ភ្នំពេញៈ ការដាក់​ពាក្យសុំ​ឥណទាន​សម្រាប់​កម្ចី​ទិញ​ផ្ទះ​ និង​សំណង់​បាន​កើនឡើង​យ៉ាងខ្លាំង​ចំនួន​ ៥០ ​ភាគរយ​​ កាលពី​ត្រីមាស​ទី​៣ ​ធៀប​នឹង​ត្រីមាស​ទី​២ ទោះបី​ជា​មានភាពតានតឹង​លើ​សេដ្ឋកិច្ច​ដោយសារ​តែ​ជំងឺ​កូវីដ​ ១៩ ​ក៏ដោយ​។ ​របាយការណ៍​ពី​ការិយាល័យ​ឥណទាន​ (CBC) ឱ្យដឹងថា ការដាក់​ពាក្យសុំ​ឥណទាន​របស់​អតិថិជន​នៅ​ត្រីមាស​ទី៣ ឆ្នាំ​ ២០២០ សម្រាប់​អតិថិជន​ដែល​មាន​បំណង​ដាក់​ពាក្យសុំ​ឥណទាន​កម្ចី​ទិញ​ផ្ទះ​បាន​កើនឡើង​ជាង​ ៥០ ​ភាគរយ​។

សមតុល្យ​កម្ចី​អតិថិជន​បាន​បន្ត​កើនឡើង​ក្នុង​ចំនួន​ ៤,៣៥ ​ភាគរយ គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​ ២០២០​។ ត្រឹម​ចុង​ត្រីមាស​ទី​ ៣ សមតុល្យ​កម្ចី​សរុប​មាន​ចំនួន​សរុប​ ៩,១១ ​ពាន់​លាន​គណនី ​ក្នុង​ចំណោម​នោះ​កម្ចី​ទិញ​ផ្ទះ​មាន​ចំនួន​ ១០,៥៨ ​ភាគរយ​។ ប៉ុន្តែ​កម្ចី​ទិញ​ផ្ទះ​មាន​ចំនួន​ជាង​ពាក់កណ្ដាល​តំណាង​ឱ្យ ៥១,៥១ ​ភាគរយ​នៃ​សមតុល្យ​កម្ចី អតិថិជន​ដែល​បានដាក់​ពាក្យ​សរុប ខណៈ​ដែល​កម្ចី​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​មាន​ចំនួន ៤៧,៩០ ​ភាគរយ​។

CBC ឱ្យដឹងថា​៖ «​ទោះបីជា​ចំនួន​គណនី​កម្ចី​ទិញ​ផ្ទះ​មាន​ចំនួន​ ១០,៥៨ ​ភាគរយ​​ ក្នុង​ចំណោម​គណនី​កម្ចី​សរុប​ក៏ដោយ បើ​និយាយ​អំពី​ចំនួន​សាច់ប្រាក់​កម្ចី វា​បាន​កើនឡើង​ជាង​ពាក់កណ្ដាល​នៃ​សមតុល្យ​កម្ចី​សរុប​»​។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ កាលពី​ថ្ងៃ​ពុធ​ថា កាលពី​ចុងខែ​តុលា ឆ្នាំ​ ២០២០ ធនាគារ​របស់​លោក​មាន​កម្ចី​សរុប​ចំនួន ៤១៥ ២០២ ដោយ​ទឹក​ប្រាក់កម្ចី​សរុប​មាន​ចំនួន ៤ ០៨៨ ១៩៤ ២៩៤ ដុល្លារ​អាមេរិក​ ក្នុង​ចំណោម​នោះ​កម្ចី​ទិញ​ផ្ទះ​មាន​ចំនួន ៦ ៥០១ (​ឬ​ ១,៥៧ ​ភាគរយ​នៃ​កម្ចី​សរុប​) និង​ផលបត្រ​កម្ចី​ទិញ​ផ្ទះ​ស្មើនឹង​ ១៦២ ៧៣១ ៦៦៩ ​ដុល្លារ​អាមេរិក ឬ​ ៣,៩៨ ​ភាគរយ​នៃ​កម្ចី​សរុប​។ ទំហំ​កម្ចី​ជា​មធ្យម​សម្រាប់​កម្ចី​ទិញ​ផ្ទះ​គឺ ២៥ ០៣២ ​ដុល្លារ​អាមេរិក​។

ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ (​ខែតុលា ឆ្នាំ​ ២០១៩) ធនាគារ​នេះ​មាន​កម្ចី​សរុប​ចំនួន ៣៩៩ ៧០៨ ជាមួយ​នឹង​កម្ចី​សរុប​មាន​ចំនួន ​៣ ៦៥៦ ០០៨ ៤០៧ ​ដុល្លារ​អាមេរិក ​ក្នុង​ចំណោម​នោះ​កម្ចី​ទិញ​ផ្ទះ​មាន​ចំនួន ៧ ៥២២ ឬ​ ១,៨៨ ​ភាគរយ​នៃ​កម្ចី​សរុប និង​ផលបត្រ​កម្ចី​ទិញ​ផ្ទះ​មាន​ចំនួន ១៨៨ ០៦០ ៣៨៥ ដុល្លារ​អាមេរិក ឬ ​៥,១៤ ​ភាគរយ​នៃ​កម្ចី​សរុប​។ ទំហំ​កម្ចី​ជា​មធ្យម​មាន​ចំនួន ២៥ ០០១ ​ដុល្លារ​។

