ក្រុងបាងកកៈ ការផ្តល់សេវាកម្មជួលលំនៅឋានតាមរយៈគេហទំព័រ Airbnb ដែលផ្គូផ្គងម្ចាស់ផ្ទះ និងអ្នកស្វែងរកការជួលផ្ទះស្នាក់នៅកំពុងបង្កក្តីបារម្ភដល់ប្រទេសមួយចំនួន ខណៈប្រទេសខ្លះបានចាត់វិធានការដើម្បីការពារឧស្សាហកម្មសណ្ឋាគារ និងរក្សាសុវត្ថិភាព។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថាជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិចំនួន ៣៥ លាននាក់កាលពីឆ្នាំ ២០១៧ វាបានក្លាយជាបញ្ហាប្រឈមដ៏សំខាន់មួយសម្រាប់រដ្ឋាភិបាលថៃក្នុងការគ្រប់គ្រងសេវាកម្មរបស់ក្រុមហ៊ុន Airbnb។
ការចុះឈ្មោះផ្តល់សេវាជួលលំនៅឋានជាច្រើនលើគេហទំព័រក្រុមហ៊ុន Airbnb កំពុងប្រជែងនឹងការផ្ដល់សេវាបដិសណ្ឋារកិច្ចរបស់ឧស្សាហកម្មសណ្ឋាគារ។ ប៉ុន្តែម្ចាស់ផ្ទះដែលចុះឈ្មោះតាមរយៈក្រុមហ៊ុន Airbnb មិនបានបង់ពន្ធ និងមិនមានស្ដង់ដារសុវត្ថិភាពចាំបាច់នោះទេ។
កាសែតនេះបានរាយការណ៍ទៀតថាក្នុងប្រទេសថៃបញ្ហាស្នូលរបស់ក្រុមហ៊ុន Airbnb ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានអាយុតិចជាង ១០ ឆ្នាំនេះគឺថា បច្ចុប្បន្នមិនមានច្បាប់ដោះស្រាយជាពិសេសចំពោះគំរូអាជីវកម្មបែបថ្មីដែលកំពុងរងការអាក់ខានរបស់ក្រុមហ៊ុន Airbnb នោះទេ។
ទោះជាយ៉ាងណាម្ចាស់ផ្ទះ ២ នាក់ដែលមានប្រភពពីក្រុមហ៊ុន Airbnb ត្រូវបានផាកពិន័យក្នុងម្នាក់ៗ ៥០០០ បាតដោយតុលាការខេត្តហួហ៊ីននៅឆ្នាំនេះដោយតួនាទីរបស់ពួកគេក្នុងការផ្ដល់ការស្នាក់នៅរយៈពេលខ្លីដោយមិនមានការអនុញ្ញាត។
បណ្ដាប្រទេសផ្សេងៗកំពុងរកវិធីសាស្ដ្រផ្សេងៗគ្នាក្នុងការដោះស្រាយបញ្ហាអាក់ខានរបស់ក្រុមហ៊ុន Airbnb។
នៅសិង្ហបុរីការជួលរយៈពេលខ្លីទាំងអស់នូវផ្ទះឯកជន និងសាធារណៈដែលបានបង្ហោះលើគេហទំព័ររបស់ក្រុមហ៊ុន Airbnb ត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងរយៈពេលជួលដែលអនុញ្ញាតមានរយៈពេលអប្បបរមា ៣ ខែសម្រាប់ផ្ទះឯកជន និង ៦ ខែសម្រាប់ផ្ទះសាធារណៈ។ គោលបំណងរបស់រដ្ឋាភិបាលសិង្ហបុរី ច្បាស់ណាស់គឺដើម្បីការពារឧស្សាហកម្មសណ្ឋាគារ។
ប្រទេសជប៉ុនកំពុងព្យាយាមធ្វើឲ្យអាជីវកម្មរបស់ក្រុមហ៊ុន Airbnb ប្រែក្លាយជាស្របច្បាប់បន្តិចម្ដងៗតាមរយៈការអនុវត្តនៅពេលថ្មីៗនូវច្បាប់ស្តីពីការចែករំលែកលំនៅឋាន (Minpaku) ដែលត្រូវបានចាប់ផ្ដើមអនុវត្តចាប់តាំងពីថ្ងៃទី ១៥ ខែមិថុនា។
៨ ភាគរយនៃការចុះបញ្ជីលំនៅឋានជួលនៅក្នុងប្រទេសជប៉ុនលើគេហទំព័ររបស់ក្រុមហ៊ុន Airbnb ត្រូវបានលុបចោលមុនពេលអនុវត្តច្បាប់ថ្មីនេះ។ ច្បាប់នេះចែងថា ម្ចាស់ផ្ទះជួលដែលបង្ហោះលើគេហទំព័ររបស់ក្រុមហ៊ុន Airbnb ទាំងអស់ត្រូវតម្រូវឲ្យចុះបញ្ជីដើម្បីឲ្យអាជ្ញាធរត្រួតពិនិត្យទីកន្លែងរបស់ពួកគេ និងចេញអាជ្ញាប័ណ្ណអគ្គិភ័យ និងសុវត្ថិភាពជាផ្លូវការ។ អចលនទ្រព្យអាចជួលតាមរយៈក្រុមហ៊ុន Airbnb មិនលើសពី ១៨០ ថ្ងៃក្នុងមួយឆ្នាំ ហើយការមិនបានគោរពច្បាប់នេះអាចបណ្ដាលឲ្យមានការផាកពិន័យរហូតដល់ ១ លានយ៉េន (ប្រហែល ៩ ពាន់ដុល្លារ)។
