ភ្នំពេញៈ អ្នក​នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការរៀបចំ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ក្នុង​វិស័យ​អចលនទ្រព្យ​នឹង​ជំរុញ​ឲ្យ​វិស័យ​មួយ​នេះ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​។

ការលើក​ឡើង​នេះ​ធ្វើ​ឡើង​ក្នុង​កម្មវិធី «​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា ២០១៨» ដែល​បាន​ធ្វើ​ឡើង​ជា​លើក​ដំបូង​កាលពី​សប្តាហ៍​មុន​ដោយ​មាន​ក្រុមហ៊ុន និង​ភ្នាក់ងារ​អចលនទ្រព្យ​ចំនួន​ ១០ ទទួល​បាន​ពានរង្វាន់​ឆ្នើម​ក្នុង​វិស័យ​នេះ​នៅ​កម្ពុជា​។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia លោកស្រី អាន សុធីតា ដែល​ទទួល​បាន​ពាន​រង្វាន់​អចលនទ្រព្យ​ឆ្នើម​ចំនួន​ ៣ ប្រចាំ​ឆ្នាំ​ ២០១៨ បាន​ប្រាប់​ឲ្យ​ដឹង​ថា ការបង្កើត​ឲ្យ​មាន «​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា ២០១៨» នេះ​នឹង​ជួយ​ឲ្យ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​រឹងមាំ និង​ទូលំទូលាយ​។

លោកស្រី​បន្ត​ថា «​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា ២០១៨» នេះ​នឹង​ជួយ​ធ្វើឲ្យ​អ្នក​ប្រើប្រាស់​សេវាកម្ម​ (​អតិថិជន​) ​មាន​ទំនុកចិត្ត​កាន់តែ​ខ្លាំង​លើ​ក្រុមហ៊ុន ឬ​ភ្នាក់ងារ​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ មុន​ពេល​សម្រេច​ចិត្ត​ជ្រើសរើស​យក​ក្រុមហ៊ុន ឬ​បុគ្គល​ណា​មួយ​ឲ្យ​ជួយ​ដល់​ខ្លួន​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ»។

លោកស្រី​ថ្លែង​ថា​៖ « ខ្ញុំ​គិត​ថា​តាមរយៈ​ពាន​រង្វាន់​នេះ​នឹង​ធ្វើឲ្យ​វិស័យ​អចលនទ្រព្យ​កម្ពុជា​កាន់តែ​មាន​ភាព​រឹងមាំ និង​ការទទួល​ស្គាល់​កាន់តែ​ច្រើន​លើ​ពិភពលោក​»​។

ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ ២០១៨ ត្រូវ​បាន​រៀបចំ​ឡើង​ជា​លើក​ដំបូង​កាលពី​ចុង​សប្តាហ៍​មុន​ដោយ​គេហទំព័រ Realestate.com.kh សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​។

CBRE Cambodia ជា​ក្រុមហ៊ុន​ដែល​ទទួល​បាន​ពានរង្វាន់​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ពានរង្វាន់​ទាំង​ ១០ ដែល​រួមមាន​ពានរង្វាន់​ការគ្រប់គ្រង​អចលនទ្រព្យ​ឆ្នើម​ប្រចាំ​ឆ្នាំ​ ភ្នាក់ងារ​អចលនទ្រព្យ​អាជីវកម្ម​ឆ្នើម​ប្រចាំ​ឆ្នាំ និង ពាន​រង្វាន់​ក្រុម​ភ្នាក់ងារ​ឆ្នើម​ប្រចាំ​ឆ្នាំ​លោកស្រី សុធីតា បាន​អះអាង​ថា​៖ «​វា​មិនមែន​ជា​រឿង​ងាយស្រួល​ទេ​ក្នុង​ការទទួល​បាន​ពានរង្វាន់​នេះ​។ ការទទួល​បាន​ពានរង្វាន់​នេះ​អាច​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការខិតខំ​របស់​ក្រុមការងារ​ក្នុង​ការ​ថែរក្សា និង​គ្រប់គ្រង​អគារ​ប្រកប​ដោយ​គុណភាព​ជាមួយ​បទពិសោធ​លើ​ការងារ​នេះ​ចំនួន​ ១០ ​ឆ្នាំ​កន្លង​មក​»​។

លោក សុក ស៊ីផាន់ណា ប្រធាន​គណៈកម្មការ​ដាក់​ពិន្ទុ​បាន​និយាយ​ថា​នេះ​ជា​កម្មវិធី​មួយ​ដ៏ល្អ ហើយ​ការផ្តល់​ជយលាភី​ក៏​ត្រូវ​បាន​ធ្វើឲ្យ​យុត្តិធម៌​ផង​ដែរ​។ លោក​អះអាង​ថា​៖ «​អ្នក​ឈ្នះ​រង្វាន់​ពិតជា​ស័ក្តិសម សម្រាប់​ធ្វើ​ជា​ឧត្តមភាព និង​ជា​គំរូ​ដល់​អ្នក​ដទៃ​»​។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ប្រាប់​ថា​កម្មវិធី​នេះ​ពិត​ជា​មាន​សារៈសំខាន់​ក្នុង​ការលើក​មុខមាត់ និង​ធ្វើឲ្យ​គេ​ទទួល​ស្គាល់​ពី​ភាពរីកចម្រើន​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។

លោក​ថា​៖ «​យើង​ត្រូវ​មាន​ព្រឹត្តិការណ៍​នេះ​បន្ថែម​ទៀត​នៅពេល​អនាគត ដើម្បី​ផ្តល់​តម្លៃ​និង​លើក​ទឹកចិត្ត​ដល់​បុគ្គល​ឆ្នើមៗ​នៅ​ក្នុង​វិស័យ​អចលនវត្ថុ​នៅ​កម្ពុជា​»​។

លោក Thomas O''Sullivan នាយក​ប្រតិបត្តិ​របស់​គេហទំព័រ Realestate.com. បាន​លើក​ឡើង​ថា វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ វា​ជា​ការ​ចាំបាច់​ដែល​កម្ពុជា ត្រូវ​តែ​រៀបចំ​កម្មវិធី​នេះ ដើម្បី​បញ្ជាក់​កាន់តែ​ច្បាស់​ពី​ភាព​ឈានមុខ​របស់​ក្រុមហ៊ុន និង​បុគ្គល​ឆ្នើម​ក្នុង​វិស័យ​អចលនទ្រព្យ​។

លោក​និយាយ​ថា​៖ «​កិច្ចការ​នេះ​នឹង​រួមចំណែក​ធ្វើឲ្យ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ធ្វើ​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ភាព​ប្រកួត​ប្រជែង​គ្នា​កាន់តែ​ប្រសើរ​»៕LA