គំនិតក្នុងការអភិវឌ្ឍ Strata Office គឺស្រដៀងទៅនឹងគំនិតអភិវឌ្ឍន៍ខុនដូដែរ ដោយអ្នកទិញនឹងក្លាយជាម្ចាស់នៃចំណែក ១ របស់អគាររួម។
គម្រោង Strata Office នេះក៏ដូចជាគម្រោងខុនដូដែរ ដោយយោងទៅលើច្បាប់កម្ពុជាឆ្នាំ ២០១០ ដែលបានអនុញ្ញាតឱ្យជនបរទេសមានសិទ្ធិកាន់កាប់លើចំណែកអគារបានរហូតដល់ ៧០ ភាគរយដោយមិនរាប់បញ្ចូលជាន់ជាប់ដី។
នៅទីក្រុងសិង្ហបុរី ហុងកុង និងទីក្រុងវែនខូរវើរ គម្រោងអភិវឌ្ឍន៍អគារបន្ទប់ការិយាល័យដោយមានកម្មសិទ្ធិ វាជារឿងធម្មតា ខណៈគម្រោង Strata Office មិនទាន់បានសាកល្បងទេនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក។
អ្នកជំនាញផ្នែកអចលនទ្រព្យបាននិយាយថាការអភិវឌ្ឍអគារ Strata Office អាចមានគុណសម្បត្តិច្រើនសម្រាប់អ្នកអភិវឌ្ឍន៍ និងម្ចាស់យូនីតនីមួយៗ។
លោក Grant Fitzgerald នាយកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុនអចលនទ្រព្យ IPS Cambodia បានមានប្រសាសន៍ថា៖ «អត្ថប្រយោជន៍ដ៏ធំបំផុតសម្រាប់អ្នកទិញគឺការក្លាយជាម្ចាស់នៃចំណែកណាមួយនៃអគារការិយាល័យដោយប្រើប្រាស់ដើមទុនទាប ព្រោះជាទូទៅបើអ្នកចង់ក្លាយជាម្ចាស់កម្មសិទ្ធិនៃអគារពាណិជ្ជកម្ម អ្នកវិនិយោគត្រូវទិញអគារទាំងមូលតែម្តង ដែលមានតម្លៃខ្ពស់»។
លោក Fitzgerald បានបន្ថែមថា៖ «ការិយាល័យប្រភេទ Strata Office អនុញ្ញាតឱ្យវិនិយោគិនបង្កើតនូវភាពចម្រុះនៃទ្រព្យសម្បត្តិ ដោយមិនចាំបាច់ចំណាយប្រាក់ច្រើន»។ អ្នកជួលការិយាល័យធម្មតាអាចចំណេញលុយ ដោយចៀសផុតពីការឡើងថ្លៃថ្លៃឈ្នួលប្រចាំខែតាមរយៈការទិញ Strata Office។ ម្ចាស់របស់ Strata Office ក៏អាចដាក់ជួលវិញបានផងដែរ ជាមួយនឹងតម្លៃចន្លោះពី ២៥ ដុល្លារហូតដល់ ៣០ ដុល្លាក្នុងមួយម៉ែត្រការ៉េ។ នេះជាប្រភេទនៃការវិនិយោគដែលអាចរកចំណូលប្រចាំខែពីការទិញ Strata Office។
សម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យវិញ Strata Office ជាជម្រើសនៃការអភិវឌ្ឍមួយ។ Strata Office មានភាពស្រដៀងគ្នាជាមួយខុនដូដែរ។
លោក Grant បន្ថែមទៀតថា៖ «ការលក់ Strata Office អាចមានផលត្រឡប់មកវិញលឿនជាងការដាក់ជួលការិយាល័យទូទៅក្រោយពេលអគារបានសាងសង់រួច»។
មានក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនដែលបានធ្វើការជ្រើសរើសការវិនិយោគលើការសាងសង់ការិយាល័យប្រភេទ Strata Office និងសាងសង់ខុនដូជាមួយគ្នា ហើយគ្រប់គម្រោងទាំងនេះសុទ្ធតែបានទទួលការគាំទ្រច្រើន។
ម្ចាស់អគារ Diamond Twin បាននិយាយថាគម្រោងនេះបានលក់ Strata Office ជាង ៧០ ភាគរយរួចហើយ។
លោក Kelven Chen នាយកក្រុមហ៊ុនអចលនទ្រព្យ Asia Pacifc International Property ដែលជាក្រុមហ៊ុនទទួលខុសត្រូវការលក់អគារ Diamond Twin Tower បាននិយាយថា៖ «ការលក់ Strata Office គឺមានភាពងាយស្រួល»។
លោក Chen បានបន្ថែមថា ៧០ ភាគរយនៃ Strata Office ចំនួន ១៦០ យូនីតរបស់អគារ Diamond Twin Tower ត្រូវបានលក់អស់ដែលអតិថិជនភាគច្រើនជាវិនិយោគិនជនជាតិតៃវ៉ាន់ និងចិន។ លោកបានបន្តថាការលក់ Strata Office របស់គម្រោង Diamond Twin Tower គឺមានភាពងាយស្រួលច្រើនជាងការលក់បន្ទប់ស្នាក់នៅរបស់ខុនដូ៕