ប្រទេសបារាំងជារឿយៗហាមឃាត់សេវារបស់ក្រុមហ៊ុន Airbnb ក្នុងតំបន់ទីក្រុងមានមនុស្សច្រើន ដោយសារការបារម្ភដែលជាប់ទាក់ទងនឹងការផ្គត់ផ្គង់លំនៅឋានមិនគ្រប់គ្រាន់។ ម្ចាស់ផ្ទះមិនត្រូវបានអនុញ្ញាតឲ្យជួលលំនៅឋានចម្បងក្នុងរយៈពេលលើសពី ១២០ ថ្ងៃក្នុង ១ ឆ្នាំនោះទេ លុះត្រាតែទទួលបានការអនុញ្ញាតជាពិសេស។
ក្នុងករណីនៅទីណាដែលម្ចាស់ផ្ទះផ្តល់សិទ្ធិឲ្យអ្នកជួលផ្ទះដាក់ជួលបន្តតាមរយៈគេហទំព័ររបស់ក្រុមហ៊ុន Airbnb ប្រាក់ចំណូលប្រចាំខែដែលបានពីការជួលបន្តរបស់អ្នកជួលផ្ទះរូបនោះត្រូវមិនឲ្យលើសពីថ្លៃជួលប្រចាំខែដែលបង់ទៅឲ្យម្ចាស់ផ្ទះឡើយ។
ប្រទេសអ៊ីតាលីបានដោះស្រាយស្ថានភាពរបស់ក្រុមហ៊ុន Airbnb តាមរយៈការផ្តល់ឲ្យម្ចាស់ផ្ទះនូវជម្រើសមួយដោយត្រូវបង់ពន្ធក្នុងអត្រាថេរ ២១ ភាគរយលើប្រាក់ចំណូលពីការជួលរយៈពេលខ្លីជំនួសឲ្យកញ្ចប់ប្រាក់ចំណូលផ្ទាល់ខ្លួនជាប្រចាំដែលមានចាប់ពី ២៣ ទៅ ៤៣ ភាគរយ។ វាជាភារកិច្ចរបស់ក្រុមហ៊ុន Airbnb ក្នុងការផ្ទេរប្រាក់ពន្ធ ២១ ភាគរយលើតម្លៃជួលសរុបទៅឲ្យទីភ្នាក់ងារប្រាក់ចំណូលអ៊ីតាលី និងផ្ទេរប្រាក់ដែលនៅសល់ទៅឲ្យម្ចាស់ផ្ទះ។
ក្នុងប្រទេសថៃមានច្បាប់ស្រពេចស្រពិលចំនួន ២ ដែលពាក់ព័ន្ធនឹងករណីរបស់ក្រុមហ៊ុន Airbnb។ ច្បាប់សណ្ឋាគារឆ្នាំ ២០០៤ ហាមឃាត់មិនឲ្យម្ចាស់អចលនទ្រព្យជួលរយៈពេលខ្លីតិចជាង ៣០ ថ្ងៃដោយគ្មានអាជ្ញាប័ណ្ណសណ្ឋាគារ។ បទប្បញ្ញត្តិអន្តរក្រសួងឆ្នាំ ២០០៨ ដែលគ្រប់គ្រងប្រតិបត្តិការសណ្ឋាគារ មាន ខចែង នានាដែលនឹងផាត់ចេញអចលនទ្រព្យជួលរយៈពេលខ្លី ជាពិសេសផ្ទះសំណាក់ ឬអចលនទ្រព្យដែលមាន ៤ បន្ទប់ ឬតិចជាងនេះ និង/ឬអចលនទ្រព្យដែលអាចផ្តល់ការស្នាក់នៅមិនលើសពី ២០ នាក់ពីការចាត់ទុកថាជាសណ្ឋាគារ។
សរុបមកនៅពេលខ្លះ ការជួលផ្ទះជាលក្ខណៈឯកជននៅលើគេហទំព័ររបស់ក្រុមហ៊ុន Airbnb អាចប្រៀបធៀបបានទៅនឹងការប្រតិបត្តិការផ្ទះសំណាក់មួយ ពីព្រោះអចលនទ្រព្យទាំងនេះប្រតិបត្តិការក្នុងទ្រង់ទ្រាយតូចដែលងាយស្រួលគ្រប់គ្រងដូចទៅនឹងផ្ទះសំណាក់ដែរ។
ទោះយ៉ាងណាបញ្ហាទំនងជាកើតមាននៅពេលម្ចាស់ខុនដូចាប់ផ្តើមដាក់ជួលយូនីតរបស់ពួកគេតាមក្រុមហ៊ុន Airbnb។ អគារខុនដូមានម្ចាស់ផ្សេងៗគ្នា ហើយម្ចាស់មួយចំនួនជាម្ចាស់ផងជាអ្នកស្នាក់នៅផង ហើយម្ចាស់ផ្សេងទៀតបានជួលយូនីតរបស់ពួកគេទៅឲ្យអ្នកជួលរយៈពេលមធ្យម និងវែងដែលមិនបង្កបញ្ហាណាមួយដូចអ្នកជួលរយៈពេលខ្លីឡើយ។
ការណ៍នេះពន្យល់ពីមូលហេតុដែលក្រុមហ៊ុនខុនដូស្របច្បាប់ជាច្រើនកំពុងជូនដំណឹងពីការហាមឃាត់សេវា Airbnb ក្នុងអគាររបស់ពួកគេហើយជាញឹកញាប់សំដៅដល់ច្បាប់សណ្ឋាគារឆ្នាំ ២០០៤៕ LA