លោក ចាន់នី ថ្លែង​ថា​៖ «​យើង​ឃើញថា ធនាគារ​អេស៊ីលីដា មាន​ការតឹងរ៉ឹង​យ៉ាងខ្លាំង ហើយ​ធនាគារ​មិន​បាន​ផ្ដល់​កម្ចី​ច្រើន​សម្រាប់​ហិរញ្ញវត្ថុ​ទិញ​ផ្ទះ​នោះទេ​។ នៅ​ឆ្នាំនេះ កម្ចី​នេះ​តិចជាង​កាលពី​ឆ្នាំមុន​។ កម្ចី​ទិញ​ផ្ទះ​គឺជា​កម្ចី​រយៈពេល​វែង ដូច្នេះ​បើសិន​ជា​យើង​ផ្ដល់​កាន់តែ​ច្រើន វា​នឹង​បង្ក​ឱ្យ​មាន​ភាពមិន​ស៊ីគ្នា​នៃ​ទ្រព្យសកម្ម​របស់​យើង និង​បំណុល​របស់​យើង​។ នេះ​គឺជា​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​ជាច្រើន​ដែល​យើង​មិនបាន​ផ្ដល់​កម្ចី​ទិញ​ផ្ទះ​ចំនួន​ច្រើន​នោះទេ​។ ម្យ៉ាង​វិញ​ទៀត​ធនាគារ​អេស៊ីលីដា​ផ្ដោត​ការយក​ចិត្ត​ទុកដាក់​លើ​ហិរញ្ញវត្ថុ​កម្ចី​ទិញ​ផ្ទះ​ដែល​ជា​ម្ចាស់​ដើម​»​។

ទន្ទឹមនឹង​នេះ​លោក Shin Changmoo ប្រធាន​នាយកប្រតិបត្តិ​ធនាគារ PPCBank របស់​កូរ៉េខាងត្បូង​បាន​ឱ្យ​ដឹងថា កម្ចី​របស់​ធនាគារ​លោក​ផ្ដល់​ដល់​វិស័យ​អចលនទ្រព្យ និង​សំណង់​បាន​ធ្លាក់ចុះ ២២ ​ភាគរយ​ដោយសារ​តែ​វិធានការ​របស់​ធនាគារ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៅក្នុង​អំឡុងពេល​នេះ​។

លោក​ថ្លែងថា​៖ «​យើង​កំពុង​ព្យាយាម​ក្នុង​ការធ្វើ​ពិពិធកម្ម​ផលបត្រ​ឥណទាន តាមរយៈ​ចំនួន​អ្នក​ខ្ចី និង​តាមរយៈ​វិស័យ​នានា ជា​វិធានការ​ដ៏សំខាន់​នៃ​ការកាត់បន្ថយ​ហានិភ័យ​។ ជា​លទ្ធផល​កម្ចី​ទៅរក​វិស័យ​សំណង់ និង​អចលនទ្រព្យ​របស់​យើង​បាន​ធ្លាក់ចុះ ខណៈ​ដែល​ឥណទាន​ប្រើប្រាស់​ផ្ទាល់ខ្លួន រួមមាន​កម្ចី​ទិញ​ផ្ទះ និង​កម្ចី​ទិញ​រថយន្ត​បាន​កើនឡើង​ដល់​ ១៣ ​ភាគរយ គិត​ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំនេះ​»​។

លោក​លើកឡើង​ថា​៖ «​ជាមួយ​គ្នា​នេះដែរ យើង​កំពុង​ត្រួតពិនិត្យ​ដោយ​យកចិត្ត​ទុកដាក់​បំផុត​លើ​ទីផ្សារ​អចលនទ្រព្យ​លើ​មូលដ្ឋាន​ធម្មតា ដើម្បី​គ្រប់គ្រង​លើ​ប៉ារ៉ាម៉ែត្រ​ហានិភ័យ ដូចជា​អនុបាត​ប្រាក់កម្ចី​ធៀប​នឹង​តម្លៃ​»​។

លោក Shin បន្ថែមថា​៖ «​មាន​ទស្សនៈ​ទុទិ្ទដ្ឋិនិយម​លើ​សេដ្ឋកិច្ច​នៅ​ឆ្នាំក្រោយ ដែល​កើតឡើង​ជាទូទៅ​នៅក្នុង​ចំណោម​សហគមន៍​អាជីវកម្ម ដោយ​មិន​គិតពី​ឧស្សាហកម្ម ឬ​វិស័យ​នោះទេ​។ យើង​ក៏មាន​ភាពមិន​ច្បាស់លាស់​ថា តើ​នៅពេលណា​វា​នឹង​ចាប់ផ្ដើម​ត្រឡប់​ទៅរក​ភាពធម្មតា និង​កើនឡើង​ជាថ្មី​នោះទេ​។ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា យើង​ក្នុង​នាម​ជា​ធនាគារពាណិជ្ជ​អាចមាន​តួនាទី​តូច​មួយ​ក្នុង​ការជួយ​ឱ្យ​វា​កើតឡើង​បាន​»​។

ទុនវិនិយោគ​នៅក្នុង​វិស័យ​សំណង់​បាន​កើនឡើង​ ១៣,២៦ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដល់​ជាង​ ៣,៨៤ ​ពាន់​លាន​ដុល្លារ​នៅ​ឆមាស​ទី​ ១ ​ឆ្នាំនេះ​។ នេះ​បើ​យោងតាម​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។

របាយការណ៍​ដដែល​ក៏បាន​ឱ្យដឹង​បន្តទៀតថា ខ្លួន​បាន​ទទួល​ការដាក់​ពាក្យសុំ​គម្រោង​សាងសង់​ចំនួន​ ២ ៥២២ ក្នុង​អំឡុង​ពេលនេះ​កើនឡើង​ ៤៧៥ ឬ​ ២៣,២០ ​ភាគរយ​ធៀប​នឹង ២០៤៧ ដែល​ទទួល​បាន​កាលពី​ឆមាស​ទី​ ១ ​ឆ្នាំ​មុន​៕ LA

វីដេអូ៖