ភ្នំពេញៈ សកម្មភាព​នៃ​ការទិញ-លក់​ផ្ទះ​តាមរយៈ​ក្រុមហ៊ុន​អន្តរការី​អចលនទ្រព្យ Century 21 Cambodia ក្នុង​រយៈពេល ១១ ​ខែ ឆ្នាំ​ ២០១៩ មាន​កំណើន​ប្រមាណ ១៥ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។

ទិន្នន័យ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​នេះ​បាន​បង្ហាញថា ក្នុង​រយៈពេល​ ១១ ​ខែ​​ ក្នុង​ឆ្នាំ ២០១៩ នេះ ក្រុមហ៊ុន Century 21 Cambodia បាន​ធ្វើ​ជា​អន្តរការី​ទិញ-លក់​ផ្ទះ​បាន​សរុប​ចំនួន ៥៦៧ ​ខ្នង ដែល​ស្មើនឹង​កំណើន ១៥ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ទោះយ៉ាងណា​ចំនួន​ទឹកប្រាក់​ដែល​បាន​ប្រើប្រាស់​នៅក្នុង​ប្រតិបត្តិការ​ទិញ​លក់​នៅក្នុង​អំឡុង​ពេលនេះ​មិន​ត្រូវ​បង្ហាញ​ឲ្យ​ដឹង​ឡើយ​។

ថ្លែង​ក្នុងឱកាស​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​ ២ នៃ​គ្រួសារ Century 21 ប្រចាំ​កម្ពុជា​ដែល​មាន​ការចូលរួម​ពី​អ្នកជំនាញ​អចលនទ្រព្យ​ជាតិ និង​អន្តរជាតិ​ជាង ៧០០ ​នាក់​ កាលពី​រាត្រី​ថ្ងៃ​ចន្ទ លោកស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិកា​ក្រុមហ៊ុន Century 21 Cambodia បាន​និយាយថា សកម្មភាព​នៃ​ការទិញ-លក់​ផ្ទះ និង​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​បន្ត​កើនឡើង​ជា​លំដាប់ ហើយ​បានកើត​មាន​នៅ​ស្ទើរ​គ្រប់​តំបន់​ក្នុង​ប្រទេស​។

លោកស្រី​បន្តថា ទន្ទឹម​នឹង​នេះ​ការប្រើប្រាស់​សេវាកម្ម​តាមរយៈ​ក្រុមហ៊ុន​អន្តរការី​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​ក៏បាន​កើនឡើង​ផងដែរ ដែល​ជំរុញ​ឲ្យ​ក្រុមហ៊ុន Century 21 Cambodia គ្រោង​នឹង​បង្កើត​សាខា​ថ្មី​បន្ថែមទៀត​នៅ​ឆ្នាំក្រោយ​។

ជាមួយ​នឹង​សាខា​ចំនួន ២៣ នាពេល​បច្ចុប្បន្ន លោកស្រី ហ្គ្រែស រចនីហ្វុង បាន​និយាយថា​៖ «​នៅ​ឆ្នាំ​ ២០២០ យើង​នឹង​ពង្រីក​សាខា​ឲ្យ​កើន​ដល់ ៣៨ ​សាខា​ដើម្បី​គ្របដណ្តប់​ខណ្ឌ​ទាំង​ ១៤ នៅ​រាជធានី​ភ្នំពេញ និង​ ២៤ ​ខេត្ត ព្រោះ​តម្រូវ​ការទិញ​លក់​អចលនទ្រព្យ​ល្អៗ​មាន​ច្រើន​នៅតាម​ខេត្ត​សំខាន់ៗ ដូចជា កំពត កែប ព្រះសីហនុ កំពង់ចាម សៀមរាប បាត់ដំបង និង​ខេត្តកោះកុង​»​។

ក្នុង​រយៈពេល ៥ ​ឆ្នាំ​ដែល Century 21 Cambodia បង្ហាញ​វត្តមាន​នៅ​កម្ពុជា បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ភ្នាក់ងារ​ជំនាញ​ប្រមាណ ៥០០ ​នាក់​។

