ភ្នំពេញៈ រដ្ឋាភិបាល​នឹង​ជំរុញ​ឲ្យ​ការ​ចុះ​បញ្ជី​ដី​ធ្លី​បញ្ចប់​នៅ​ក្នុង​ឆ្នាំ ​២០២១ ជា​អ្វី​ដែល​រដ្ឋមន្ត្រី​ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់ អះអាង​ថា​ នឹង​ធ្វើ​ឲ្យ​ជម្លោះ​ដី​ធ្លី​ធ្លាក់​ចុះ ខណៈ​រដ្ឋាភិបាល​នឹង​បាន​ចំណូល​ពន្ធ​បន្ថែម​ពី​អចលន​ទ្រព្យ​នេះ។

លោក​ ជា​ សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែង​​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​​លទ្ធផល​ការងារ​ឆ្នាំ ​២០១៨ និង​​លើក​​ទិសដៅ​ការងារ​ឆ្នាំ ​២០១៩ របស់​រដ្ឋបាល​ខេត្ត​ត្បូង​ឃ្មុំ កាល​ពី​ថ្ងៃ​ទី ​១២ ខែ ​មីនា ​ថា បច្ចុប្បន្ន​ក្រសួង​កំពុង​ខិតខំ​យ៉ាង​ខ្លាំង​នៅ​ក្នុង​​ការ​ជំរុញ​ការ​ចុះ​បញ្ជី​ដី​ធ្លី​​នៅ​ទូទាំង​ប្រទេស​ឲ្យ​ចប់​រួច​រាល់​ក្នុង​ឆ្នាំ ​២០២១ ខណៈ​បច្ចុប្បន្ន​ការ​ចុះ​បញ្ជី​សម្រេច​បាន​ប្រមាណ ​៧៣ ​ភាគរយ ដែល​ស្មើ​នឹង ​៥,១ ​លាន​ក្បាល​ដី​ក្នុង​ចំណោម​ក្បាល​ដី​ដែល​ត្រូវ​ចុះ​បញ្ជី​ទាំង​អស់​ប្រមាណ ​៧ ​លាន​ក្បាល​ដី។

ការ​ចុះ​បញ្ជី​ដី​ធ្លី គឺ​ជា​ការ​រៀបចំ​របស់​រដ្ឋាភិបាល ​ដើម្បី​ប្រមូល​ក្បាល​ដី​ទាំង​អស់​យក​មក​ដាក់​នៅ​ក្នុង​ប្រព័ន្ធ​ត្រួត​ពិនិត្យ​រួម​​មួយ​ ដែល​មាន​ភាព​ច្បាស់​លាស់​ និង​ងាយ​ស្រួល​គ្រប់គ្រង។

លោក ជា សុផារ៉ា បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ការ​ចុះ​បញ្ជី​ដី​ត្រូវ​បាន​បញ្ចប់​រួច​រាល់ ជម្លោះ​ដី​ធ្លី​ត្រូវ​​គេ​រំពឹង​ថា​ នឹង​ត្រូវ​កាត់​បន្ថយ ហើយ​រដ្ឋ​ក៏​អាច​ទទួល​បាន​​ប្រាក់​ចំណូល​ពី​ការ​បង់​ពន្ធ​ដី​ផង​ដែរ។

លោក​ថ្លែង​ថា៖ «​ការ​ចុះ​បញ្ជី​ក្បាល​ដី​គឺ​មាន​គោលដៅ​សំខាន់​​ណាស់ ព្រោះ​វា​នឹង​ក្លាយ​ជា​ទុន​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​មាន​ឯកសារ​នៅ​​ក្នុង​ដៃ។ ប្រសិន​បើ​យើង​គ្មាន​បណ្ណ​កម្មសិទ្ធិ​ ដី​​​នេះ​គឺ​ងាយ​រងគ្រោះ ហើយ​អាច​នឹង​ជួប​ហានិភ័យ​ច្រើន​ណាស់»។ លោក​បញ្ជាក់​ថា៖​ «​ផែនការ​របស់​ខ្ញុំ គឺ​ធ្វើ​ឲ្យ​រួច​រាល់​នៅ​ក្នុង​ឆ្នាំ ​២០២១»។

លោក ​ជា សុផារ៉ា ក៏​បាន​ស្នើ​ឲ្យ​​ក្រសួង​មហាផ្ទៃ​ ជួយ​ជំរុញ​ដល់​ដំណើរការ​ចុះ​បញ្ជី​ដី​ធ្លី​នេះ​ផង​ដែរ។ លោក​ថ្លែង​ថា​៖ ​«​ពី​មុន​ដី​ហាក់​មិន​សូវ​មាន​តម្លៃ​ទេ តែ​ពេល​នេះ​វា​បាន​ក្លាយ​ជា​ដុំ​មាស ហេតុ​នេះ​ការ​ចុះ​បញ្ជី​នឹង​ជួយ​កាត់​​បន្ថយ​វិវាទ​​ដី​ធ្លី»​។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ពី​ករណី​ក្នុង​ខេត្ត​ព្រះសីហនុ​ជា​ឧទាហរណ៍ និង​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​គួរ​ដាក់​ដី​ជួល​ជា​ជាង​លក់​។​ លោក​ថ្លែង​ថា៖​ «​ជាក់​ស្តែង​នៅ​ខេត្ត​ព្រះសីហនុ​ ខ្ញុំ​បាន​ប្រាប់​មន្ទីរ​ជំនាញ​ឲ្យ​ប្រាប់​ទៅ​ប្រជា​ពលរដ្ឋ​កុំ​ឲ្យ​លក់​ដី តែ​គួរ​ដាក់​​ជួល​វិញ ព្រោះ​រយៈ​ពេល​តែ ​១៥-​២០ ឆ្នាំ​គេ​នឹង​ប្រគល់​ឲ្យ​យើង​វិញ ដោយ​ម្ចាស់​អាច​បាន​ទាំង​សំណង់​ផង​ តែ​បើ​យើង​លក់​ដី​ឲ្យ​គេ គឺ​ចប់​ទាំង​អស់​»។​

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា បាន​ប្រាប់​ថា ការ​ចុះ​បញ្ជី​ដី ​គឺ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ ដោយ​វា​មិន​ត្រឹម​តែ​ជួយ​ទប់​ស្កាត់​ពី​ជម្លោះ​ដី​ធ្លី​ដែល​កំពុង​កើត​មាន​ជា​បន្ត​បន្ទាប់​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​រួម​​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​ជួយ​បង្កើន​ចំណូល​​ជាតិ​ពី​ការ​បង់​ពន្ធ និង​បង្កើន​ការ​ទាក់ទាញ​សម្រាប់​វិនិយោគិន​បរទេស​ផង​ដែរ​។

លោក​បាន​បញ្ជាក់​​ថា៖​ «​​វា​ក៏​នឹង​ក្លាយ​ជា​ត្រី​វិស័យ​មួយ​ក្នុង​ការ​​​ជួយ​​​កំណត់​តំបន់​សម្រាប់​​​អភិវឌ្ឍ​យូរ​អង្វែង​ផង​ដែរ»​។ លោក​បន្ត​​ទៀត​ថា ការ​ចុះ​បញ្ជី​ដី​​ក៏​នឹង​ជួយ​ធ្វើ​ឲ្យ​ទីផ្សារ​​វិស័យ​អចលន​ទ្រព្យ​កាន់​តែ​មាន​ភាព​រឹងមាំ​ផង​ដែរ​៕LA