ភ្នំពេញៈ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) និងសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសហការគ្នាបង្កើតវគ្គបណ្តុះបណ្តាលជំនាញកម្រិតបរិញ្ញាបត្ររងក្នុងវិស័យអចលនទ្រព្យក្នុងឆ្នាំនេះដើម្បីពង្រឹងវិជ្ជាជីវៈនេះឱ្យបានច្បាស់លាស់។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃពុធថា បើទោះបីវិស័យអចលនទ្រព្យនៅកម្ពុជាមានការរីកចម្រើន ជាបន្តបន្ទាប់ក្នុងរយៈពេលជាង ២០ ឆ្នាំនេះក៏ដោយ ក៏គេសង្កេតឃើញថា ចំនួនអ្នកមានជំនាញកំពុងបម្រើការងារក្នុងវិស័យនេះនៅមានចំនួនតិចតួចនៅឡើយបើធៀបទៅប្រទេសជិតខាង។
ជាក់ស្តែងប្រទេសសិង្ហបុរី ដែលបច្ចុប្បន្នមានប្រជាជន ៥,៧ លាននាក់ គឺមានអ្នកជំនាញក្នុងវិស័យអចលនទ្រព្យដែលបានឆ្លងកាត់ការបណ្តុះបណ្តាលចន្លោះពី ៤ ទៅ ៥ ម៉ឺននាក់ ខណៈកម្ពុជានៅពេលនេះគឺនៅមានកម្រិតតិចតួចបំផុត។ លោកបានបន្ថែមថា ការបណ្តុះបណ្តាលអ្នកជំនាញ គឺជារឿងចាំបាច់ដើម្បីធ្វើឱ្យវិស័យមួយនេះមានភាពរឹងមាំ មានទំនុកចិត្តពីអ្នកប្រើប្រាស់ និងមាន ការទទួលស្គាល់តាមផ្លូវច្បាប់។
លោកថ្លែងថា៖ «ក្នុងនាមជាប្រធានសមាគម CVEA ខ្ញុំមានមហិច្ឆតាជំរុញឱ្យការសិក្សាកម្រិតបរិញ្ញាបត្ររងលើជំនាញ «អចលនទ្រព្យ និងហិរញ្ញវត្ថុ» (Real Estate and Finance) កើតចេញជារូបរាងនៅដើមឆ្នាំ ២០២១ នេះតែម្តង។ ខ្ញុំមិនចង់ឱ្យពេលវេលាអូសបន្លាយតទៅមុខទៀតទេ»។
លោកបន្ថែមថា នៅពេលអ្នកបម្រើការក្នុងវិស័យអចលនទ្រព្យមិនទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវកាន់តែច្រើន បញ្ហាជម្លោះ និងទំនុកចិត្តរបស់អ្នកប្រើប្រាស់សេវាក៏អាចធ្លាក់ចុះទៅតាមនោះដែរ។
លោកអះអាងថា៖ «ជាការពិតបច្ចុប្បន្នយើងបានធ្វើឱ្យមានភាពល្អប្រសើរមួយចំនួនហើយ ប៉ុន្តែក្នុងនាមអ្នកនៅក្នុងវិស័យនេះ យើងពិតជាចង់លើកកម្ពស់មុខមាត់ប្រទេសកម្ពុជាបន្ថែមទៀត តាមរយៈការផ្តល់សេវាកម្មអចលនទ្រព្យមួយប្រកបដោយកម្រិតស្តង់ដាអន្តរជាតិ។ នេះជាការបោះជំហានថ្មីមួយទៀតរបស់កម្ពុជាក្នុងការឈានឆ្ពោះទៅបង្កើតឱ្យមានជំនាញ និងមានក្រមសីលធម៌ច្បាស់លាស់សម្រាប់អ្នកធ្វើការក្នុងវិស័យអចលនទ្រព្យ»។
នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ ស៊ីវ៉ុន រៀលធី លោក ស៊ី រតនា បាននិយាយថា ការបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលជំនាញអចលនទ្រព្យ និងការគ្រប់គ្រងហិរញ្ញវត្ថុ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយលើកកម្ពស់កម្រិតសមត្ថភាពចំណេះដឹងរបស់អ្នកនៅក្នុងវិស័យនេះ។
លោកបានបន្តថា នៅពេលដែលអ្នកក្នុងវិស័យនេះបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវកាន់តែច្រើន ការប្រកួតប្រជែងនឹងកាន់តែមានតម្លាភាព ហើយទំនុកចិត្តពីអ្នកទទួលសេវាកម្មក៏កើនឡើងទៅតាមនោះដែរ។
លោកអះអាងថា៖ «បច្ចុប្បន្នដោយសារតែអ្នកកំពុងប្រកបអាជីវកម្មក្នុងវិស័យអចលនទ្រព្យភាគច្រើនធ្វើឡើងតាមតែការចេះតៗពីគ្នានោះ បានធ្វើឱ្យទីផ្សារមួយនេះមិនទាន់មានភាពល្អប្រសើរទេ»។
លោកបានឲ្យដឹងបន្ថែមថា៖ «យើងពិតជាចង់ឱ្យវិស័យនេះមានដំណើរការទៅមុខដោយរលូន និងត្រូវគេឱ្យតម្លៃខ្ពស់ដូចវិជ្ជាជីវៈមេធាវី ដែលតែងត្រូវបានគេមានជំនឿនៅពេលធ្វើកិច្ចការអ្វីមួយ»។
បើយោងតាមលោក សុខនីម ក្រោមកិច្ចសហការរវាង CVEA ជាមួយនឹងសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បច្ចុប្បន្នក៏មានបើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លីៗក្នុងវិស័យអចលនទ្រព្យផងដែរ មានដូចជា វគ្គអ្នកជំនាញអចលនទ្រព្យ វគ្គវាយតម្លៃអចលនទ្រព្យ និងវគ្គគ្រប់គ្រងអចលនទ្រព្យ។ គ្រប់ការរៀបចំបណ្តុះបណ្តាល គឺត្រូវបានធ្វើឡើងដោយគោរពតាមច្បាប់របស់ក្រសួងអប់រំ យុវជន និងកីឡា។
ទាក់ទងទៅនឹងគ្រូបង្គោលលោក សុខនីម បានប្រាប់ថា គ្រូបណ្តុះបណ្តាលសុទ្ធតែត្រូវបានជ្រើសរើសយកអ្នកដែលមានចំណេះដឹង និងបទពិសោធច្រើន ដោយមានទាំងអ្នកនៅក្នុងស្រុក និងមួយចំនួនមកពីបរទេស។
យោងតាមលោក សុខនីម នៅជំហានបន្ទាប់ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏គ្រោងនឹងបើកវគ្គបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រផងដែរ៕ LA