សម្រាប់​ឆ្នាំ​ ២០២០ ខាងមុខ លោកស្រី​ថា​៖ «​ទីផ្សារ​អចលនទ្រព្យ​ឆ្នាំ​ ២០២០ ប្រហែល​ជា​មិនមាន​បញ្ហា​ប្រឈម​ទេ ដូច​ដែល​យើង​ឃើញ​មាន​អ្នកទិញ​មកពី​ប្រទេស​ផ្សេងៗ​ជាច្រើន​ដូចជា សិង្ហបុរី ជប៉ុន បានចាប់ផ្តើម​មក​អភិវឌ្ឍ​ខុនដូ និង​គម្រោង​អភិវឌ្ឍន៍​តូច និង​មធ្យម​»​។

លោក Ken Lo នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Century 21 Imperial Realty Co., Ltd បាន​និយាយ​ថា កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៧ ​ភាគរយ​ ប្រចាំឆ្នាំ​នឹង​ផ្តល់​ផល​វិជ្ជមាន​ជាច្រើន​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ស្រប​ពេល​កំណើន​ចំនួន​ប្រជាជន និង​កំណើន​គម្រោង​វិនិយោគ​ពី​ក្រៅប្រទេស​មក​កម្ពុជា​នឹង​បង្កើន​តម្រូវការ​ទីតាំង​ស្នាក់នៅ ទីតាំង​អាជីវកម្ម និង​ទីតាំង​សម្រាប់​ផលិតកម្ម​។

លោក​បញ្ជាក់ថា​៖ «​កំណើន​ប្រតិបត្តិការ​នេះ​បាន​ឆ្លុះ​បញ្ជាំង​ថា យើង​គឺជា​ក្រុមហ៊ុន​ដែល​មាន​វិជ្ជាជីវៈ​ច្បាស់លាស់ និង​ជា​សមាជិក​មួយ​នៃ​គ្រួសារ Century 21 ដែល​ល្បីល្បាញ​ជាងគេ​លើ​ពិភពលោក​»​។

បច្ចុប្បន្ន Century 21 មាន​វត្តមាន​ក្នុង​ប្រទេស​ចំនួន ៨១ លើ​ពិភពលោក និង​មាន​ភ្នាក់ងារ​ប្រហែល ១០០ ០០០ ​នាក់​។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ឲ្យ​ដឹងថា ទន្ទឹមនឹង​ភាពមមាញឹក​នៃ​ការទិញ-លក់​ផ្ទះ ការយល់ដឹង​ពី​សារៈសំខាន់​នៃ​ការប្រើប្រាស់​សេវាកម្ម​តាមរយៈ​ក្រុមហ៊ុន ឬ​ភ្នាក់ងារ​ដែលមាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​នៅ​កម្ពុជា​ក៏បាន​កើនឡើង​ផងដែរ​។ លោក​បន្ថែមថា នៅពេល​ដែល​ការទិញ-លក់​ត្រូវបាន​ធ្វើ​ឡើង​តាមផ្លូវ​ច្បាប់​ត្រឹមត្រូវ​នោះ វា​នឹង​ធ្វើឲ្យ​ការគ្រប់គ្រង​កាន់តែ​មាន​ភាពងាយស្រួល​។

លោក​មាន​ប្រសាសន៍​ថា​៖ «​តម្រូវការ​ប្រើប្រាស់​សេវាកម្ម​ដែល​មាន​វិជ្ជាជីវៈ​ពី​សំណាក់​អតិថិជន​បាន​ធ្វើឲ្យ​វិស័យ​អចលនទ្រព្យ​កម្ពុជា​មាន​ដំណើរការ​ទៅមុខ​កាន់តែ​ល្អ​»​។

បើតាម​លោក សុខនីម តម្រូវការ​ប្រើប្រាស់​សេវាកម្ម​របស់​អ្នកជំនាញ​បាន​ធ្វើឲ្យ​ក្រុមហ៊ុន​ដែល​ជា​សមាជិក​របស់​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​កើន​ដល់ ១២០ ​ក្រុមហ៊ុន ខណៈ​កាលពី​ឆ្នាំ​មុន​មាន​ប្រមាណ ១០០ ​ក្រុមហ៊ុន​តែប៉ុណ្ណោះ​»​។

លោក ច្រឹក សុខនីម បាន​ប៉ាន់ប្រមាណ​ថា បច្ចុប្បន្ន​នៅ​កម្ពុជា​អាច​មាន​ភ្នាក់ងារ​អចលនទ្រព្យ​ប្រមាណ ៣០០០ ​នាក់​៕ LA